របៀបប្រើប្រាស់សំឡីអនាម័យ
សុខភាព៖ នៅថ្ងៃមករដូវ មុនពេលចេញទៅធ្វើការ យើងគួរប្រើសំឡីអនាម័យ និងពេលត្រឡប់មកវិញ យើងគួរផ្លាស់វាចេញ។ មានបងប្អូននារីខ្លះ មិនចូល ចិត្ដប្រើសំឡីអនាម័យនៅពេលយប់ទេ។ នៅពេលយប់ ប្រសិនបើយើងមករដូវច្រើន យើងគួរប្រើវាដែរដើម្បីចៀសវាងការឆ្លងរោគជា យថាហេតុ ហើយជាការអនាម័យផងដែរ។
នៅកន្លែងធ្វើការ យើងគួរដាក់សំឡីទៅតាមខ្លួនផងដែរ ដើម្បីបង្ការ ព្រោះថានៅពេលខ្លះ យើងដាក់សំឡីទើបតែបាន រយៈពេល៣ម៉ោងប៉ុណ្ណោះ ស្រាប់តែឈាមរដូវជោគសំឡី។ ដូចនេះ យើងគួរផ្លាស់សំឡីមួយទៀត ចៀសវាងការហៀរឈាមចេញមក ខាងក្រៅ។
ការប្រើសំឡីមិនមានកំណត់ថាក្នុងមួយថ្ងៃប៉ុន្មានដុំនោះទេ គឺប្រើនៅពេលដែលយើងយល់ថាមានឈាមជោគសំឡី យើង ត្រូវប្ដូរមួយទៀត។ សម្រាប់អ្នកនៅជនបទ ដែលមិនមានថវិកាទិញសំឡីអនាម័យ ស្ដ្រីអាចប្រើកន្សែង ឬក្រណាត់ជំនួសសំឡីបាន។
ប៉ុន្ដែកន្សែង ឬក្រណាត់នោះត្រូវឱ្យមានអនាម័យ បោកគក់ជាមួយសាប៊ូឱ្យស្អាត ហាលឱ្យចំកម្ដៅថ្ងៃ ឬអ៊ុតទៀត រិតតែប្រសើរ ដើម្បី ជាការសម្លាប់មេរោគ។ ស្ដ្រីគួរធ្វើការកត់សម្គាល់ផងដែលថាសំឡីអនាម័យណាដែលប្រើទៅ ធ្វើឱ្យមានកន្ទួលរមាស់ គួរប្ដូរចេញ ហើយ រកទិញសំឡីអនាម័យប្រភេទផ្សេងវិញ។
មានផលរំខានខ្លះៗ ដែលបណ្ដាលមកពីការប្រើប្រាស់សំឡីអនាម័យ និងខោទ្រនាប់។ ស្ដ្រីគួរកុំប្រើខោរឹបពេក មិនគួរប្រើ ខោដែលមានជាតិនីឡុងទេ គប្បីប្រើខោដែលមានជាតិកូតុង ព្រោះវាមិនធ្វើឱ្យហប់ពេក។ សំឡីអនាម័យខ្លះ នៅពេលយើងប្រើនាំឱ្យ មានកន្ទួលរមាស់នៅលើស្បែក ដែលបណ្ដាលមកពីការមានប្រតិកម្មរវាងសារធាតុគីមី ដែលលាយក្នុងបន្ទះសំឡីអនាម័យ។ ការប្រើ ខោក្រាស់ ខោរឹបតឹងពេក ឬសើមក៏នាំឱ្យមានកើតបញ្ហាកនួ្ទលរមាស់នេះដែរ។
ការប្ដូរសំឡីរវាង៤ម៉ោងម្ដងជាការប្រសើរ ព្រោះវាមិនធ្វើឱ្យមានក្លិន។ ស្ដ្រីនៅតាមជនបទ គួរចៀសវាងកុំចុះទឹកត្រញំង ទឹកទន្លេជាដើម គួរដងទឹកមកងូតវិញជាការប្រសើរជាង ដើម្បីការពារកុំឱ្យមានការឆ្លងមេរោគ។ នៅពេលមករដូវ ស្ដ្រីគួរសម្អាតខ្លួន ប្រាណឱ្យបានស្អាតបាតផង ចៀសវាងការមានក្លិនមិនល្អ។ ហើយគួរទទួលទានអាហារឱ្យបានគ្រប់គ្រាន់ ដើម្បីកុំឱ្យមានភាពស្លេកស្លាំង ៕ វត្តី/Cambodia News