បារាំងនិងអាល្លឺម៉ង់ប្រតិកម្មតបនឹងមេចារកិច្ចអាមេរិក
នៅថ្ងៃអង្គារ នាយកទីភ្នាក់ងារសន្តិសុខជាតិអាមេរិក NSA លោក Keith Alexander បានអះអាងប្រាប់សភាអាមេរិកថា ព័ត៌មានចុះផ្សាយដោយសារព័ត៌មាននានានៅអឺរ៉ុប ដែលចោទថាអាមេរិកលួចស៊ើប ការណ៍ពលរដ្ឋអឺរ៉ុបក្នុងទ្រង់ទ្រាយ ធំនោះ ជាព័ត៌មានមិនពិត។ នៅថ្ងៃពុធម្សិលមិញ បារាំងតបទៅវិញភ្លាមថា ការអះអាងបែបនេះ មិនអាចយកជាការបានសោះឡើយ។ រីឯអាល្លឺម៉ង់វិញ បានបដិសេធថា ខ្លួនមិនបានលួចស៊ើបការណ៍អាមេរិក ដូចដែលអាមេរិកបានចោទនោះទេ។
គួររំលឹក ថា កាលពីថ្ងៃអង្គារ គណៈកម្មការទទួលបន្ទុកផ្នែកចារកិច្ចរដ្ឋសភាអាមេរិក បានសួរដេញដោល លោក James Clapper ជានាយកផ្នែកចារកិច្ចគ្រប់គ្រងទីភ្នាក់ងារចារកិច្ចទាំង១៦របស់ អាមេរិក ព្រមទាំងនាយកទីភ្នាក់ងារសន្តិសុខជាតិអាមេរិក NSA គឺលោក Keith Alexander ទាក់ទងនឹងព័ត៌មានដែលចោទអាមេរិកថាលួចស្តាប់ការសន្ទនា តាមទូរសព្ទ រឺក៏លួចអានឯកសារផ្ទាល់ខ្លួន របស់ពលរដ្ឋអឺរ៉ុប ក្នុងទ្រង់ទ្រាយធំ។
លោក James Clapper បានប្រាប់ថា រឿងស៊ើបការណ៍នេះជាសកម្មភាពធម្មតា ហើយប្រទេសសម្ព័ន្ធមិត្តរបស់អាមេរិកក៏បានលួចធ្វើសកម្មភាពស៊ើបការណ៍ អាមេរិកដូចគ្នាដែរ។ រីឯ លោក Keith Alexander នាយកទីភ្នាក់ងារសន្តិសុខជាតិអាមេរិកវិញ បានលើកឡើងថា ខ្លឹមសារព័ត៌មានចុះផ្សាយដោយសារព័ត៌ មានអឺរ៉ុបទាំងនោះ គឺខុសទាំងស្រុង។ យោងតាមលោកអាឡិចសិនដឺរ ព័ត៌មានដែលថាអាមេរិកបានលួចស៊ើបការណ៍នោះ វាជាព័ត៌មានដែលប្រទេសសម្ព័ន្ធមិត្តបានប្រមែរប្រមូលដើម្បីការពារ ប្រទេសជាតិខ្លួន និងគាំទ្រសកម្មភាពយោធារបស់ពួកគេនៅអង្គការអូតង់ប៉ុណ្ណោះ។
បារាំងនិងអាល្លឺម៉ង់មិនបានបង្អង់និងការលើកឡើងរបស់មេដឹកនាំ ទីភ្នាក់ងារចារកិច្ចអាមេរិកនោះទេ។ បារាំងបានប្រតិកម្មតបតទៅវិញថា ការលើកឡើងបែបនេះយកជាការមិនបានសោះឡើយ។ លោកស្រី ណាចាដ វ៉ាឡូបេលកាសេម អ្នកនាំពាក្យរដ្ឋាភិបាលបារាំង បានលើកឡើងថា គឺដោយសារតែមានការស្តីបន្ទោសលើទីភ្នាក់ងារសន្តិសុខជាតិអាមេរិក នេះហើយ ទើបក្រុមប្រឹក្សាអឺរ៉ុបក្រុងព្រុចសែល បានគាំទ្រអោយបារាំងនិងអាល្លឺម៉ង់ផ្តួចផ្តើមទាមទារអោយមានការបំភ្លឺ រឿងនេះ។
រីឯលោក ហ្កេហាដ ឈីនឡឺ Gerhard Schindler អ្នកទទួលខុសត្រូវទីភ្នាក់ងារចារកិច្ចអាល្លឺម៉ង់វិញ បានប្រតិកម្មតបដែរថា អាល្លឺម៉ង់មិនបានធ្វើប្រតិបត្តិការស៊ើបការណ៍ណាមួយលើអាមេរិកនោះទេ សូម្បីតែថាបានស៊ើបការពីស្ថានទូតអាល្លឺម៉ង់ នៅក្រុងវ៉ាស៊ីនតោនទៅលើអាមេរិកក៏គ្មានដែរ។
ប្រធានទីភ្នាក់ងារចារកិច្ចអាល្លឺម៉ង់និងប្រធានការិយាល័យទទួលបន្ទុក ការពាររដ្ឋធម្មនុញ្ញទាក់ទងផ្នែកចារ កិច្ចផ្ទៃក្នុងអាល្លឺម៉ង់ នឹងធ្វើដំណើរទៅក្រុងវ៉ាស៊ីនតោន នៅប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីស្វែងរកការបំភ្លឺពីអាមេរិកលើរឿងនេះ៕ដោយ ព្រំ សឿន សូលីណា(RFI)