ក្រុមអ្នកកាសែត ជួបគ្រោះថ្នាក់ ចរាចរណ៍ នៅស្រុកមោងឫស្សី ស្លាប់ និង របួស ៧នាក់
បាត់ដំបង ៖ ក្រុមអ្នកកាសែតក្នុងស្រុក ពេលកំពុងធ្វើដំណើរ ឆ្ពោះទៅខេត្ដបាត់ដំបង ស្រាប់តែពេលទៅ ដល់ស្រុកមោងឫស្សី នៅក្នុងឃុំព្រៃស្វាយ បានជួបគ្រោះថ្នាក់ចរាចរណ៍បាន បណ្ដាលឱ្យអ្នកជិះនៅក្នុងរថយន្ដ ស្លាប់ និង របួស ៧នាក់ ក្នុងនោះ សហការីរបស់ សារព័ត៌មានកោះសន្ដិភាព លោក ទី អ៊ុយសុង បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ រីឯម្នាក់ទៀត ជាអ្នកបើកបរ ឈ្មោះ សុខ ពិសិដ្ឋ ក៏បានស្លាប់ ខណៈដែលអ្នកកាសែត ២នាក់ និងមន្រ្តីកាកបាទក្រហម ៣នាក់ផ្សេង ទៀត រង របួសធ្ងន់ និងស្រាល។
-
គ្រោះថ្នាក់ចរាចរណ៍ ដែលបានផ្ដាច់ជីវិតអ្នកយកព័ត៌មាន ឱ្យស្ថាប័ន កោះសន្ដិភាព នឹងបណ្ដាលឱ្យរង របួសអ្នកកាសែត និងមន្រ្តីកាកបាទក្រហមផ្សេងទៀតនោះ បានកើត ឡើង នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០១៣ នេះ វេលាម៉ោងប្រមាណ៣ ខណៈដែលរថយន្ដតួរីស ដែល ពួកគេកំពុងជិះ បានជួបគ្រោះថ្នាក់ចរាចរ ដោយបើករថយន្តទៅបុកគូថរថយន្តក្រុងកាពីតូល។
ជនរងគ្រោះ ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរនេះ រួមមាន៖ ១. ឈ្មោះ ហ៊ុន សារឿន ភេទប្រុស អាយុ ៥៤ឆ្នាំ,២. ម៉េង ម៊ុយឡេង ភេទប្រុស អាយុ ២៣ឆ្នាំ,៣. ឈ្មោះ ទេស សំណាង ភេទប្រុស អាយុ ៣០ឆ្នាំ ជនរងគ្រោះទាំង៣នាក់ ជាមន្រ្តីកាកបាទក្រហម។
ដោយឡែកអ្នកកាសែត២នាក់ទៀត ដែលរងរបួសនោះ ១.ឈ្មោះ ស្រូយ នីកា ភេទប្រុស អាយុ ៣៦ឆ្នាំ ជាអ្នកយកព័ត៌មានឲ្យកាសែតរស្មីកម្ពុជា និងម្នាក់ទៀត ឈ្មោះ ប៊ុន រ៉ា ភេទប្រុស អាយុ ៣២ឆ្នាំ ជាអ្នកយកព័ត៌មានឲ្យស្ថានីយទូរទស្សន៍ហង្សមាស។
ប៉ូលិសចរាចរណ៍ខេត្តបាត់ដំបង បានឲ្យដឹងថា មូលហេតុ ដែលបណ្តាលឲ្យមានគ្រោះថ្នាក់បានឲ្យដឹងថា ឡានកាកបាទក្រហម ដែល ដឹកនាំអ្នកកាសែត បានបើកវ៉ាឡានក្រុង ហើយក៏វាក់អើនឹងឡានមកពីមុខ ក៏បួងចង្កូតមកវិញ បុកគូទឡានក្រុងខាងស្តាំតែម្តង។
លោកឧត្តមសេនីយ៍ត្រី ស ថេត ស្នងការប៉ូលិសខេត្តបាត់ដំបង បានឲ្យដឹងថា អ្នករងរបួស ៥ នាក់ ដែលរបួសធ្ងន់ ៤ នាក់ និងម្នាក់របួសស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ Emergency នៅទីរួមខេត្តបាត់ដំបង។ រីឯសពអ្នកស្លាប់ពីរនាក់នោះ ត្រូវបានបញ្ជូន ទៅកាន់ផ្ទះ នៅភ្នំពេញ៕ Cambodia News