នាំគ្នា ផ្អើលតៗថា ក្មេងអាយុជាង ២ខួប ចេះព្យាបាលជំងឺ
កំពង់ចាម ៖ លោក គឹម ចាន់ ដែលជាអ្នកទទួលឈ្មោះអ្នកជំងឺ បានឲ្យដឹងថា កុមារា អាយុជាង ២ខួប ដែលចេះព្យាបាលជំងឺ ឈ្មោះ គង់ កេង ហៅព្រះអង្គតូច មានអាយុ២ខួប៣ខែ ឪពុកឈ្មោះ សាន គង់ អាយុ២៥ឆ្នាំ និង ម្តាយឈ្មោះ ផាត សឿន បច្ចុប្បន្ន រស់នៅ ភូមិខ្នុរ ឃុំនាងទើត ស្រុកតំបែរ ខេត្តកំពង់ចាម។
លោក គឹម ចាន់ បានរាយរ៉ាប់ឲ្យដឹងថា មុនឈានដល់ព្យាបាល ជំងឺទូទៅ នេះ គឺព្រះអង្គតូច បានព្យាបាលជម្ងឺជីតារបស់ខ្លួន ឈ្មោះ សឹង ផាត ដែលគាត់ធ្លាប់មានអាការៈឈឺ សន្លាក់ ដៃ ជើង ជាយូរមកហើយ ។ ហើយការផ្តើមព្យាបាលនោះ ព្រះអង្គតូចបាននិយាយ ទៅកាន់ជីតា របស់ខ្លួន «ផឹកថ្នាំ អូនទៅ អូនជា អ្នកផឹកឲ្យ ជីតាមើលមុន» ដើម្បីកុំឲ្យជីតារបស់ខ្លួនសង្ស័យថា ក្រែងមានជាតិពុល ពីព្រោះនៅក្នុងទឹកថ្នាំនោះ មានស្លឹករុក្ខជាតិ ដែលមិនស្គាល់ឈ្មោះ ។ ឃើញដូច្នេះ ជីតា ក៏ផឹកតាមព្រះអង្គ តូច ហើយក៏ចាប់ធូរស្បើយ បណ្តើរៗ រហូត បានគ្រាន់បើមែនទែន ។
លោក គឹម ចាន់ បានបន្តថា ក្រោយពី ជីតាព្រះតូចបានជា សះស្បើយ ភាពអស្ចារនេះ ចេះតែល្បីតៗគ្នា ដែលធ្វើឲ្យមនុស្សក្នុងភូមិ និងពីភូមិមួយ ទៅភូមិមួយ បានមករកព្រះអង្គតូច ឲ្យជួយព្យាបាលជំងឺ ឲ្យជាហូរហែរ ជាប្រភេទជំងឺ ទូទៅតែម្តង ហើយការព្យាបាលរបស់ព្រះអង្គតូចគឺតាមរយៈទឹកមន្ត ប្រេងក្រឡា និងថ្នាំខ្មែរផ្សំ ចេញពីដើម រុក្ខជាតិ ចម្រុះ។
លោក គឹម ចាន់បានបញ្ជាក់ទៀតថា អ្នកជំងឺដែលមករកព្រះតូច ជួយព្យាបាល ដំបូងត្រូវរៀបចំ រណ្តាប់ មានដូចជា ទានក្រហម៥ដើម ធូប១ដុំ ខារ៉ាបាវ ១កំប៉ុង បារី១កញ្ចប់ និងថវិកា ៤០០០រៀល ហើយ សរសេរឈ្មោះ អ្នកជំងឺ ដោយមានបញ្ជាក់ប្រភេទជំងឺ និងបញ្ជាក់អាស័យដ្ឋានផងដែរ ហើយត្រូវ យករណ្តាប់ ទាំងនោះដាក់ទៅលើផ្ទះដើម្បី
ឲ្យព្រះសង្ឃចំនួន៣អង្គ និងព្រះអង្គតូច ប្រោសព្រហ្ម មុននឹង យកថ្នាំទៅព្យាបាល ។ ហើយអ្នកជំងឺទាំងអស់ត្រូវទទួល ប័ណ្ណលេខរៀងថ្ងៃនេះ ត្រូវរង់ចាំថ្ងៃស្អែក ទើប ត្រូវបានហៅឈ្មោះ ចូលព្យាបាល និងថ្ងៃខានស្អែកទើបទទួលបានថ្នាំយកទៅព្យាបាល ៕ Cambodia News