ប្រធានាធិបតី​រុស្ស៊ី​ទាមទារ​អោយ​ប្រទេសហូឡង់​ធ្វើការ​សុំទោស​ចំពោះ​ការចាប់ខ្លួន​អ្នកការទូត​រុស្ស៊ី​

នៅថ្ងៃ​អង្គារ​នេះ ប្រធានាធិបតី​​រុស្ស៊ី​ វ្ល៉ាឌីមៀ ពូទីន បាន​ទាមទារ​អោយ​ប្រទេស​ហូឡង់​ធ្វើការ​សុំទោស​ចំពោះ​ការ​​ដែល​ប៉ូលិស​ហូឡង់ បាន​ចាប់ខ្លួន​អ្នកការទូត​រុស្ស៊ីម្នាក់។ យោងតាម​រុស្ស៊ី កាលពី​ល្ងាច​ថ្ងៃអាទិត្យ​កន្លងទៅ ប៉ូលិស​បាន​ប្រើកម្លាំងបាយ​ ឃាត់ខ្លួន​អ្នកការទូត​​ខ្លួន​ ហើយ​បាន​ឃុំ​រូបអ្នកការទូត​នេះ ​អស់​រយៈ​ពេល​ជាច្រើនម៉ោង មុននឹង​ដោះលែង​ទៅវិញ។ ក្រសួង​ការបរទេស​​ហូឡង់ បានប្រាប់ថា រង់ចាំ​អោយ​មាន​ព័ត៌មាន​ទាក់ទង​ការប៉ះទង្គិច​នេះ​អោយបាន​ក្បោះក្បាយ​សិន​ ទើប​អាច​ពន្យល់​បកស្រាយ​បញ្ហា​នេះ​បាន។

ការប៉ះទង្គិច ​បានកើតឡើង​ កាលពី​ល្ងាច​ថ្ងៃ​អាទិត្យ​កន្លងទៅ រវាង​​​ប៉ូលិស​ហូឡង់ និង​លេខា​​ទី១​នៃស្ថានទូត​រុស្ស៊ី​ប្រចាំ​ប្រទេស​ហូឡង់​​ គឺ​លោក ​ឌីមីទ្រី បូរ៉ូឌីន។ យោងតាម​អ្នកនាំពាក្យ​ក្រសួងការបរទេស​រុស្ស៊ី​​ ប៉ូលិស​ហូឡង់​បាន​​​ចូលទៅ​ចាប់ខ្លួន អ្នកការទូត​រុស្ស៊ី​ បូរ៉ូឌីន នៅគេហដ្ឋាន​របស់​លោក នៅ​ទីក្រុងឡាអេ។ ប៉ូលិស​បាន​​វាយដំ​​លោក បូរ៉ូឌីន ហើយ​បានដាក់ខ្នោះ​លោក និង​នាំលោក​ទៅកាន់​ស្នងការ​ប៉ូលិស។ ប៉ូលិស​បាន​ដោះលែងលោកទៅវិញ នៅព្រឹក​ថ្ងៃចន្ទ​ម្សិលមិញ តែ​មិន​បាន​ពន្យល់​លោកពីមូលហេតុ​នៃការប៉ះទង្គិច​នេះ​​ឡើយ។

រដ្ឋាភិបាល ​ក្រុងម៉ូស្គូ​ ប្រាប់ថា​ ប៉ូលិសហូឡង់​​បាន​យកលេស​ថា ការចាប់ខ្លួន​នេះ ដោយសារ​តែ​​អ្នកការទូត​រុស្ស៊ី​រូបនេះ បាន​​ធ្វើបាប​កូនៗ​របស់​គាត់។ ក្រសួងការបរទេស​រុស្ស៊ី បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​ហូឡង់ ប្រចាំ​នៅ​ក្រុង​ម៉ូស្គូ ដើម្បី​ប្រាប់ថា រុស្ស៊ី​មិនអាច​ទទួលយក​ទង្វើ​នេះ​បានឡើយ។ ប្រធានាធិបតីរុស្ស៊ី បាន​ទាមទារ​អោយ​រដ្ឋាភិបាល​ហូឡង់ ធ្វើការពន្យល់​ និង​​សុំទោស​ចំពោះទង្វើ​នេះ។ លោក ពូទីន លើកឡើងថា ទង្វើ​នេះ​ជាការរំលោភ​បំពាន​​​ដ៏​​​ច្រឡើសបើស ទៅលើ​អនុសញ្ញា​ទីក្រុង​វីយេន។

ទំនាក់ទំនង​រវាង​រុស្ស៊ី និង​ហូឡង់ បាន​ចាប់ផ្តើម​តានតឹង​ តាំងពី​ថ្ងៃ​១៩កញ្ញាមកម្ល៉េះ គឺ​នៅពេល​ដែល​រុស្ស៊ី​បាន​ស្កាត់ចាប់​នាវា​អង្គការ​បរិស្ថាន​ Greenpeace Arctic Sunrise និង​បាន​ចាប់ខ្លួន​អ្នកនៅ​នាវា​នោះ​៣០នាក់ ក្នុង​នោះ​មាន​​២៦នាក់ មិនមែនជាជនជាតិ​រុស្ស៊ី។ ក្រុងម៉ូស្គូ​បានចោទពួកគេ​ពីបទ​ធ្វើការ​ប្លន់ជាក្រុម​។ ជនទាំងអស់​​នោះ អាច​ទទួលទោស​ជាប់ពន្ធនាគារ​រហូត​ដល់​១៥ឆ្នាំ ដោយសារតែ​​​ពួកគេ​បាន​ឡើងទៅ កាន់ទីតាំង​ប្រេង​ឥន្ធនៈ​រុស្ស៊ីមួយកន្លែង​ ដើម្បី​បរិហារ​ពី​បញ្ហាទាក់ទង​ការបំផ្លាញ​​​បរិដ្ឋាន នៅទីនោះ។

ប្រទេស​ហូឡង់ បាន​​ប្តឹង​តុលាការ​អន្តរជាតិ​​ប្រឆាំង​រុស្ស៊ី ដោយបាន​លើកឡើងថា មុននឹង​រុស្ស៊ី​ធ្វើការ​ឃាត់​នាវា​​អង្គការ​បរិដ្ឋាន​នោះ រុស្ស៊ីគួរតែ​សុំការអនុញ្ញាត​ពី​ខ្លួនជាមុនសិន ព្រោះថា នាវា​នោះ​មានដាក់​សញ្ញាថា​ ជានាវា​របស់​ប្រទេស​ហូឡង់៕ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close