សាលារាជធានីភ្នំពេញ ចេញសេចក្ដីជូនដំណឹង
ភ្នំពេញ៖ សាលារាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងជាចំហរមួយថា នៅក្នុងកំឡុងពេលនៃការធ្វើមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥នេះ ផ្លូវមួយចំនួននៅរាជធានីភ្នំពេញនឹងត្រូវកកស្ទះ។
សេចក្តីជូនដំណឹង ចុះថ្ងៃទី២២តុលាបង្ហាញថា ក្នុងរយៈពេល ៣ ថ្ងៃនេះ ចរាចរណ៍ក្នុងរាជធានីភ្នំពេញ នឹងមានការកកស្ទះនៅតាមដងផ្លូវ ដែលបាតុករ ត្រូវធ្វើដំណើរឆ្លងកាត់។ ទី១-ថ្ងៃទី២៣តុលា ចាប់ពីម៉ោង ២ ដល់ម៉ោង ៤កន្លះ ផ្លូវឆ្លងកាត់ មានផ្លូវលេខ ៥១ និងផ្លូវលេខ ៣០២។
ទី២-ថ្ងៃទី២៤តុលា ចាប់ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ១០កន្លះ ផ្លូវឆ្លងកាត់ មានផ្លូវលេខ៦១ ផ្លូវលេខ៤៧ និងផ្លូវលេខ ៧៦។ ទី៣-ថ្ងៃទី២៥តុលា ចាប់ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ១២ ថ្ងៃត្រង់ ផ្លូវឆ្លងកាត់ មានផ្លូវលេខ៥១ ផ្លូវលេខ២៩៤ ផ្លូវសុធារស មហាវិថីព្រះនរោត្តម មហាវិថីម៉ៅសេទុង មហាវិថីព្រះមុនីវង្ស និងផ្លូវក្រមូនស។
ដើម្បីបញ្ជៀសនូវភាពអសកម្ម និងការកកស្ទះនានា សាលារាជធានីភ្នំពេញបានធ្វើការសំណូមពរឲ្យប្រជាពលរដ្ឋទាំងអស់ មេត្តាអត់ធ្មត់តាមអ្វីដែលអាចធ្វើបាន និងកុំធ្វើដំនើរតាមផ្លួវដែលបានប្រកាសជូនដំណឹងនោះ។
ក្នុងសេចក្តីជូនដំណឹងដដែល សាលារាជធានីភ្នំពេញ ក៏បានដាក់បទបញ្ជា ទៅកាន់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបន្តពង្រឹងអនុវត្តភារកិច្ចរបស់ខ្លួន ឲ្យបានហ្មឹងម៉ាត់ សំដៅធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយ ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។
សាលាក្រុង ក៏បានបញ្ជាក់ថា ម្ចាស់លំនៅដ្ឋាន ភោជនីយដ្ឋាន ក្រុមហ៊ុន អាជីវកម្មផ្សេងៗ ស្ថិតនៅអមសងខាងផ្លូវ ដែលបាតុករឆ្លងកាត់ ត្រូវប្រុងប្រយ័ត្ន និងម្ចាស់ការរក្សាទ្រព្យសម្បត្តិផ្ទាល់ខ្លួនឲ្យបានល្អ ចៀសវាងការខាតបង់ ឬការបាត់បង់ ដោយឧបទ្ទវហេតុណាមួយ កើតឡើងជាយថាហេតុ៕ នាង/Cambodia News