ព្រះកាយច័ន្ទ កែខ្ទង់ច្រមុះបន្ថែមឱ្យខ្ពស់ជាងមុន
ភ្នំពេញ ៖ តារាច្រើននាក់មកហើយដែលចូលហាងកែសម្រស់ ឥឡូវនេះកញ្ញាព្រះកាយច័ន្ទ ម្នាក់ទៀតហើយដែលកែខ្ទង់ ច្រមុះ ។ អ្នកជិតដិតរបស់នាងប្រាប់ថា នាងសម្រេចចិត្តលើកខ្ទង់ច្រមុះឱ្យខ្ពស់ជាងមុនដើម្បីឱ្យមើលទៅ ផុសឡើងត្រដែត ដោយសារតែក្នុងរង្វង់ផ្ទៃមុខនាងបានស្ទើរតែទាំងអស់ ទើសត្រង់ផ្នែកច្រមុះនៅស្ទើរបន្តិច ។ ក្រោយពីមិត្តភក្តិប្រាប់ពីបញ្ហានេះ ព្រះកាយច័ន្ទ ពិភាក្សាជាមួយសាច់ញាតិ ពិសេសឪពុករបស់នាង ហើយក៏សម្រេចចូលទៅឱ្យគ្រូពេទ្យជំនាញកែច្រមុះ ។
តារាសម្តែងខ្មៅស្រអែម និងជាពិធីការិនីប្រចាំកម្មវិធី «នាវាតន្ត្រី» របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៩កញ្ញារ៉ា សូនីតា ហៅព្រះកាយច័ន្ទ ប្រាប់កាលពីពេល ថ្មីៗនេះថា នាងបានទៅធ្វើច្រមុះបន្ថែមឱ្យខ្ពស់ជាងមុននៅគ្លីនិកមួយក្នុង ស្រុក ដោយនាងទទួលស្គាល់ថា អត់អន់ជាងប្រទេសជិតខាងឡើយ ។ នាងអត់មានពេលទៅស្រុកគេទេ ណាមួយនៅក្នុងស្រុកក៏មានអ្នកជំនាញផ្នែកកែសម្រស់ច្រើន ហើយបើចង់មានគុណភាពល្អ តម្លៃកែច្នៃគឺគេគិតតាមហ្នឹង ។
ព្រះកាយច័ន្ទ ទើបតែចូលទៅវះកាត់ច្រមុះ កាលពីកន្លះខែមុន ។ គ្រូពេទ្យជំនាញប្រាប់នាងថា មិនបាច់សម្រាកនៅផ្ទះនាំឱ្យខាតពេលធ្វើការទេ អាចឡើងទៅសម្តែងតាមពេលវេលាដូចមុនដដែលបាន ហើយមិនបាច់តមអាហារអីទេអាចញុំាតាមចិត្តបាន ។
ព្រះកាយច័ន្ទ និយាយថា «នាងខ្ញុំទៅធ្វើខ្ទង់ច្រមុះនេះដោយសារតែមើលទៅទម្រង់មុខរបស់ ខ្លួនឯងនៅស្ទើរត្រង់ផ្នែកច្រមុះ ។ ណាមួយមានមិត្តភក្តិប្រាប់ថា បើយើងលើកច្រមុះឱ្យខ្ពស់នោះ មើលទៅពិតជាកាន់តែជួយលើកមុខមាត់ខ្លាំង និងមានភាពទាក់ទាញ ទើបនាងសម្រេចចិត្តកែតែម្តងទៅ ព្រោះសម័យឥឡូវអ្នកណាក៏គេទៅកែសម្រស់ដែរ ។ ច្រមុះដែលនាងកែនេះចំណាយអស់ប្រាក់ជាង១ពាន់ដុល្លារ» ។
ការកែខៃសម្រស់ខ្ទង់ច្រមុះរបស់នាងព្រះកាយ ច័ន្ទ មិនមែនជាលើកទីមួយទេ គឺនាងបានកែម្តងមកហើយ តែអត់ទាន់បានគួរជាទីពេញចិត្ត ។ព្រះកាយច័ន្ទថា នាងមិនទៅឱ្យគ្រូពេទ្យកែច្នៃសម្រស់ផ្នែកណាទៀតទេ ព្រោះនាងខ្លាចដែរ ណាមួយយល់ថាក្នុងតួខ្លួនសមស្របទទួលយកបានមិនបាច់ច្នៃដូច ច្រមុះទេ ៕ ស.រ/Cambodia News