មូលហេតុដែលបណ្ដាលឱ្យចុកទ្រូង
សុខភាព៖ ចុកទ្រូងគឺជាការឈឺចាប់នៅនឹងកណ្ដាលដើមទ្រូងខាងក្រោយឆ្អឹងសន្ទះ ទ្រូង ហើយការឈឺចាប់នេះអាចរាលដាលទៅកន្លែងផ្សេងៗទៀត ដូចជាស្មា ក ថ្គាម និងដៃជាដើម ដែលមានរយៈពេលមិនលើសពី១០នាទី។
ចំពោះការឈឺចាប់នេះបណ្ដាលមកពី លោកអ្នកធ្វើចលនា ធ្វើការងារធ្ងន់ៗ ឬមួយក៏មានការភ័យខ្លាច ឬក៏រំភើបខ្លាំងពេកជាដើម។ ប៉ុន្ដែការឈឺចុកចាប់នេះនឹងបាត់ទៅវិញ នៅពេលដែលលោកអ្នកសម្រាកនៅស្ងៀមមួយកន្លែង ឈប់ធ្វើការងារ ឬក៏ទទួលទានថ្នាំពង្រីកសរសៃឈាមជាដើម។
មូលហេតុចម្បងដែលធំជាងគេគឺបណ្ដាលមកពីការជ្រាបចូលនៃជាតិខ្លាញ់ នៅក្នុងស្រទាប់សរសៃឈាមបេះដូង ដែលជាហេតុធ្វើឱ្យសរសៃឈាមបេះដូងរួមមាឌតូច ជាហេតុធ្វើឱ្យបេះដូងមិនអាចទទួលឈាមបានគ្រប់គ្រាន់ ហើយបង្កឱ្យកើតមានការឈឺចុកចាប់ទ្រូងតែម្ដង។
ចំពោះកត្ដាមួយចំនួនដែលជំរុញឱ្យលោកអ្នកមានជម្ងឺចុកទ្រូងនោះគឺ អ្នកដែលកើតមានជម្ងឺទឹកនោមផ្អែម ជម្ងឺលើសឈាម ឬក៏អាចបណ្ដាលមកពីអ្នកដែលធាត់លើសទម្ងន់ តំណពូជ កត្ដាដែលមានអាយុច្រើន មនុស្សប្រុសចាប់ពី៦៥ មនុស្សស្រីចាប់ពី៥៥ឡើងទៅ ទាំងនេះក៏ជាហេតុធ្វើឱ្យលោកអ្នកចុកទ្រូងដែរ។
បើសិនជាលោកអ្នកមានជម្ងឺចុកទ្រូង លោកអ្នកគួរតែទៅពិភាក្សាជាមួយគ្រូពេទ្យ។ ការព្យាបាលភាគច្រើនគឺគ្រូពេទ្យ តែងតែឱ្យអ្នកជម្ងឺទទួលទានថ្នាំ ហើយករណីខ្លះត្រូវព្យាបាលដោយការពង្រីកសរសៃឈាម ដើម្បីបើកផ្លូវឱ្យឈាមហូរទៅចិញ្ចឹមបេះដូងបាន។
ចំពោះលោកអ្នកមួយចំនួនដែលមានការឈឺចុកចាប់នៅនឹងដើមទ្រូង មុននឹងសម្រេចចិត្ដប្រើប្រាស់ថ្នាំ លោកអ្នក គួរតែទៅពិភាក្សាជាមួយគ្រូពេទ្យឯកទេសជាមុនសិន ដើម្បីដឹងថាតើលោកអ្នកត្រូវប្រើថ្នាំអ្វីឱ្យសមនឹងសភាពនៃជម្ងឺ៕ វត្តី/Cambodia News