ការដាក់ទោសឧក្រិដ្ឋដល់ក្រុមគោលដៅងាយរងគ្រោះ

ដោយ វត្តី
ច្បាប់​​ដាក់​ទោសទណ្ឌដល់​ក្រុម​គោល​ដៅ​ងាយ​រង​គ្រោះ​ចំពោះ​មេរោគអេដស៍​និង​ជំងឺអេដស៍​នៅ​តែ​មាន​នៅ​​ពាសពេញ​ពិភពលោក។ របាយ​ការណ៍​របស់​អង្គការសហប្រជាជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ (UNAIDS) ចេញ​​​ផ្សាយ​​នៅ​ឆ្នាំ ២០១៣ នេះ​បាន​​បង្ហាញថា អ្នកផ្តល់​ព័ត៌មានរបស់​​​​ស្ថាប័ន​រដ្ឋាភិបាលប្រមាណ ៦០% និង​​​អង្គការមិន​មែន​រដ្ឋាភិបាល​​ប្រមាណ ៧០%​ នៃ​​បណ្តាប្រទេស​ក្នុង​ពិភពលោក​បាន​រាយ​ការណ៍​ថា ច្បាប់ បទបញ្ជា សារាចរ និង​គោល​នយោបាយផ្សេងៗ​​ដែលមាន​ស្រាប់​របស់​ប្រទេស​ទាំង​នោះ​គឺ​​ជា​ឧបសគ្គ​ដល់​ការ​បង្ការមេរោគអេដស៍​ ការ​ព្របាល ​ការ​ថែទាំ​និង​គាំទ្រ​ឲ្យមាន​ប្រសិទ្ធភាព​​ដល់​ក្រុម​គោល​ដៅ​ងាយ​រង​គ្រោះ។​

ក្រុម​គោលដៅ​​ងាយ​រងគ្រោះរួមមាន ​បុរស​ស្រឡាញ់​​បុរស និង​អ្នក​ប្រើ​ប្រាស់​​គ្រឿងញៀន ស្រ្តី​បម្រើសេវាកម្សាន្ត។ របាយ​ការណ៍​​បាន​បញ្ជាក់ថា​ ប្រទេស​ចំនួន ៧៦ ក្នុង​ចំណោម​ប្រទេស ១៩៣ បាន​ដាក់​ទោស​ទណ្ឌ​ដល់​អ្នក​ដែល​មាន​ស្នេហាភេទដូចគ្នា ដោយ​ប្រទេស​ខ្លះ​បាន​កាត់​ទោស​​ប្រហារ​ជីវិត​ក៏មាន​។ ទន្ទឹមនឹងមនេះ​មាន​ប្រទេស ៧ ក្នុង​ចំណោម​ ១០ ប្រទេស​​ដែល​ទទួល​បាន​ជំនួយពី​មូល​និធិ​សកល (Global Fund) និងជាង​ពាក់កណ្តាលក្នុង​ចំណោម​ ៨៨ ប្រទេស ដែល​ទទួល​បាន​​ការ​គាំ​ទ្រពី​​មូល​និធិ PEPFAR បាន​ដាក់​ទោសទណ្ឌ​ដល់​អ្នក​ស្រឡាញ់ភេទ​ដូចគ្នា។

របាយការណ៍​ក៏​បាន​លើក​ឡើង​ដែរ​ថា គោលនយោបាយ​ដាក់​ទោសទណ្ឌ​ដែល​ទាក់​ទិន​នឹង​ការ​ប្រើ​ប្រាស់​គ្រឿងញៀន ដោយ​រួមមាន​ការ​ដាក់​ទោស​ដ៏​ធ្ងន់ធ្ងរ​ចំពោះ​ការ​មាន​ថ្នាំ​ញៀន​ចំនួន​តិចតួច​​នៅ​ក្នុង​​ខ្លួន​​សម្រាប់​ប្រើផ្ទាល់ខ្លួន ការ​​ដាក់​ជា​​បទឧក្រិដ្ឋ​ចំពោះ​ការ​ញៀន​ថ្នាំ ការ​​​ឃុំ​ខ្លួន​ដោយ​សារ​​​សារជាតិ​ថ្នាំ​ធ្វើ​ទុក្ខ​ក្នុង​ខ្លួន និង​ការ​​ហាម​មិន​ឲ្យព្យាបាល​​ដោយ​ប្រើ​ថ្នាំ​​​ជំនួស ឬកម្មវិធីចែក​ម្ជុលនិង​សឺរ៉ាំង គឺ​បាន​​​ធ្វើ​ឲ្យ​​អ្នក​ញៀន​ថ្នាំ​ប្រភេទចាក់​លំបាកក្នុង​ការ​​ទទួល​បាន​សេវា​ដែល​ខ្លួន​ត្រូវ​ការ​ជា​បន្ទាន់។

អ្នក​​រាយការណ៍​ពិសេស​​របស់​អង្គការសហប្រជាជាតិដែល​បំពេញការ​ងារក្នុង​​ការឃ្លាំមើល​ការ​ធ្វើ​​ទារុណកម្ម ​ប្រកប​ដោយ​ភាព​ឃោរ​ឃៅ​ អមនុស្ស​ធម៌ និង​ប្រមាថមើលងាយ​​នៅ​ឆ្នាំ ២០១៣ នេះ បាន​​ប្រកាស​ជា​ឧឡារឹកថា ជា​អំពើ​មិន​អាច​ទទួល​យក​បាន​ឡើយ​ក្នុង​នាម​ជា​មនុស្សជាតិ។

​របាយ​ការ​បាន​បន្ត​ថា ប្រទេស​មួយចំនួន​មាន​ច្បាប់​ដាក់​ទោសទណ្ឌ​ដល់​អ្នក​រក​ស៊ី​ផ្លូវ​ភេទ ហើយ​ដល់​អ្នក​​រក​ស៊ី​ផ្លូវ​ភេទ​តែងតែរង​គ្រោះ​ដោយ​សារ​ការ​ធ្វើ​ទុក្ខបិកម្នេញពី​សំនាក់​ប៉ូលិស។ ទីភ្នាក់ងារ​សហ​ប្រជា​ជាតិ (UNDP) អង្គការសុខភាព​ពិភពលោក (WHO), មូលនិធិ​  ប្រជាជនអង្គការសហប្រជាជាតិ (UNFPA) ទីភ្នាក់ងារ​សហប្រជាជាតិ​ប្រយុទ្ធនឹង​ជំងឺ​ងេដស៍ (UNAIDS) និង​បណ្តាញ​គម្រោង​នៃ​​អ្នក​​រក​ស៊ី​ផ្លូវ​ភេទ (Network of Sex Worker Projects) បាន​ទទូច​ឲ្យ​បញ្ឈប់ដាក់ទោសទណ្ឌ​ដល់​អ្នក​​រក​ស៊ី​ផ្លូវ​ភេទ​ និង​លុប​ចោល​ច្បាប់ និង​បទបញ្ជាទាំង​ឡាយ​ដែល​វា​អយុត្តិធម៌​ដល់​អ្នក​​រក​ស៊ី​ផ្លូវ​ភេទ។

បើ​តាម​របាយការណ៏​បាន​ឲ្យ​ដឹង​ថា ទន្ទឹម​នឹង​មានស្ថានភាព​ដ៏​អាក្រក់​ខ្លះ​ដល់​ក្រុម​គោល​ដៅ​ងាយ​រង​គ្រោះ ក៏​មានប្រ​ទេស​ខ្លះ​បាន​ការ​ដឹហ​នាំ​ល្អ​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​ក្រុម​គោល​ដៅនេះ ដូចជា​ឧទាហរណ៍ប្រទេស​ម៉ាឡេស៊ី​ជា​ដើមបាន​បង្កើត​បណ្តាញ​​មាន​គ្លីនិក “ព្យាបាលនិង​ថែទាំ” ដោយមិន​​បាន​ដាក់​ឲ្យ​មាន​ការ​ឃុំ​ខ្លួន​អ្នក​ញៀន​ថ្នាំ​ឡើយ ​ហើយ​ជា​លទ្ធផល​ការ​ប្រើ​ប្រាស់​ថ្នាំ​ញៀន​ប្រភេទ​ចាក់​បាន​ថយ​ចុះ ២៧% ខណៈដែល​ការ​ចាប់​ខ្លួន​ក៏​បាន​ធ្លាក់ចុះ ៧៦%។

សម្រាប់​កម្ពុជា ​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្រោម​ការ​ដឹក​នាំ​របស់​សម្តេច​តេជោ ហ៊ុន សែន បាន​ធ្វើ​ការប្តេជ្ញាចិត្ត​ជា​មួយ​​អង្គការ​សហប្រជាជាតិក្នុង​ការ​ជួយ​ព្យាបាល​អ្នក​​​ប្រើ​ប្រាស់​​គ្រឿង​ញៀន ហើយ​បានដាក់​ចេញ​គោល​នយោបាយ​ជួយសង្រ្គោះ​អ្នក​ញៀន​ថ្មាំ ដោយ​​អនុញ្ញាតិ​ឲ្យ​បង្កើត​មណ្ឌល​កែ​ប្រែ​សម្រាប់​​អ្នក​ញៀន​ថ្មាំ ដោយប្រើ​វិធីព្យាបាល​ទាំង​វេជ្ជសាស្រ្ត និង​ចិត្ត​សាស្រ្ត។  រាជ​​រដ្ឋាភិបាល​ក៏​បាន​បង្កើត​​ច្បាប់​​ដើម្បីការពារ​​ក្រុមគោល​ដៅ​ងាយ​រងគ្រោះដែរ។
នៅ​​ប្រយោគ​ចុង​ក្រោយក្នុង​មាត្រា ៩១ នៃ “ច្បាប់​ស្ដី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន” ដែល​រដ្ឋ​សភា​ជាតិ​​បាន​ធ្វើ​វិសោធនកម្ម​នៅ​ថ្ងៃ​ទី ១៧ មីនា ឆ្នាំ ២០០៥ បន្ទាប់​ពី​ខ្លួន​បាន​អនុម័ត​ជា​លើក​ដំបូង​នៅ​ថ្ងៃ​​ទី ៩ ធ្នូ ឆ្នាំ ១៩៩៦ នោះ ចែង​ថា “បើ​​ជន​នោះ​ [អ្នកញៀនថ្នាំ] ទទួល​បាន​ការ​ព្យាបាល​តាម​បង្គាប់​រហូត​​​ដល់​ទី​បញ្ចប់ ឬ​បើ​ជន​នោះ​បាន​បន្ត​ការ​ព្យាបាល​ដោយ​ទៀងទាត់ តុលាការ​អាច​ប្រកាស​ថា មិន​ដាក់​​​ទោស”។
ទន្ទឹមនឹងនេះ​ ក្រសួង​សុខាភិបាល អង្គការសង្គម​ស៊ីវិល និង​ម្ចាស់ជំនួយ​ដែល​​ពាក់​ព័ន្ធនឹង​ការ​ងារ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​​​បាន​រួមគ្នាជួយ​កាត់បន្ថយ​ការមាក់ងាយ និង​ការ​​រើសអើង​ដល់​​ក្រុម​គោល​ដៅ​ងាយ​រងគ្រោះដែរ ដើម្បី​ធ្វើ​ឲ្យ​ពួកគេ​បាន​ទទួលសេវា​ សេវា​ព្យាបាល ថែ​ទាំ សេវា​សុខភាព និង​សេវា​សង្គមផ្សេងៗ​ទៀត​បាន​ស្មើភាព​នៅក្នុង​សង្គម។ ការ​រួមគ្នានេះ​ក៏ដើម្បី​​ស្វែងរក​គំនិតថ្មី​​ៗធ្វើ​យ៉ាង​ណា​​ឲ្យ​ប្រទេស​កម្ពុជា​មិន​មាន​ការ​ឆ្លង​ថ្មីនៃ​មេរោគ​អេដស៍​​​នៅ​ឆ្នាំ ២០២០៕  អត្ថបទ​នេះ​​ផលិត​ឡើង​​ក្រោម​ជំនួយ​សប្បុរស​ធម៌​​ពី​ប្រជា​ជន​អាមេរិក​​ តាមរយៈ USAID។ រាល់ខ្លឹមសារ​ដែល​មាន​​ក្នុង​អត្ថបទនេះ​គឺជា​ការទទួល​ខុស​​ត្រូវ​​របស់​ អង្គការ​​ខាណា និង​មិន​បាន​ឆ្លុះបញ្ចាំង​​ទស្សនៈ​របស់​ USAID ឬ​​រដ្ឋាភិបាល​អាមេរិក​ឡើយ។

Related Articles

Back to top button
Close
Close