លោកស្រីអ៊ុងសានស៊ូជីជំរុញឲ្យអន្តរជាតិដាក់សម្ពាធលើមេដឹកនាំភូមាឲ្យបន្តធ្វើកំណែទម្រង់
កាលពីថ្ងៃ ចន្ទ លោកស្រី អ៊ុង សានស៊ូជី មេដឹកនាំប្រឆាំងភូមា បានអំពាវនាវឲ្យសហភាពអឺរ៉ុប ក៏ដូចជាមេដឹកនាំផ្សេងទៀតនៅលើពិភពលោក ដាក់សម្ពាធលើរដ្ឋាភិបាលភូមា ដើម្បីជំរុញការធ្វើកំណែទម្រង់ឲ្យបានកាន់តែស៊ីជម្រៅ។ លោកស្រីបានទាមទារជាពិសេសឲ្យមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ បច្ចុប្បន្ន ដែលតាក់តែងឡើងដោយមេដឹកនាំយោធាភូមា។
លោកស្រី ប្រមុខដឹកនាំប្រឆាំងភូមា និងជាជ័យលាភីណូបែលសន្តិភាពបានប្រាប់ក្រុមអ្នកកាសែត នៅក្នុងប្រទេសលុចសំបួថា ដើម្បីឲ្យភូមាអាចធ្វើដំណើរទៅដល់ផ្លូវប្រជាធិបតេយ្យពិតប្រាកដមួយបាន ភូមាចាំបាច់ត្រូវតែបន្តធ្វើកំណែទម្រង់ឲ្យបានកាន់តែស៊ីជម្រៅ ថែមទៀត ហើយកំណែទម្រង់ស៊ីជម្រៅ និងពេញលេញមួយនេះអាចធ្វើទៅបាន លុះត្រាតែមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបច្ចុប្បន្ន ពីព្រោះថា រដ្ឋធម្មនុញ្ញនេះមិនស្របនឹងគោលការណ៍ប្រជាធិបតេយ្យ។
គួរបញ្ជាក់ថា រដ្ឋធម្មនុញ្ញបច្ចុប្បន្នរបស់ភូមាត្រូវបានតាក់តែងឡើង ដោយរបបសឹក ហើយជាឧបសគ្គដ៏ធំមួយ ដែលរារាំងលោកស្រីអ៊ុង សានស៊ូជី មិនឲ្យឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតី ដោយសារតែលោកស្រីមានស្វាមី និងកូន ដែលមានសញ្ជាតិបរទេស គឺសញ្ជាតិអង់គ្លេស។ ម្យ៉ាងទៀត រដ្ឋធម្មនុញ្ញនេះក៏មានចែងផងដែរថា ប្រមុខរដ្ឋភូមាចាំបាច់ត្រូវតែជាអ្នកដែលមានបទពិសោធន៍ខាងយោធា។
លោកស្រីអ៊ុង សានស៊ូជី បានអំពាវនាវឲ្យសហភាពអឺរ៉ុបបង្ហាញនូវជំហររបស់ខ្លួនឲ្យបាន ច្បាស់ អំពីភាពចាំបាច់ក្នុងការកែប្រែរដ្ឋធម្មនុញ្ញនេះ។ លោកស្រីក៏បានអំពាវនាវរកការគាំទ្រផងដែរពីសំណាក់សហគមន៍អន្តរជាតិ ដើម្បីជំរុញការធ្វើកំណែទម្រង់ទាំងនេះ ដោយលោកស្រីលើកឡើងថា មតិរបស់សហគមន៍អន្តរជាតិអាចមានឥទ្ធិពលខ្លាំងលើរដ្ឋាភិបាលភូមា បច្ចុប្បន្ន ដែលកំពុងស្វះស្វែងចង់បានជំនួយ និងការវិនិយោគ។
គួរបញ្ជាក់ថា លោកស្រីអ៊ុង សានស៊ូជី បានធ្វើការអំពាវនាវអស់ទាំងនេះ នៅក្នុងពេលដែលលោកស្រី កំពុងស្ថិតក្នុងប្រទេសលុចសំបួ ដើម្បីជួបជាមួយនឹងរដ្ឋមន្រ្តីការបរទេស នៃប្រទេសសមាជិកសហភាពអឺរ៉ុប មុនពេលដែលលោកស្រីត្រូវទៅទីក្រុង Strasbourg ប្រទេសបារាំង នៅថ្ងៃអង្គារ ដើម្បីទទួលរង្វាន់ផ្នែកសិទ្ធិមនុស្ស សាខារ៉ូហ្វ (Sakharov) ពីសភាអឺរ៉ុប។ ពានរង្វាន់សាខារ៉ូហ្វ ដែលជារង្វាន់ផ្នែកសិទ្ធិមនស្សរបស់សហភាពអឺរ៉ុប ហើយដែលត្រូវបានគេសម្រេចប្រគល់ឲ្យលោកស្រីអ៊ុង សានស៊ូជី តាំងពី ២៣ឆ្នាំមុន ក្នុងពេលដែលលោកស្រី កំពុងជាប់ឃុំក្នុងប្រទេស ហើយមិនអាចធ្វើដំណើរមកទទួលរង្វាន់នេះបាន៕ដោយ សេង ឌីណា (RFI)