ជួយផ្តល់ឱសថព្យាបាលជំនួសដល់អ្នកញៀនថ្នាំនៅពន្ធនាគារ
ដោយ វត្តី
កាលពីដើមខែកញ្ញា ឆ្នាំ ២០១៣ នេះ សមត្ថកិច្ចនគរបាលសង្កាត់ទួលទំពូងបានចាប់ខ្លួនបុរសអ្នកប្រើប្រាស់ថ្នាំញៀនម្នាក់ ហើយជននោះកំពុងទទួលបានការព្យាបាលដោយប្រើថ្នាំបន្សាប ឬឱសថជំនួស ឬហៅថា “មេតាដូន” នៅឯមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ឬ ពេទ្យរុស្ស៊ីដែរ។ ការចាប់ខ្លួននេះ ដោយសារមានការចោទប្រកាន់ពីបទសង្ស័យថា បុរសនោះបានព្យាយាមលួចស្លាកលេខរថយន្ត។
ជាការពិត ការចាប់ខ្លួនជនសង្ស័យក្នុងការប្រព្រឹត្តបទល្មើស ឬបទឧក្រិដ្ឋផ្សេងៗគឺជាជំនាញរបស់សមត្ថកិច្ច ហើយប្រជាពលរដ្ឋពិតជាសាទរ និងកោតសរសើរចំពោះការងារដ៏សកម្ម និងស្នាដៃដ៏ល្អរបស់កម្លាំងសមត្ថកិច្ច។ ប្រជាពលរដ្ឋពិតជាលើកទឹកចិត្តឲ្យពួកគេបន្តការងារដ៏ថ្លៃថ្លារបស់ខ្លួនបន្ថែមទៀត ដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។
ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថា ជនសង្ស័យដែលកំពុងញៀនថ្មាំត្រូវបានគេបញ្ជូនទៅពន្ធនាគារនោះមិនបានទទួលឱសថព្យាបាល “មេតាដូន” ទេ ដែលធ្វើឲ្យអាការៈរបស់អ្នកញៀនថ្មាំកាន់តែវេទនា។ ជាទូទៅ មានអ្នកជាប់ឃុំដែលញៀនថ្នាំជាច្រើននាក់ទៀតក៏ស្ថិតក្នុងស្ថានភាពលំបាកដូចបរុសខាងលើដែរ គឺពួកគេមិនបានទទួលថ្នាំព្យាបាល “មេតាដូន” ឡើយ។
យើងពិតជាមិនគាំទ្រឲ្យមានការប្រើប្រាស់ថ្មាំញៀននោះទេ ប៉ុន្តែក្រុមអ្នកជំនាញការងារគ្រឿងញៀនបានបញ្ជាក់ថា អ្នកញៀនថ្នាំភាគច្រើនជាជនរងគ្រោះ ដោយអ្នកជំនាញទាំងនោះបានទទូចឲ្យអាជ្ញាធរមានវិធានការណ៍ជាបន្ទាន់ ហើយវិធានការណ៍នោះត្រូវតែជាក់លាក់ ត្រឹមត្រូវ និងទៀងទាត់ ដើម្បីជួយព្យាបាលជនទាំងឡាយដែលស្ថិតក្នុងស្ថានភាពញៀនថ្នាំទាំងនៅក្នុងឃុំ និងក្រៅឃុំឲ្យរួចផុតពីការញៀន។
រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើការប្តេជ្ញាចិត្តជាមួយអង្គការសហប្រជាជាតិក្នុងការជួយព្យាបាលអ្នកប្រើប្រាស់គ្រឿងញៀន ហើយបានដាក់ចេញគោលនយោបាយជួយសង្រ្គោះអ្នកញៀនថ្មាំ ដោយអនុញ្ញាតិឲ្យបង្កើតមណ្ឌលកែប្រែសម្រាប់អ្នកញៀនថ្មាំ ដោយប្រើវិធីព្យាបាលទាំងវេជ្ជសាស្រ្ត និងចិត្តសាស្រ្ត។
ដោយលើទឹកចិត្តចំពោះការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលចំពោះគោលនយោបាយនេះ ឯកឧត្ត បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិកាលពីថ្ងៃទី ២៨ តុលា ឆ្នាំ ២០១១ បានមកប្រទេសកម្ពុជា ហើយក៏បានទៅជួបសំណេះសំណាលជាមួយអ្នកជំងឺដោយសារគ្រឿងញៀននៅឯមណ្ឌលព្យាបាលជំងឺផ្លូវចិត្ត និងគ្រឿងញៀនសម្រាប់ការព្យាបាលដោយ ”មេតាដូន” ដែលស្ថិតនៅក្នុងមន្ទីរពេទ្យពេទ្យរុស្ស៊ី។
លោក បាន គីមូន បានសម្ដែងការគាំទ្រដល់កម្មវិធីព្យាបាលបែបនេះ ដែលអាចជួយកាត់បន្ថយហានិភ័យលើសុខភាព សង្គម សេដ្ឋកិច្ច បុគ្គល គ្រួសារ និងសហគមន៍ដែលជាប់ពាក់ព័ន្ធនឹងការញៀនគ្រឿងញៀន។
មន្ត្រីជំនាញសុខភាព និងការងារគ្រឿងញៀនជាច្រើនបាននិយាយដូចៗគ្នាថា អ្នកប្រើប្រាស់ថ្នាំញៀនគឺជាជនរងគ្រោះ ហើយបើអាជ្ញាធរចាប់ពួកគេដាក់គុកដោយមិនមានវិធីសាស្ត្រព្យាបាលពួកគេឲ្យបានត្រឹមត្រូវទេគឺជាកំហុសឆ្គងមួយដ៏ធំ ពិសេសការរំលោភសិទ្ធិមនុស្ស និងមិនមានមនុស្សធរ។
នៅប្រយោគចុងក្រោយក្នុងមាត្រា ៩១ នៃ “ច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន” ដែលរដ្ឋសភាជាតិបានធ្វើវិសោធនកម្មនៅថ្ងៃទី ១៧ មីនា ឆ្នាំ ២០០៥ បន្ទាប់ពីខ្លួនបានអនុម័តជាលើកដំបូងនៅថ្ងៃទី ៩ ធ្នូ ឆ្នាំ ១៩៩៦ នោះ ចែងថា “បើជននោះ [អ្នកញៀនថ្នាំ] ទទួលបានការព្យាបាលតាមបង្គាប់រហូតដល់ទីបញ្ចប់ ឬបើជននោះបានបន្តការព្យាបាលដោយទៀងទាត់ តុលាការអាចប្រកាសថា មិនដាក់ទោស”។
បន្ថែមពីលើនេះ នៅក្នុងចំណោមអ្នកជំងឺញៀនថ្នាំដែលកំពុងជាប់ពន្ធនាគារក៏មានអ្នកផ្ទុកមេរោគអេដស៍ដែរ ដែលពួកគេត្រូវការថ្នាំពន្យាជីវិត ឬថ្នាំប្រឆាំងមេរោគអេដស៍។
ហេតុនេះ មន្រ្តីសមត្ថកិច្ចពាក់ព័ន្ធ ពិសេសមន្រ្តីតុលាការ និងមន្រ្តីពន្ធនាគារត្រូវពិចារណាលើការផ្តល់ឱកាសឲ្យជនសង្ស័យ និងពិរុទ្ធជនដែលញៀនថ្នាំបានទទួលឱសថ “មេតាដូន” និងថ្នាំប្រឆាំងមេរោគអេដស៍ផង ដែលផ្នែកនៃការគោរពសិទ្ធិមនុស្សផង និងជាមនុស្សធម៌ផង៕ អត្ថបទនេះផលិតឡើងក្រោមជំនួយសប្បុរសធម៌ពីប្រជាជនអាមេរិក តាមរយៈ USAID ហើយ រាល់ខ្លឹមសារដែលមានក្នុងអត្ថបទនេះគឺជាការទទួលខុសត្រូវរបស់ អង្គការខាណា និងមិនបានឆ្លុះបញ្ចាំងទស្សនៈរបស់ USAID ឬរដ្ឋាភិបាលអាមេរិកឡើយ។