រដ្ឋNew South Wales អូស្ត្រាលី ស្ថិតក្នុងស្ថានភាពប្រកាសអាសន្នដោយសារអគ្គិភ័យ
អូស្ត្រាលី បានរងការវាយប្រហារដោយ អគ្គិភ័យ តាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនមកម្ល៉េះ។ ភ្លើងបានបន្តឆេះរាលដាលព្រៃគុម្ពោត នៅរដ្ឋ New South Wales នៅភាគអាគ្នេយ៍ ក្នុងតំបន់ Sydney ធ្វើអោយអាជ្ញាធរ ប្រកាសដាក់រដ្ឋនេះ ក្នុងស្ថានភាពអាសន្ន។ រហូតមកដល់ពេលនេះ អគ្គិភ័យបានត្របាក់ផ្ទះអស់ជាង២០០ខ្នងហើយ។ ក្រុមពន្លត់អគ្គិភ័យ បារម្ភថា ការឡើងកំដៅសីតុណ្ហភាពនៅថ្ងៃអង្គារ និងថ្ងៃពុធនេះ អាចធ្វើអោយស្ថានភាពកាន់តែពិបាកគ្រប់គ្រង ថែមទៀត។
នៅរដ្ឋ New South Wales នៅភាគអាគ្នេយ៍ ប្រទេសអូស្ត្រាលី ភ្លើងដែលបានឆេះព្រៃគុម្ពោតជាច្រើនកន្លែង តាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនមក ត្រូវបានពន្លត់រួចហើយ។ ប៉ុន្តែ នៅថ្ងៃចន្ទម្សិលមិញនេះ អគ្គិភ័យជាច្រើនទៀតនៅបន្តរាលដាល ហើយអាជ្ញាធរនៅមិនទាន់អាចបង្ក្រាបបាននៅឡើយទេ។
ភ្លើងបានបង្កជាផ្សែងនៅតំបន់ Sydney។ អាជ្ញាធរបានសំណូមពរអោយប្រជាជនស្ថិតនៅតែក្នុងគេហដ្ឋានរបស់ ពួកគេ ប្រសិនបើអាច ហើយចៀសវាងធ្វើលំហាត់កីឡានៅទីវាល។ រដ្ឋ New South Wales នៅភាគអាគ្នេយ៍ គឺជារដ្ឋដែលរងគ្រោះដោយភាពរាំងស្ងួត និងមានកម្រិតសីតុណ្ហភាពខ្ពស់ជាងធម្មតា។
អាទិភាពនៅពេលនេះ គឺថាក្រុមពន្លត់អគ្គិភ័យត្រូវបង្ក្រាបអោយបាននូវជញ្ជាំងភ្លើងទំហំ ៣០០គីឡូម៉ែត្រ ដែលបានរាលដាលនៅភូមិ Lithgow ភាគខាងលិច Sydney។ ក្រុមពន្លត់អគ្គិភ័យបារម្ភថា នៅថ្ងៃអង្គារ និងថ្ងៃពុធនេះ អគ្គិភ័យចំនួនពី២ទៅ៣ អាចនឹងផ្តុំគ្នានៅជួរភ្នំ Blue Mountains បង្កទៅជាអគ្គិភ័យដ៏សម្បើមមួយ ហើយខ្យល់អាចនឹងបក់នាំអគ្គិភ័យដ៏ធំនេះ ទៅកាន់ភាគខាងលិចក្រុងSydney ធ្វើអោយប៉ះពាល់ដល់គេហដ្ឋានដែលមានមនុស្សរស់នៅក្នុងតំបន់នោះ។
អាជ្ញាធរបានអនុញ្ញាតអោយក្រុមពន្លត់អគ្គិភ័យកំទេចរាល់គេហដ្ឋានដែល ឆាបឆេះ ហើយដែលអាចរាលដាលដល់អគារផ្សេងៗទៀត។ ក្រុមពន្លត់ភ័យក៏មានសិទ្ធិជម្លៀសប្រជាជនចេញពីគេហដ្ឋានរបស់ពួកគេ ដោយបង្ខំផងដែរ ក្នុងករណីចាំបាច់។
អាជ្ញាធរអូស្ត្រាលីមានការបារម្ភខ្ពស់ ខ្លាចគ្រោះអគ្គិភ័យព្រៃគុម្ពោធ បង្កទៅជាមហន្តរាយធ្ងន់ធ្ងរ ដូចកាលពីឆ្នាំ២០០៩ដែរ។ កាលណោះ អគ្គិភ័យបែបនេះ បានសម្លាប់មនុស្ស១៧៣នាក់ ក្នុងប្រទេស៕ដោយ ព្រំ សឿន សូលីណា (RFI)