ការតវ៉ារបស់ក្រុមអ្នកគាំទ្រគណបក្សប្រឆាំង កំពុងផ្ដើម នៅលើផ្លូវត្រូវ
ភ្នំពេញ៖ ក្រុមអ្នកគាំទ្រគណបក្សប្រឆាំង រាប់ម៉ឺននាក់ កាលពីថ្ងៃទី ២៣ តុលា ម្សិលមិញ បានធ្វើការតវ៉ា នៅលើទីលាន ប្រជាធិបតេយ្យ ប្រយោជន៏ ដើម្បីប្រឆាំងការបោះឆ្នោត និងទាមទារឲ្យរដ្ឋាភិបាល គោរពអ្វីដែលមានចែង នៅក្នុងកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស កាលពីថ្ងៃទី ២៣ តុលា ឆ្នាំ ១៩៩១ ។
បាតុកម្ម ដែលមានទ្រង់ទ្រាយធំបែបនេះ កន្លងមកតែងតែបានធ្វើឲ្យរដ្ឋាភិបាល ក្រពុលមុខ អំពីបញ្ហា សន្តិសុខ សណ្ដាប់ធ្នាប់ ។ ពេលខ្លះ បាតុកម្ម បានឈានរហូត ដល់ ស្លាប់ របួស ឬក៏មានការបំផ្លាញទ្រព្យសម្បត្តិ ទាំងទ្រព្យសម្បត្តិរបស់រដ្ឋ ក៏ដូចជាឯកជនជាដើម ទាំងអាជ្ញាធរ និងអ្នកផ្ដួចផ្ដើមបាតុកម្ម តែងតែឆ្លើយដាក់គ្នាទៅវិញ ទៅមក ដោយគ្មានការទទួលខុសត្រូវឡើយ ។
ទាំងនេះ បានក្លាយជាហេតុផល ធ្វើឲ្យអាជ្ញាធរ ពិបាក នឹងសម្រេចចិត្ត នៅពេលដែលមានសំណើសុំធ្វើបាតុកម្មម្ដងៗ ដែលវាបានផ្ទុយទៅនឹងច្បាប់រដ្ឋធម្មនុញ្ញ នៃប្រទេសកម្ពុជា ។ ច្បាប់រដ្ឋធម្មនុញ្ញ ដែលបានចែង ពីការធានាសិទ្ធ នៃការបញ្ចេញមតិ និងប្រមូលផ្ដុំគ្នា របស់ប្រជាពលរដ្ឋ ។
សម្រាប់ បាតុកម្មរយៈពេល៣ថ្ងៃ ពីថ្ងៃទី២៣ តុលា ដល់ថ្ងៃទី២៥ តុលា ឆ្នាំ២០១៣ របស់គណបក្សសង្រ្គោះជាតិនេះ ក្នុងហេតុផលដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ក្រសូងមហាផ្ទែបានដាក់លក្ខណ ឲ្យធ្វើចាប់ផ្ដើមពីម៉ោង ៦ព្រឹក ដល់ម៉ោង ៦ល្ងាចតែប៉ុណ្ណោះ ។
ការប្រតិបត្តិចំពោះលក្ខណនេះ គេឃើញថា នាវេលាម៉ោងប្រមាណ ៦ល្ងាចម្សិលមិញ មេដឹកនាំគណបក្សសង្រ្គោះជាតិ គឺលោក សម រង្ស៊ី បានប្រកាសរំសាយ បាតុកម្ម ដូចការបង្គាប់របស់ក្រសួងមហាផ្ទៃដែរ ដែលនេះគឺជាឥរិយាបទ ដ៏ត្រឹមត្រូវមួយ របស់ក្រុមអ្នកតវ៉ា ដែលនឹងបោះជំហានទៅរកផ្លូវត្រូវ ៕ នាង/Cambodia News