លោក ហ៊ុន សែន គំរាមបង្ហោះខ្សែអាត់សំឡេងនៃការចរចា ប្រសិនបក្សប្រឆាំងធ្វើមហាបាតុកម្ម
ភ្នំពេញ៖ លោក ហ៊ុន សែន ដែលទើបក្លាយ ជានាយករដ្ឋមន្ត្រីថ្មី នៅអាណត្តិ ទី៥នេះ បានមានប្រសាសន៍ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ជាលើកដំបូង កាលពីព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៣ ថា លោក សម រង្ស៊ី បានទទួលស្គាល់នូវលទ្ធផល នៃការបោះឆ្នោត នៅលើតុចរចា កាលពីថ្ងៃទី១៧រួចទៅហើយ។
លោក សម រង្ស៊ី យល់ព្រមទទួលស្គាល់ថា គណបក្ស ប្រជាជនកម្ពុជាទទួលបាន ៦៨អាសនៈ និងគណបក្សសង្គ្រោះជាតិ៥៥អាសនៈ ហើយត្រង់លោក សម រង្ស៊ី ក្បត់ឆន្ទៈរាស្ត្រ និងបោកប្រាស់ឆន្ទៈរាស្ត្រយ៉ាងណានោះ លោក ហ៊ុន សែន មិនដឹងនោះទេ ប៉ុន្តែ លោកមានខ្សែអាត់សំឡេង។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគំរាមបង្ហោះ ខ្សែអាត់សំឡេងនៃកិច្ចចរចា ដែលលោក សម រង្ស៊ី ទទួលស្គាល់លទ្ធផលឆ្នោត មិនទាមទារបង្កើត គណៈកម្មការឯករាជ្យ ព្រមទាំងគាំទ្រលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។
លោក ហ៊ុន សែន បានបញ្ជាក់ថា អ្នកដែលមានបំណង ធ្វើបាតុកម្មបន្តទៀតនោះ វាគ្រប់គ្រាន់ ហើយសម្រាប់បាតុកម្ម ព្រោះការតវ៉ានេះ ប៉ះពាល់ដល់សន្តិសុខ និងបង្កការលំបាកជាច្រើន ហើយ រាជរដ្ឋាភិបាលនេះ ត្រូវការចាំបាច់ គឺព្រះរាជក្រឹត របស់ព្រះមហាក្សត្រខ្មែរ គឺគ្រប់គ្រាន់ហើយ ដោយ មិនត្រូវការ ទទួលស្គាល់ការប្រថាប់ត្រា ពីអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ឬពី អាស៊ាននោះទេ ពីព្រោះរាជរដ្ឋាភិបាលនេះ គឺជារាជរដ្ឋភិបាលស្របច្បាប់ កើតចេញពីការបោះឆ្នោត ហើយមានព្រះហស្តលេខា ពីព្រះមហាក្សត្រ ថែមទៀត៕ Cambodia News