នាយទាហានជាន់ខ្ពស់ចិននានា នឹងត្រូវឆ្លងកាត់ការចោទសួរផ្ទាល់ខ្លួនសិន មុននឹងឡើងបុណ្យសក្តិ
ក្នុងពេលខាងមុខនេះ ក្នុងក្របខណ្ឌនៃការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ រដ្ឋាភិបាលចិន នឹងរៀបចំអោយមានការសួរសំណួរបែបផ្ទាល់ខ្លួនមួយ ទៅលើគ្រប់នាយទាហានជាន់ខ្ពស់ចិន មុននឹងសំរេចអោយពួកគេបានឡើងតំណែងបុណ្យសក្តិ រឺក៏អោយពួកគេមានសិទ្ធិគ្រប់គ្រាន់ក្នុងការចូលនិវត្តន៍។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានផ្លូវការចិននានា កាលពីថ្ងៃអង្គារម្សិលមិញ។
ក្នុងទិសដៅនៃគំរោងចោទសួរជាលក្ខណៈផ្ទាល់ខ្លួន ទៅលើនាយទាហានជាន់ខ្ពស់ចិន ដែលនឹងត្រូវធ្វើនៅពេលខាងមុខនៅប្រទេសចិននោះ អាជ្ញាធរមានបំណងចង់ដឹងពីព័ត៌មានទាក់ទងនឹងអចលនទ្រព្យ ផ្ទាល់ខ្លួនរបស់ពួកគេ ពីរថយន្តនិងបុគ្គលិកការងារដែលពួកគេបានប្រើ។ នេះជាការប្រកាសរបស់គណៈ កម្មការកណ្តាលផ្នែកកងទ័ពនៃគណបក្ស កុម្មុយនិស្តចិន ដែលកាសែតចិនថ្មីបានស្រង់សំដីយកមកចុះ ផ្សាយ។
ចាប់ពីពេលនេះទៅ នាយទាហានជាន់ខ្ពស់ចិនទាំងឡាយ ត្រូវតែឆ្លងកាត់ការសួរសំណួរផ្ទាល់ខ្លួនជាមុន សិន មុននឹងបានឡើងបុណ្យសក្តិ។ គោលការណ៍នេះជាការឆ្លើយតបទៅនឹងការប្រយុទ្ធប្រឆាំងនឹងអំពើ ពុករលួយ នៅក្នុងប្រទេស។ តាំងពីឡើងកាន់អំណាចមក ប្រធានាធិបតីចិនថ្មី ស៊ី ជិនពីង បានចាត់ទុកអំពើពុករលួយជាការគំរាមកំហែងដល់ប្រទេសជាតិ ក៏ដូចជាដល់គណបក្សកុម្មុយនិស្តចិនផងដែរ។ លោក ស៊ី ជិនពីង បានស្បថស្បែរថា នឹងកំចាត់រាល់អ្នកទទួលខុសត្រូវដែលស៊ីសំណូកសូកប៉ាន់ទាំងឡាយ។
គួររំលឹកថា កាលពីចុងទស្សវត្សរឆ្នាំ១៩៩០ រដ្ឋាភិបាលចិនធ្លាប់បានហាមឃាត់ជាផ្លូវការ ដល់កងទ័ព មិនអោយចាត់វិធានការកំចាត់អំពើពុករលួយបែបនេះឡើយ។ ប៉ុន្តែ ប៉ុន្មានឆ្នាំចុងក្រោយនេះ ការខ្វះខាតតម្លាភាព និងការខ្វះខាតការត្រួតពិនិត្យច្បាស់លាស់ បានធ្វើអោយបញ្ហាពុករលួយរីកដុះដាលក្នុងជួរកង ទ័ព៕ដោយ ព្រំ សឿន សូលីណា (RFI)