អ៊ីរ៉ង់លើកសំណើដោះស្រាយវិបត្តិនុយក្លេអ៊ែរ ដោយប្រើពេលតិចជាងមួយឆ្នាំ
កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ បានវិលមកកាន់តុចរចា ជាថ្មី នៅព្រឹកថ្ងៃអង្គារទី១៥តុលានេះ នៅទីក្រុងហ្សឺណែវប្រទេសស្វីស។ រយៈពេលពីរថ្ងៃ ភាគីអ៊ីរ៉ង់ និងមហាអំណាច (៥+១) អាមេរិក ចិន រុស្ស៊ី បារាំង អង់គ្លេស និងអាល្លឺម៉ង់ នឹងធ្វើការរួមគ្នា ក្នុងការិយាល័យរបស់អង្គការសហប្រជាជាតិ។ អ៊ីរ៉ង់ជាអ្នកចាប់ផ្តើម ដោយបានបង្ហាញគម្រោងផែនទីចង្អុលផ្លូវ ដោះស្រាយ វិបត្តិនុយក្លេអ៊ែរដ៏ចម្រូងចម្រាស ដែលប្រើពេលតិចជាងមួយឆ្នាំ។ អ៊ីរ៉ង់មានប្រធានាធិបតីថ្មី គ្រប់គ្នាចង់មានសុទិដ្ឋនិយមលើការចរចាលើកនេះ។
តំណាង ប្រតិភូអ៊ីរ៉ង់ បានបើកឆាក ជំនួបប្រជុំ ដោយធ្វើបទបង្ហាញ រយៈពេលជិតមួយម៉ោង នូវចំណុចគោលៗនៃផែនការដោះស្រាយកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់។ នេះបើតាមអ្នកនាំពាក្យរបស់លោកស្រី កាទ្រីន អាស្តុន ប្រមុខការទូតសហភាពអឺរ៉ុប ។ ខ្លឹមសារលម្អិត នៃសំណើអ៊ីរ៉ង់ មិនត្រូវបានបកស្រាយនៅពេលនេះទេ។ ប៉ុន្តែប្រភពអ៊ីរ៉ង់ដ៏កម្រមួយ បានបង្ហើបឱ្យដឹងថាកម្មវត្ថុរបស់អ៊ីរ៉ង់ គឺធ្វើយ៉ាងណា កិច្ចព្រមព្រៀងមួយអាចសម្រេចបាន ក្នុងរយៈពេលតិចជាងមួយឆ្នាំ។ ដំណាក់កាលទីមួយ នឹងលេចជារូបរាងនៅរវាងមួយឬពីរខែទៀតយ៉ាងយូរ។
អ្វីជាការកត់សម្គាល់ ជំនួបនេះ មានការចូលរួមយ៉ាងសកម្មពីសហរដ្ឋអាមេរិក មានទាំងថ្នាក់ដឹកនាំការបរទេសផង អ្នកទទួលខុសត្រូវដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើអ៊ីរ៉ង់។ ឯចំណែក បទបង្ហាញយ៉ាងសង្ខេបរបស់អ៊ីរ៉ង់ ត្រូវបានធ្វើឡើងជាភាសាអង់គ្លេស និងក្នុង បរិយាកាសខុសប្លែកពីមុន។ ប៉ុន្តែសម្រាប់សហភាពអឺរ៉ុប ដែលជាអធិបតីនៃជំនួបនេះ អ្វីៗស្ថិតក្នុងដៃរបស់អ៊ីរ៉ង់ហើយ។ ការពិភាក្សាលម្អិត ត្រូវបន្តធ្វើក្នុងកិច្ចប្រជុំរយៈពេលពីរថ្ងៃនៅក្រុងហ្សឺណែវនេះ។
បន្ទាប់ពីជាប់គាំងអស់ជាច្រើនខែ ជំនួបចរចាថ្នាក់រដ្ឋមន្ត្រី- អនុរដ្ឋមន្ត្រីការបរទេស និងប្រធានការិយាល័យនយោបាយថ្ងៃនេះ អាចចាត់ទុកជាក្តីសង្ឃឹមថ្មី និង ជាឱកាសថ្មីសម្រាប់អ៊ីរ៉ង់បង្ហាញទំនុកចិត្តដល់សហគមអន្តរជាតិ។
តាំងពីបានក្លាយជាប្រធានាធិបតីអ៊ីរ៉ង់ កាលពីខែមិថុនាមក លោក ហាសាន់ រ៉ូហានី បានថ្លែងនិងបង្ហាញកាយវិការជាអ្នកសម្របសម្រួល មិនតឹងតែងខ្លាំងដូចសម័យលោកមាម៉ូតអាមាឌីនិនចាត និងជាអ្នកបោះដៃទៅរកសហគមន៍អន្តរជាតិមុន។ ប៉ុន្តែដំណើរផ្លូវនៅវែងឆ្ងាយ ហើយមុនការជំនួបក្រុងហ្សឺណែវបន្តិច អ៊ីរ៉ង់បានប្រកាសជាស្រេច ផ្តាច់លក្ខខណ្ឌស្តុកសារធាតុអ៊ុយរ៉ានីញ៉ូមចេញពីការចរចា។ បស្ចឹមលោក និងអ៊ីស្រាអែល តែងសង្ស័យរហូតមក ថាអ៊ីរ៉ង់ប៉ុនប៉ងផលិតគ្រាប់បែកបរមាណូ និងស្នើឱ្យរំសាយកម្មវិធីនុយក្លេអ៊ែរនេះ តាមរយៈការបញ្ឈប់សកម្មភាពចម្រើនធាតុអ៊ុយរ៉ានីញ៉ូម ជាថ្នូរនឹងការលើកទណ្ឌកម្មសេដ្ឋកិច្ច៕ដោយ អៀង សុខម៉ិញ (RFI)