ពេជ្រ សូលីកា មិនច្បាស់លាស់ពីមូលហេតុនៃការដើរចេញពីសិល្បៈ
ភ្នំពេញ ៖ តារាចម្រៀងវ័យក្មេងប្រចាំផលិតកម្មអឹម នាងពេជ្រ សូលីកា បានធ្វើឱ្យអ្នកគាំទ្ររបស់ខ្លួននៅតែមានមន្ទិលសង្ស័យដដែល បន្ទាប់ពីដើរចេញពីពិភពសិល្បៈពាក់កណ្តាលទីដោយមិនបាន បញ្ជាក់ពីមូលហេតុឱ្យបានច្បាស់លាស់ទេ ។
កន្លងមកគេនៅ ចាំបានថា តារាចម្រៀងមុខស្រស់រូបនេះធ្លាប់អះអាងតាមកញ្ចក់ទូរទស្សន៍នៅ ក្នុងស្រុកមួយថា នាងនឹងផ្អាកសិល្បៈមួយរយៈ ដើម្បីបន្តការសិក្សា។ ប៉ុន្តែមួយរយៈក្រោយពេលដែលនាងបានប្រកាសនេះ ពេជ្រ សូលីកា ត្រូវគេដឹងថា នៅតែលឹបលម្តងម្កាលនៅក្នុងអាជីពសិល្បៈដដែល គ្រាន់តែនាងហាក់មិនសូវចេញមុខឱ្យបានពេញលេញដូចមុនប៉ុណ្ណោះ ។
សកម្មភាពនេះត្រូវគេសង្ស័យថា ពេជ្រ សូលីកា នៅតែស្រឡាញ់សិល្បៈដដែល ហើយការលាឈប់ពីសិល្បៈរបស់នាងដោយសារតែមូលហេតុបន្តការសិក្សា នោះ ទំនងគ្រាន់ជាលេសរបស់នាងប៉ុណ្ណោះ ព្រោះពេលនេះខ្សែជីវិតរបស់នាងកំពុងតែមានភាពត្រចះត្រចង់ ដោយសារតែនាងបានភ្ជាប់និស្ស័យស្នេហ៍ជាមួយបុរសម្នាក់ដែលគេអះ អាងថាជាមន្ត្រីធំ ទើបនាងមិនអាចវិលចូលសិល្បៈវិញបាន ។
ជុំវិញបញ្ហានេះ ពេជ្រ សូលីកា មិនដែលចេញមុខបកស្រាយឱ្យបានច្បាស់លាស់ឡើយ ផ្ទុយទៅវិញក្នុងរយៈពេលចុងក្រោយនេះ គេតែងឧស្សាហ៍ឃើញតារាចម្រៀងរូបនេះបានបង្ហាញសកម្មភាព ផ្សេងៗ ដោយភាគច្រើនគេសង្កេតឃើញនាងផ្ញើសារទៅក្រុមអ្នកគាំទ្រតាមរយៈ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដោយសារតែពេលនេះ នាងបានឃ្លាតឆ្ងាយពីកញ្ចក់ទូរទស្សន៍ ពិបាកក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកគាំទ្រ ទើបនាងសម្រេចចិត្តប្រើវិធីនេះផ្តល់ព័ត៌មានឱ្យអ្នកគាំទ្រ ។
ជាក់ស្តែងកាលពីពេល ថ្មីៗនេះ ពេជ្រ សូលីកា បានធ្វើឱ្យអ្នកគាំទ្ររបស់នាងភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីនាងសរសេរសារមួយឃ្លាខ្លីបង្ហោះនៅក្នុងហ្វេសប៊ុករបស់ នាងថា «លាហើយសិល្បៈ ពិភពគួរឱ្យខ្លាច» ។
តាមរយៈសារមួយ នេះបានបង្ហាញយ៉ាងច្បាស់ថា ការបន្តការសិក្សាមិនមែនជាហេតុនាំឱ្យនាងបញ្ចប់អាជីពសិល្បៈ ឡើយ ផ្ទុយទៅវិញតារាចម្រៀងរូបនេះពិតជាមានបញ្ហាអ្វីមួយផ្សេងទៀត ដែលធ្វើឱ្យនាងសម្រេចចិត្តដើរចេញពីអាជីពសិល្បៈត្រឹមពាក់ កណ្តាលទីយ៉ាងដូច្នេះ ។
ពេជ្រ សូលីកា បានយកវេទិកាហ្វេសប៊ុកដែលជាបណ្តាញសង្គមដ៏ទំនើប និងពេញនិយមនៅក្នុងយុគសម័យនេះ ដើម្បីឆ្លើយតបជាមួយប្រិយមិត្តដែលធ្លាប់គាំទ្របទចម្រៀង របស់នាង។ ពេជ្រ សូលីកា បានផ្ញើសារកាលពីពេល ថ្មីៗ នេះទៀតទៅកាន់អ្នកគាំទ្ររូបនាង ស្តីពីមូលហតុដែលនាងសម្រេចឈប់ពីសិល្បៈ ដោយនាងនៅតែបញ្ជាក់ពីជំហររបស់នាងដដែលថា «មូលហេតុឈប់ពីសិល្បៈ មកពីខ្ញុំបន្តការសិក្សា ព្រោះសិល្បៈមិនអាចនៅគង់វង្សរហូតសម្រាប់ខ្ញុំទេ នេះហើយជាការសម្រេចចិត្តរបស់ខ្ញុំ» ។
តាមរយៈសារមួយនេះ រឹតតែធ្វើឱ្យអ្នកគាំទ្ររបស់ សូលីកា កាន់តែឆ្ងល់ខ្លាំងឡើង ព្រោះម្តងនាងថា ឈប់ពីសិល្បៈដោយសារវាជាពិភពគួរឱ្យខ្លាច ហើយម្តងនាងថា មូលហេតុដោយសារជាប់បន្តការសិក្សា ។ ដូច្នេះហើយ គេសន្និដ្ឋានថា ពេជ្រ សូលីកា នៅតែមិនមានភាពច្បាស់លាស់ពីមូលហេតុដើរចេញពីពិភពសិល្បៈ ទេ ៕ ស.រ/Cambodia News