គណបក្សប្រឆាំងប្រកាសធ្វើបាតុកម្ម រយៈពេល ៣ថ្ងៃ
ភ្នំពេញ៖ គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំនៅក្នុងប្រទេស កម្ពុជា បានប្រាកាសពីការធ្វើបាតុកម្ម រយៈពេល៣ថ្ងៃ ដោយផ្ដើមពីថ្ងៃទី២៣ ,២៤ និង២៥ ខែតុលា ឆ្នាំ ២០១៣ នេះ ។
នៅក្នុងលិខិតចុះថ្ងៃទី១៦តុលា ម្សិលមិញ ផ្ញើទៅកាន់អភិបាលក្រុងភ្នំពេញ គណបក្សនេះ បានលើកឡើងថា “ គណបក្សសង្គ្រោះជាតិ នឹងរៀបចំបាតុកម្ម អហិង្សា ដើម្បីស្វែងរកការពិត និងយុត្តិធម៌ជូនប្រជាពលរដ្ឋ ពាក់ព័ន្ធ នឹងភាពមិនប្រក្រតី នៃការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ និងទាមទារឲ្យរដ្ឋាភិបាល គោរព និងអនុវត្តន៏ ឲ្យបានពេញលេញតាមកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ថ្ងៃទី២៣ តុលា ឆ្នាំ ១៩៩១ ព្រមទាំងការធានា ឲ្យមានការគោរពសិទ្ធិមនុស្ស និងអនុវត្តន៏ឲ្យបានត្រឹមត្រូវ តាមគោលការណ៏ប្រជាធិបតេយ្យសេរី ពហុបក្ស ។
បើតាមលិខិតនោះឲ្យដឹងថា បាតុកម្មអហិង្សា ដែលដឹកនាំ ដោយ ប្រធាន និងអនុប្រធានគណបក្ស ធ្វើនៅលើទីលានប្រជាធិបតេយ្យ នេះ នឹងមានអ្នកចូលរួមរាប់ម៉ឺននាក់ ។ លិខិបានបញ្ជាក់ថា នៅពេលនោះ ក៏មានការសម្ដែងមតិ សម្ដែងសិល្បះ និងការប្រគុំតន្ត្រី ។
តាមគម្រោង ក៏នឹងមានការដង្ហែក្បួន យកញត្តិទៅប្រគល់ឲ្យអង្គការសហប្រជាជាតិ តាមរយៈឧត្តមស្នងការអង្គការសហប្រជាជាតិ និងបណ្ដាទូតមួយចំនួន ប្រចាំក្រុងភ្នំពេញ ដូចជា៖ ស្ថានទូតបារាំង ជប៉ុន អាមេរិក ចិន ឥណ្ឌូណេស៊ី អង់គ្លេស និងអូស្ត្រាលី ផងដែរ ៕ Cambodia News