ប្រជាជនខ្មែរជាច្រើនចាប់មានជំងឺឈឺភ្នែកដោយសារប្រើប្រាស់ទឹកមិនស្អាត
ភ្នំពេញ៖ ប្រជាជនខ្មែរជាច្រើនចាប់មានជំងឺឈឺភ្នែក ជាពិសេសភ្នែកឡើងក្រហម និងរកាំ ពិបាកក្នុងការសម្លឹងមើល បន្ទាប់ពីទឹកជំនន់បានគ្រប់ដណ្ដប់តំបន់ដែលគេរស់នៅ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្ដម ម៉ម ប៊ុនហេង ដែលបានចូលរួមក្នុងសិក្ខាសាលាទាក់ទងនឹងបញ្ហាថ្នាំជក់កាលពី ព្រឹកនេះ នៅរាជធានីភ្នំពេញ ថ្លែងថា បញ្ហាជំងឺភ្នែកនេះកើតឡើងដោយសារអ្នកជំងឺបានប្រើប្រាស់ទឹកមិន ស្អាត មានផ្ទុកវីរុសនានា។
ឯកឧត្ដមបញ្ជាក់ថា៖ “ទឹកស្រកទៅជាកកនៅតាមបឹង ស្រះ ឬអណ្ដូងនានា។ ស្អីៗទាំងអស់វាបានចូលទៅ ដូច្នេះទាក់ទិននឹងការបរិភោគទឹក និងចំណីអាហារហ្នឹងឯង។ គោ ក្របី មាន់ ទា ជ្រូក វាទៅផឹកនៅហ្នឹងដែរ”។
ប៉ុន្តែឯកឧត្ដមថា ជាទូទៅជំងឺភ្នែកនេះឆ្លងដោយសារវីរុស ដែលនឹងជាសះស្បើយឡើងវិញក្នុងរយៈពេលមួយអាទិត្យ ឬពីរអាទិត្យ។ “ប៉ុន្តែពេលហ្នឹងអាចនឹងមានផលលំបាកដែរ។ យើងជូត យើងចេះតែប៉ះពាល់វា ហើយឆ្លងពីមួយទៅមួយ។ នៅក្នុងគ្រួសាររបស់យើង យើងប្រើប្រាស់កន្លែងដេកតែមួយ កន្សែងតែមួយ និងប៉ះគ្នាទៅវិញទៅមក ដែលធ្វើឲ្យឆ្លង”។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលឲ្យដឹងថា អ្នកជំងឺត្រូវឧស្សាហ៍លាងដៃរបស់ខ្លួនមុននឹងចាប់កាន់សម្ភារៈ ផ្សេងៗ។ អ្នកជំងឺមិនត្រូវប៉ះពាល់សមាជិកគ្រួសារដទៃទៀតផ្ទាល់ទេ។ ទន្ទឹមនឹងនោះ គេត្រូវលាងសម្អាតពាង ឬអណ្ដូងរបស់គេឲ្យបានស្អាត។ ទឹកដែលយកពីបឹង ស្រះ ឬទន្លេមកប្រើប្រាស់ ត្រូវចម្អិនឲ្យឆ្អិនសិន។
ប៉ុន្តែសម្រាប់អ្នកដែលមានបញ្ហាជំងឺភ្នែកនេះធ្ងន់ធ្ងរ ឯកឧត្ដមថ្លែងថា គេគួរឆាប់ទៅរកពេទ្យពិគ្រោះឲ្យបានទាន់ពេលវេលា៕ Cambodia News