តុលាការ​លើកលែង​ការ​ចោទប្រកាន់​លើ​អតីត​ប្រធានាធិបតី​សាកូហ្ស៊ី​ ក្នុង​សំណុំរឿង​គ្រួសារ​បេតង់គួរ​

តុលាការ​បារាំង​បាន​សំរេច​លើកលែង​ ការចោទប្រកាន់​​លើ​​អតីតប្រធានាធិបតី​​បារាំង​សាកូហ្ស៊ី ក្នុង​សំណុំ រឿង​ក្តី​គ្រួសារ​លោកស្រី​បេតង់គួរ ដែល​ជា​ម្ចាស់​ក្រុមហ៊ុនសំអាងកាយ L’OREAL ដ៏​មាន​សម្បតិ្ត​ស្តុកស្តម្ភ​នៅ​ប្រទេស​បារាំង​នោះ។ នេះ​បើយោងតាម​ប្រភព​ព័ត៌មាន​ជិតដិត​នឹង​សំណុំរឿង នៅថ្ងៃ​ចន្ទ​​នេះ។ លោក​សាកូហ្ស៊ី ធ្លាប់​រងការ​ចោទប្រកាន់​​​ថា បាន​ឆ្លៀត​ឱកាស​ដែល​សេដ្ឋី​នី​ចំណាស់​បេតង់គួរ ​វង្វេងវង្វាន់​ស្មារតី ដើម្បី​ទទួល​ប្រាក់កាស​ខុសច្បាប់​ពី​គាត់ យកទៅ​ឧបត្ថម្ភ​ការឃោសនា​បោះឆ្នោត​គណបក្ស​ស្តាំនិយម​របស់​លោក កាលពី​ឆ្នាំ​២០០៧។

ចៅក្រម​​ទាំង​ បីរូប​ នៅសាលាឧទ្ធរណ៍​ក្រុង Bordeaux ប្រទេស​បារាំង ​​បាន​សំរេច​លើកលែង​​ការចោទ ប្រកាន់លើ​អតីតប្រធានាធិបតី​បារាំង នីកូឡា សាកូហ្ស៊ី ពីបទ​ឆ្លៀតឱកាស​​ចំណេញ​​លើស្ថានភាព​ចាស់ជរា​ វង្វេងវង្វាន់​របស់​សេដ្ឋីនី​បារាំង បេតង់គួរ ដើម្បី​យកប្រាក់កាស​ខុសច្បាប់​ពី​គាត់ យកទៅ​​​​ឧបត្ថម្ភ​ការ ឃោសនា​បោះឆ្នោត​គណបក្ស​ស្តាំនិយម​របស់​លោក កាលពី​ឆ្នាំ​២០០៧។

គួររំលឹកថា អតីត​គណនេយ្យករ​របស់​លោកស្រី​បេតង់គួរ​ ធ្លាប់​បាន​ប្រាប់​ប៉ូលិសថា ខ្លួន​ធ្លាប់​បាន​ដកលុយ​សុទ្ធ​​ប្រមាណ​ ១៥ម៉ឺនអឺរ៉ូ អោយ​ដល់​លោក អេរិក វើត អតីតរដ្ឋមន្ត្រី​ទទួល​ថវិកាជាតិ និង​ជាអ្នកទទួលបន្ទុក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក សាកូហ្ស៊ី។ ប្រាក់​សុទ្ធ​នោះ គឺ​សំរាប់​​​វិភាគទាន​​ការ​​ឃោសនា​បោះឆ្នោត​​របស់​បក្ស​ស្តាំនិយម​UMPរបស់​ លោកសាកូហ្ស៊ី។

កាលពី​ខែកញ្ញា​ តុលាការ​បាន​​​អនុម័ត​ទទួលយក​ការ​វិនិច្ឆ័យ​របស់​ក្រុមគ្រូពេទ្យ​បារាំង ដែល ​បាន​សន្និដ្ឋានថា​ ​​ម្ចាស់​ក្រុមហ៊ុន​គ្រឿងសំអាងកាយ​ L’OREAL គឺ​លោកស្រី បេតង់គួរ​ អាយុ​៩០ឆ្នាំ មាន​​សភាព​វង្វេងវង្វាន់​​ដោយភាព​ចាស់ជរា តាំង​តែ​ពី​​ឆ្នាំ​២០០៦ ម្ល៉េះ។ នៅថ្ងៃ​ចន្ទនេះ យោងតាម​ប្រភព​ព័ត៌មាន​ជិតដិត​នឹង​សំណុំរឿងក្តី ចៅក្រម​បារាំង​គិតថា ​ការចោទប្រកាន់​លើលោកសាកូហ្ស៊ី ហាក់​មានលក្ខណៈ​ច្បាស់លាស់​ពេក ដើម្បី​បញ្ជូន​រូបលោក ទៅ​អោយតុលាការ​សម្រេច​ការជំនុំជម្រះ។ សាលាឧទ្ធរណ៍​បារាំង​​ក៏បាន​សំរេច​អោយ​មនុស្ស​ម្នាក់​ទៀត ជាប់ចោទ​ក្នុង​សំណុំរឿងបេតង់គួរ​នេះដែរ បាន​រួច​ពីការចោទប្រកាន់​​ដែរ។ ដោយឡែក លោក អេរិក​ វើត​ និង​មនុស្ស​៩នាក់ទៀត ​ក្នុង​សំណុំរឿង​​នេះ​​​ នឹង​ត្រូវ​តុលាការ​​ជំនុំជម្រះ​ នៅ​ឆ្នាំ​២០១៤ខាងមុខ។

លោក អង់ទ័ន ហ្គីយ៉ូ មេធាវី​របស់​អតីត​គណនេយ្យកររបស់​​លោកស្រី​បេតង់គួរ គិតថា ការសំរេច​របស់​សាលាឧទ្ធរណ៍​ជាការសំរេច​បែប​​ទៀងត្រង់ ព្រោះថា​ សាលាឧទ្ធរណ៍​ប្រហែល​​ជា​បានឃើញ​ថា ខ្លួនខ្វះ​ភស្តុតាង​គ្រប់គ្រាន់​ក្នុង​ការ​ចោទប្រកាន់​អតីត​ប្រធានាធិបតី​ បារាំង។ លោក ហ្គីយ៉ូ ប្រាប់ថា ទោះយ៉ាងនេះក្តី លោក​សាកូហ្ស៊ី នៅ​តែ​មានការពាក់ព័ន្ធ​នឹង​រឿងនេះ​ដោយផ្ទាល់៕ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close