អ្នកឯកទេសឈឺក្បាលនឹងផែនដីពន្យឺតល្បឿនឡើងកម្តៅ
ការឡើងកំដៅនៃភពផែនដី ក្នុងល្បឿនយឺត នារយៈពេល ១៥ឆ្នាំចុងក្រោយនេះ កំពុងតែធ្វើឱ្យអ្នកឯកទេសផ្នែកអាកាសធាតុ ឈឺក្បាលនិងជួបការស្មុគស្មាញខ្លាំងនាពេលនេះ ព្រោះក្រុមអ្នកឯកទេសនេះ ធ្លាប់តែបានលើកឡើងអំពីគំរូ បញ្ចេញឧស្ម័នកាបូនិកច្រើន នឹងធ្វើឱ្យផែនដី ឡើងកំដៅ ប៉ុន្តែពេលនេះ ការបញ្ចេញឧស្ម័នពុលកើនឡើងជាលំដាប់ ឯសីតុណ្ហភាព បែរជាឡើងតិចទៅវិញ។
អ្នកឯកទេសអន្តររដ្ឋាភិបាលស្តីពីការវិវឌ្ឍន៍នៃអាកាសធាតុ ហៅកាត់ជាភាសាបារាំង(Giec) ដែលមានប្រទេសជាសមាជិកចំនួន ១៩៥ប្រទេស នឹងត្រូវជួបពិភាក្សាគ្នានាទីក្រុងស្តុកខុម ប្រទេសស៊ុយអែត នៅថ្ងៃសុក្រទី ២៧ កញ្ញានេះ ដើម្បីអាចចេញរបាយការណ៍ផ្លូវការបញ្ជាក់អំពីការឡើងសីតុណ្ណភាពនៃភព ផែនដី ០,៨អង្សារ គិតចាប់ពីសតវត្សរ៍ទី ២០មក និងបន្តឡើងជារហូតមកដល់សតវត្សរ៍ទី២១នេះ។ ប៉ុន្តែរបាយការណ៍នោះក៏ទំនងនឹងត្រូវបង្ហាញពីស្ថានភាពបន្ថយល្បឿន នៃការឡើងឡើងកម្តៅនៃភពផែនដី ដោយឆ្នាំ១៩៩៨ ឆ្នាំដែលមានអាកាសធាតុក្តៅជាពិសេសខុសប្លែកពីសព្វមួយមិនធ្លាប់មាន នោះ ល្បឿននៃការឡើងកម្តៅមានត្រឹមតែ០,០៥អង្សារជាមធ្យមក្នុងមួយ ទសវត្សរ៍ប៉ុណ្ណោះ ទល់នឹង០,១២អង្សារបើបប្រៀបទៅឆ្នាំ១៩៥១ ។
ការបន្ថយល្បឿននេះដែលទំនងជាមិនរំខានដល់គំរូទប់ស្កាត់ការឡើង កម្តៅនៃភពផែនដីមែន ប៉ុន្តែបាននិងកំពុងធ្វើឱ្យអ្នកឯកទេសវិលវល់យ៉ាងខ្លាំង។ គ្រប់គ្នាបានដឹងនិងបានឮ រហូតមកថាការបញ្ចេញឧស្ម័នកាបូនិក ដែលជាស្នាដៃរបស់មនុស្ស ជាឧស្ម័នបំពុលបរិយាកាស នាំឱ្យភពផែនដី ឡើងកម្តៅ។
ពេលនេះឧស្ម័នកាបូនិកបញ្ចេញចោលកើនឡើងជាលំដាប់ ឯសីតុណ្ហភាពបែរជាឡើងតិចជាងការប៉ាន់ប្រមាណទុក កាលពីជាង១០ឆ្នាំមុនទៅវិញ ?! ការចោទប្រកាន់ទៅលើតួនាទីរបស់មនុស្សខាងបញ្ចេញឧស្ម័នកាបូនិក មិនទាន់ទាំងត្រូវបានអារកាត់រកដំណោះស្រាយចេញផង ពេលនេះត្រូវរកមុខអ្នកថ្មីទៀតឬយ៉ាងណា ?! ការសិក្សាកំពុងបន្ត ហើយថ្មីៗនេះ គេបានលើកឡើងអំពីលទ្ធភាពធម្មជាតិបង្កឡើងដោយមហាសមុទ្ទ ម្តងឬពីរដងក្នុងមួយទសវត្សរ៍ ស្រូបយកអស់កម្តៅអស់ ឱ្យផ្ទៃសមុទ្ទត្រជាក់វិញដូច្នេះ។
ប៉ុន្តែដរាបណារកមូលហេតុមិនទាន់ឃើញ អ្នកឯកទេសផ្នែកអាកាសធាតុនៅតែទាមទារឱ្យមានការបន្តអនុវត្ត គំរូល្អ កាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិក ព្រោះនារយៈពេលជាងដប់ឆ្នាំចុងក្រោយនេះ នៅពេលរដូវក្តៅអាកាសធាតុក្តៅខ្លាំង មើលឃើញជាក់ស្តែង សញ្ញានៃការឡើងកម្តៅក៏ត្រូវបានស្តែងឱ្យដឹង ដូចជា ទឹកកកនៅតំបន់ប៉ូលរលាយ កម្ពស់ទឹកសមុទ្ទឡើង មានតែករណីក្តៅជ្រុលឬត្រជាក់ជ្រុលប៉ុណ្ណោះ៕ដោយ អៀង សុខម៉ិញ (RFI)