នៅខេត្តបាត់ដំបង មនុស្ស ៤នាក់ លង់ទឹកស្លាប់ និងផ្ទះ ១៦ខ្នង ហូរទៅបាត់
បាត់ដំបង ៖ មនុស្ស ៤នាក់លង់ទឹកស្លាប់ និងផ្ទះ១៦ខ្នង ទឹកកួចហូរយកទៅបាត់ បន្ទាប់ពីទឹកជំនន់ឡើងយ៉ាងគំហុក ក្រោយពីបុណ្យភ្ជុំបិណ្យរួច បណ្ដាលឲ្យលិចភូមិផ្លូវស្ពាននិងផ្ទះជាង ៣ពាន់ខ្នង ស្រែជាង ៣ម៉ឺនហិកតា ដំណាំពោតដំឡូងសណ្ដែកល្ងរ ១ម៉ឺន ៣ពាន់ហិកតា នៅខេត្តបាត់ដំបង។
អាជ្ញាធរខេត្តបាត់ដំបង កំពុងជម្លៀសប្រជាពលរដ្ឋ ដែលរងគ្រោះនៅតំបន់ទឹកជំនន់លិចផ្ទះជាង ៣ម៉ឺនខ្នង មករកទីទួលសុវត្ថិភាពនៅឡើយ ព្រោះមធ្យោបាយដឹកជញ្ជូន ទូក កាណូត មិនមានគ្រប់គ្រាន់ និងផ្ដល់ស្បៀងអាហារផងដែរ។ នេះជារបាយការណ៍បឋមរបស់លេខាធិការដ្ឋានគណៈកម្មាការគ្រប់គ្រង គ្រោះមហន្តរាយខេត្តបាត់ដំបង បានឲ្យដឹងកាលពីព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៣។
តាមរបាយការណ៍បានបញ្ជាក់ថា ទឹកជំនន់ឡើងគំហុកលិចភូមិផ្លូវស្ពាន ក្នុងខេត្តបាត់ដំបង ទាំង ១៤ស្រុក ប៉ុន្តែសភាពធ្ងន់ធ្ងរមាន៨ស្រុក គឺស្រុកសំឡូត ស្រុកបាណន់ ស្រុកគាស់ក្រឡ ស្រុកសង្កែស្រុកភ្នំព្រឹក ស្រុកកំរៀង និងស្រុកបវេល បណ្ដាលឲ្យលិចផ្ទះជាង ៣ម៉ឺនខ្នងផ្ទះ។ ចំណែកផ្ទះ ១៦ខ្នង ត្រូវទឹកជំនន់កួចហូរយកទៅបាត់តែម្ដង។ ឯស្រូវស្រែទឹកជំនន់លិចអស់ប្រមាណជាង ៣ម៉ឺនហិកតា និងដំណាំរួមផ្សំមានចម្ការពោត ដំឡូងមី។ល។ ចំនួនមួយម៉ឺនបីពាន់ហិកតា (១៣០០០ហិកតា)។
គួររំលឹកផងដែរថា ក្រោយពីបុណ្យភ្ជុំបិណ្យ មេឃធ្លាក់ភ្លៀងជាប់ៗគ្នាប្រមាណជា ៥ ថ្ងៃ ហើយទឹកជំនន់បានឡើងយ៉ាងគំហុក ក្នុងស្ទឹងសង្កែ មានកំពស់ទឹកដល់ជិត ១៤ ម៉ែត្រ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៣។ អាជ្ញាធរខេត្តបាត់ដំបងសមត្ថកិច្ច បានត្រៀមកម្លាំងចុះជួយសង្គ្រោះប្រជាពលរដ្ឋនៅតំបន់ទឹកជំនន់លិច រហូតមកដល់ពេលនេះ នៅមិនទាន់អស់នៅឡើយទេ ដោយសារខ្វះមធ្យោបាយដឹកជញ្ជូន តាមផ្លូវទឹក (ទូក-កាណូត) ព្រមទាំងនាំស្បៀងអាហារទៅជួយឧបត្ថម្ភផងដែរ៕ Cambodia News