មេប្រឆាំងម្នាក់ នៅរុស្ស៊ី ត្រូវបានតុលាការ ព្យួរទោស ឲ្យនៅក្រៅពន្ធនាគារ
មេប្រឆាំងនេះគឺលោក Alexei Navalny ដែលឈ្មោះគាត់តែងត្រូវមជ្ឈដ្ឋានបស្ចិមលោកផ្តោតការយក ចិត្តទុក ដាក់ជានិច្ច។ ល្ងាចម្សិលមិញ ក្រោយពីត្រូវតុលាការ បញ្ជាក់ ពីទោស៥ឆ្នាំ របស់គាត់ ប៉ុន្តែ ដោយព្យួរទោសឲ្យស្ថិត នៅក្រៅពន្ធនាគារទេតើ គាត់បានថ្លែងថា ការសម្រេចនេះ ច្បាស់ជា អនុម័តទៅតាមការណែនាំពីខាងលោកប្រធានាធិបតីពូទីនផ្ទាល់។ ជាប្រតិកម្ម អ្នកនាំពាក្យប្រមុខរដ្ឋរុស្ស៊ី ថ្លែងថាវិមានក្រេមឡាំង គ្មានចេតនាប្រែបុគ្គលនេះ ទៅជា លោក Nelson Mandela របស់រុស្ស៊ីឡើយ។
លោក Alexei Navalny ដែលអាយុ ៣៧ឆ្នាំ ត្រូវបស្ចិមលោក ស្គាល់ជា មេប្រឆាំង នៅក្រៅប្រព័ន្ធអំណាច ដ្បិតគាត់ តំណាងឲ្យ សម្ព័ន្ធនៃបណ្តាបក្យសេរីនិយម នៅរុស្ស៊ី ដែលគ្មាន អាសនៈអ្វីណា ប្រចាំក្នុងសភាឌូម៉ាឡើយ។ ទន្ទឹមនិង សញ្ញាប័ត្រនៅរុស្ស៊ី គាត់ក៏មាន សញ្ញាប័ត្រ ផ្នែកហិរញ្ញវត្ថុពីសាកលវិទ្យាល័យ Yale នៃស.រ.អា.។
គាត់ល្បីជា Bloger បង្ហោះជារឿយៗ តាមបណ្តាញអ៊ិនធ័រណេត គឺអត្ថបទ កកូរកកាយ ទ្រព្យសម្បត្តិ ពួកមន្ត្រីកំពូលៗនៅរុស្ស៊ី បូកទាំងអ្នកដែលជំនិតៗនឹង លោកប្រធានាធិបតី ពូទីន ទៅផង ថាសម្បត្តិរបស់ពួកគេនោះ គឺបានមកពីការស៊ីសំណូក។ មកពីមូលហេតុនេះ រូបគាត់ បានទទួលរហ័សនាមថា “ មេប្រយុទ្ធនឹងអំពើពុករលួយនៅរុស្ស៊ី “។ មានម្តង គាត់ហ៊ាន បរិហារ អាក្រាត រូបលោកប្រធាននៃ “ស្ថាប័នរដ្ឋរុស្ស៊ីខាងស៊ីបអង្កេត” ហៅកាត់ថាSKR ថាលាក់មិន ប្រកាសឲ្យរដ្ឋដឹង អំពីភូមីគ្រឹះ ដែល មន្ត្រីនេះមាននៅក្នុងប្រទេស Tcheque។ ទោះបីមាន សេចក្តីថ្លែងការណ៍បដិសេធពីខាងអ្នកធំនោះក្តី ក៏ដំណឹងនេះ វាលាន់ឮខ្ចរខ្ចាយទៅហើយ។
មិនយូរប៉ុន្មានក្រោមក “ ស្ថាប័នរដ្ឋរុស្ស៊ីខាងស៊ីបអង្កេត ” SKR ស្រាប់តែរុញច្រានចេញមកនូវការចោទ ប្រកាន់ថា ក្នុងឆ្នាំ២០០៩ពេលលោក Alexei Navalny ធ្វើ់ជាទីប្រឹក្សា របស់ អភិបាល ខេត្ត Kirov នៅចម្ងាយ ប្រមាណ១.០០០គ.ម. ខាងកើតពីរដ្ឋធានីម៉ូស្គូគាត់បានស៊ុំគ្រលំ ជាមួយ មិត្តភ័ក្ត្រ ដែលជាឈ្មួញកណ្តាលខាងជួញឈើព្រៃ ហើយលួចយកឈើព្រៃរបស់ ក្រុមហ៊ុនរដ្ឋ នៃខេត្តនោះ គឺក្រុមហ៊ុន Kirovless ទៅលក់ នាំឲ្យថវិការដ្ឋបាត់បង់ទឹកប្រាក់អស់ ១៦លានរូប្ល ឫ ស្មើនឹង ៥សែនដុល្លារអាមេរិក។
ទោះបីគាត់ថ្លែងបដិសេធ ថាសំណុំរឿងព្រហ្មទណ្ឌនេះ កសាងឡើងតាមមូលហេតុនយោបាយ ក្តី ក៏កាលពីថ្ងៃ១៨កក្កដា គាត់ត្រូវបានតុលាការខេត្តនោះ កាត់ទោសឲ្យជាប់គុកដល់៥ឆ្នាំ ប៉ុន្តែ ដោយមានការតវ៉ា ពីខាងមហាអយ្យកា ដែលមេស្ថាប័ននេះ ជាសត្រូវ នឹងមេស្ថាប័នស៊ើបអង្កេត តុលាការ ក៏បានទុករូបគាត់ឲ្យនៅក្រៅឃុំ ទាំងរង់ចាំលទ្ធលនៃការប្តឹងឧទ្ធរណ៏។ ហើយល្ងាច ម្សិលមិញ សាលាឧទ្ធរណ៍ បានរក្សាទុកដដែល ទោស៥ឆ្នាំរបស់គាត់ ប៉ុន្តែដោយព្យួរទោស ទេតើ។ លោក Navalny បានថ្លែងទៅហើយថា គាត់នឹងប្តឹងឧទ្ធរណ៍ជាថ្មី ពុំនោះសោតទេ ក្នុងឋានៈជាទណ្ឌិត ទោះនៅក្រៅឃុំក្តី គាត់មិនអាចចូលប្រឡូកក្នុងការបោះឆ្នោតឡើយ៕ ដោយ កែវ ឆាយា (RFI)