ទប់​ស្កាត់​ការ​ឆ្លង​ថ្មី​នៃ​មេរោគ​អេដស៍​ក្នុង​ចំណោម​កុមារ​

ដោយ វត្តី
នៅ​​ឆ្នាំ ២០១៣ នេះ អង្គការ​​សហប្រជាជាតិ​បាន​ទ​ទូចដល់​​ប្រទេសទាំង​អស់ឲ្យ​បង្កើន​​​​​សេវា​​កាន់​តែ​ច្រើន​ឡើង​និង​មាន​ប្រសិទ្ធភាពជាងមុន ​​ដើម្បី​​ជម្រុញ​​​​ការ​​​កាត់បន្ថយ​ការ​ឆ្លង​មេរោគ​អេដស៍​ពី​ម្តាយ​​ទៅ​កូន ក្នុង​​បំណង​ឈាន​ទៅ​សម្រេច​បាន​​ការមិនមាន​ការ​​ឆ្លង​ថ្មីនៃ​មេរោគអេដស៍​​​​ក្នុង​ចំណោមកុមារ។
ដើម្បី​​សម្រេច​បាន​​​​​​លទ្ធផល​​នេះ​​នា​ឆ្នាំ ២០១៥ បណ្តា​​ប្រទេស​​ជា​​សមាជិក​​នៃ​​សហប្រជាជាតិ ត្រូវ​​បង្កើន​​សេវា​បន្ថែម​​​ដល់​ស្រ្តី​មាន​ផ្ទៃ​ពោះ​ដែល​កំពុង​រស់​នៅ​ជាមួយ​មេរោគអេដស៍ (​ស្រ្តី​មាន​ផ្ទៃពោះ​ផ្ទុក​​មេរោគអេដស៍​) ឲ្យបាន​រហូត​ដល់ ៩០%។            
របាយ​ការណ៍​របស់​អង្គការសហប្រជាជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ (UNAIDS) ចេញ​ផ្សាយ​​នៅ​ឆ្នាំ ២០១៣ នេះ​បាន​​បង្ហាញថា កាល​ផ្តល់​សេវា​ថែទាំ​​សុខភាព សេវា​​ព្យាបាល​ដោយ​ថ្នាំប្រឆាំង​​មេរោគ​អេដស៍ និង​ធ្វើឲ្យ​សុខភាព​បាន​ល្អ​ប្រសើរ​ដល់​​​ស្រ្តីមាន​ផ្ទៃពោះ​ដែល​កំពុង​រស់​នៅ​ជាមួយ​មេរោគអេដស៍​នោះ គឺ​អាចជួយ​​កាត់​បន្ថយ​ការឆ្លងថ្មី​​នៅក្នុង​ចំណោមកុមារ​​បាន​ដល់​ទៅ ៩០%។
របាយ​​​ការណ៍​​បាន​បញ្ជាក់ថា នៅត្រឹម​ខែ​ធ្នូ​​ឆ្នាំ ២០១២ ស្រ្តី​មាន​ផ្ទៃ​ពោះ​ដែល​កំពុង​រស់​នៅ​ជា​មួយ​​​​មេរោគអេដស៍​ជាង ៩០០.០០០ នាក់​នៅ​ក្នុង​ពីភពលោក​​​បាន​​ទទួល​​ការ​​ព្យាបាល​​ដោយ​​ប្រើ​ឱសថ​​ប្រឆាំង​​​​​​​​​មេរោគ​​អេដស៍ ហើយ​​​​​​បង្ការ​​ការ​ឆ្លង​ពី​ម្តាយទៅកូន​បាន​កើន​ឡើង​ដល់​ទៅ ៦៣% នៅឆ្នាំ ២០១២ បើ​​​​​​ប្រៀប​​ធៀប​​​​​ឆ្នាំ ២០១១​ មាន ៥៧%​។
ទោះ​​ជា​​យ៉ាង​នេះក្តី របាយការណ៍​បាន​បង្ហាញថា មាន​តែ​ប្រទេសបួន​ទេគឺ ប្រទេសបូស្វាណា ប្រទេស​​ហ្គាណា និង​​ប្រទេស​ហ្សម​ប៊ៀ​ប៉ុណ្ណោះដែល​បាន​​សម្រេច​ក្នុង​ការ​ផ្តល់​ថ្នាំ​ប្រឆាំងមេរោគអេដស៍​ដល់​ស្រ្តី​មាន​ផ្ទៃ​ពោះ​ដែល​កំពុង​រស់​នៅ​ជា​មួយ​​​​មេរោគអេដស៍​បាន​ដល់​ទៅ ៩០%​។
តាម​​​រយៈ​​នៃ​​ការ​​ពង្រីក​សេវាបង្ការមេរោគអេដស៍​នេះ​​ហើយ ​ទើ​ប​​ការ​ឆ្លង​ដល់កុមារ​បាន​ធ្លាក់​មក​នៅ​ចំនួន ២៦០.០០០ នាក់​ក្នុង​​ឆ្នាំ ២០១២ នៅ​ក្នុង​​ប្រទេស​​ដែល​​មាន​​ប្រាក់​​ចំណូល​ទាប​​និង​មធ្យម គឺ​បាន​​ធ្លាក់​​៣៥% ​បើធៀបនឹង​ឆ្នាំ ២០០៩។
អង្គការសហប្រជាជាតិបាន​ទទូចឲ្យ​ប្រទេស​​ដែល​​មាន​​ប្រាក់​​ចំណូល​ទាប​​និង​មធ្យម​បង្កើន​ការ​យក​​ចិត្ត​​​ទុក​​ដាក់​លើ​វិធីបង្ការមិន​ឲ្យ​មេរោគអេដស៍​ឆ្លងពីម្តាយ​ទៅកូន។ មាន​​ចំណុច​​បួន​​សំខាន់​ក្នុង​លុប​បំបាត់​​ការឆ្លង គឺ​ទីមួយបង្ការមិន​ឲ្យ​ឆ្លង​ដល់​ស្រ្តី​ពេញវ័យ (ស្រ្តី​គ្រប់​អាយុ​​បន្តពូជ) ទីពីរជួយស្រ្តី​ដែល​មាន​ផ្ទុក​​មេរោគ​អេដស៍​មិន​ឲ្យ​មានផ្ទៃពោះ​ដែល​ខ្លួនមិន​ចង់​បាន។
ទីបីគឺ​ស្រ្តីមាន​ផ្ទៃពោះហើ​យមាន​ផ្ទុក​មេរោគ​អេដស៍​ទៀត​ត្រូវ​​ទទួល​​បាន​​ការ​​ប្រឹក្សា​យោបល់ និង​​ការ​​ពិនិត្យឈាម​រក​​មេរោគ​អេដស៍ ហើយ​បើ​រក​ឃើញ​ថាមាន​គឺ​ត្រូវ​ទទួល​បាន​ថ្នាំ​ប្រឆាំងមេរោគអេដស៍​ដើម្បីបង្ការការឆ្លងក្នុង​​អំឡុង​ពេល​ពរ​ពោះ ពេល​ស្រាល និងពេល​​បំបៅដោះ ហើយ​​ទីបួនគឺផ្តល់​ការថែទាំង ការ​ព្យាបាល និង​ការ​គាំទ្រ​ដល់​ស្រ្តី​និង​កុមារ​ផ្ទុក​​មេរោគអេដស៍និង​ក្រុម​គ្រួសារ​របស់គេ។
របាយ​ការណ៍​របស់​ UNAIDS បាន​លើក​ឧទាហរណ៍គំរូរបស់​ប្រទេស ហ្គាណា ដែល​បាន​ធ្វើ​ឲ្យ​មាន​​ការ​​ធ្លាក់ចុះ​នៃ​អត្រា​ការ​ឆ្លង​ពីម្តាយ​ទៅកូនពី៣២% នៅឆ្នាំ ២០០៩ មក​នៅ​ត្រឹម ៩% នៅឆ្នាំ ២០១៣ ខណៈ​ដែល​​បាន​​បង្កើន​ការ​ផ្តល់​សេវា​​ពី៣២% ​នៅ​​ឆ្នាំ ២០០៩ រហូតដល់ទៅ ៩០% នៅឆ្នាំ ២០១២។
ដោយ​ឡែក​នៅកម្ពុជា រាជ​រដ្ឋាភិបាលតាមរយៈក្រសួងសុខាភិបាល​និង​ស្ថាប័ន​ពាក់ព័ន្ធ ដោយ​រួម​ទាំង​អង្គការសង្គម​ស៊ីវិលជាតិ និង​អន្តរាជាតិផង​បាន​ធ្វើ​ការ​ប្តេជ្ញាចិត្ត​ក្នុង​ការ​លុប​បំបាត់​ការឆ្លង​ពីម្តាយ​ទៅ​កូន​។
លោក ជួប សុខ​​ចំរើន នាយក​រង​​ទទួលបន្ទុក​ប្រតិបត្តិការ​ទូទៅ​របស់​អង្គការខាណា​ធ្លាប់​បាន​និយាយ​​ថា កម្ពុជា​នឹង​លេងមាន​ការ​ឆ្លង​មេរោគអេដស៍​ពី​ម្តាយទៅកូនទៀត​ហើយ​នៅ​ឆ្នាំ ២០២០ ហើយ​ការងារ​នេះ​ត្រូវបាន​​អះ​អាងដោយ​​ក្រសួង​សុខាភិបាល៕ អត្ថបទ​នេះ​​ផលិត​ឡើង​​ក្រោម​ជំនួយ​សប្បុរស​ធម៌​​ពី​ប្រជា​ជន​អាមេរិក​​ តាមរយៈ USAID។ រាល់ខ្លឹមសារ​ដែល​មាន​​ក្នុង​អត្ថបទនេះ​គឺជា​ការទទួល​ខុស​​ត្រូវ​​របស់​ អង្គការ​​ខាណា និង​មិន​បាន​ឆ្លុះបញ្ចាំង​​ទស្សនៈ​របស់​ USAID ឬ​​រដ្ឋាភិបាល​អាមេរិក​ឡើយ។

Related Articles

Back to top button
Close
Close