អ៊ីរ៉ង់ចង់ឲ្យ អ៊ីស្រាអ៊ែលចូលរួមបង្ការការរីកសាយភាយ នៃអាវុធនុយក្លេអ៊ែរ
ប្រធានាធិបតីថ្មីរបស់ប្រទេស អ៊ីរ៉ង់ លោក Hassan Rouhani បានថ្លែងសុន្ទរកថាប្រាប់អង្គការសហប្រជាជាតិអំពីការរំសាយ អាវុធនុយក្លេអ៊ែរ ដើម្បីអំពាវនាវឲ្យ អ៊ីស្រាអ៊ែលចូលរួមក្នុងសន្ធិសញ្ញាសកលស្តីអំពីការបង្ការការ រីកសាយភាយ អាវុធនុយក្លេអ៊ែរ។
លោក Hassan Rouhani មានប្រសាសន៍ថា ប្រទេសអ៊ីស្រាអ៊ែល គួរតែការស្ដុកអាវុធនុយក្លេអ៊ែររបស់ខ្លួន ក្រោមការគ្រប់គ្រងរបស់អន្តរជាតិ។
ប្រធានាធិបតីថ្មីរបស់ ប្រទេសអ៊ីរ៉ង់រូបនេះ ក្នុងពេលថ្មីៗ បានប្រាប់កាសែតអាម៉េរិកមួយថា លោកចង់បានកិច្ចព្រមព្រៀងមួយស្តីអំពីកម្មវិធីនុយក្លេអ៊ែរ របស់ទីក្រុង Tehran ក្នុងពេលប៉ុន្មានខែខាងមុខនេះ ដើម្បីបន្ធូរភាពតានតឹងក្នុងទំនាក់ទំនងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាម៉េរិក។
តាមរយៈអ្នកបកប្រែ លោក Hassan Rouhani មានប្រសាសន៍ថា ការខិតខំប្រឹងប្រែងរបស់អន្តរជាតិជិតបួនឆ្នាំ ដើម្បីបង្កើតតំបន់គ្មានអាវុធនុយក្លេអ៊ែរ ក្នុងមជ្ឈិមបូពានោះ បានបរាជ័យ។ លោកថាប្រទេសអ៊ីស្រាអ៊ែល គួរតែចូលរួមក្នុងសន្ធិសញ្ញាសកលនេះ ដោយមិនបង្អង់ពេលបន្តទៀតឡើយ៕(Radio Australia)