រុស្ស៊ីប្រើពាក្យ “អាចប្តូរជំហរ” ដាក់ស៊ីរី ជាលើកទីមួយ
ប្រធានាធិបតី បាស្ហារអាល់អាសាទ ហ៊ានលួចបន្លំ ! ពាក្យថា “ជំហរម៉ូស្គូអាចប្តូរផ្លាស់” ដែលធ្លាយចេញមកក្រៅជាលើកទីមួយ ត្រូវបានប្រកាសឡើងដោយ ប្រធានរដ្ឋបាលរបស់លោកប្រធានាធិបតីរុស្ស៊ី វ្លាដេមៀ ពូទីន បន្ទាប់ពីក្រុងដាម៉ាស ទើបបានប្រគល់បញ្ជីអាវុធគីមី មិនពេញលេញដល់អង្គការហាមឃាត់ការប្រើប្រាស់អាវុធគីមី។
“អ្វី ដែលខ្ញុំនិយាយពេលនេះ គឺជាសម្មតិកម្ម និងទៅតាមទ្រឹស្តីតែប៉ុណ្ណោះ ថា បើសិនជាថ្ងៃណាមួយ រុស្ស៊ីមើលឃើញពិតថាលោក បាស្ហារអាល់អាសាទ ធ្វើបញ្ជីបន្លំ រុស្ស៊ីអាចនឹងប្តូរជំហរ”។ នេះជាប្រសាសន៍របស់លោក ស្ហែកហ្គៃ អ៊ីវាណូហ្វ ក្នុងសន្និសីទមួយនៅទីក្រុងស្តុកខុម ស្រង់មកចុះបន្តដោយភ្នាក់ងារសារព័ត៌មានរុស្ស៊ី។
ថ្វីបើការអះអាងនេះ នាំមុខដោយ “ប្រសិនបើ” ក៏ពិតមែន ប៉ុន្តែ រុស្ស៊ី សម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់ស៊ីរី មិនធ្លាប់ប្រើសម្តីបែបនេះទេ។ កាលពីថ្ងៃព្រហស្បតិ៍មុននេះ លោក វ្លាដេមៀ ពូទីន ក៏បានទទួលស្គាល់ថាគ្មានទំនុកចិត្ត១០០%ថារបបក្រុងដាម៉ាសអនុវត្ត តាមកិច្ចព្រមព្រៀងកម្ទេចអាវុធគីមីបានទេ។
របបក្រុងដាម៉ាស ទើបតែប្រគល់បញ្ជីអាវុធគីមី ឱ្យអង្គការហាមឃាត់ការប្រើប្រាស់អាវុធគីមីនៅល្ងាចថ្ងៃសុក្រទី ២០កញ្ញានេះប៉ុណ្ណោះ ហើយជាបញ្ជីមិនពេញលេញទៀត។ ប៉ុន្តែជាមួយនឹងពាក្យសម្តីរបៀបសំឡុតនេះ អ្នកទទួលខុសត្រូវជាន់ខ្ពស់រុស្ស៊ី ស្ហែកហ្គៃ អ៊ីវ៉ាណូហ្វ បានគូសបញ្ជាក់អំពីជំហរប្រឆាំងដាច់ខាតដដែលនឹងអន្តរាគមន៍យោធានៅ ស៊ីរី និងអះអាងថា ទីតាំងលាក់អាវុធគីមី នឹងត្រូវបង្ហើបបង្ហាញឱ្យដឹងនៅយ៉ាងយូរមួយសប្តាហ៍ទៀត ស្របតាមកិច្ចព្រមព្រៀងដែលអាមេរិកនិងរុស្ស៊ីបានចុះហត្ថលេខារួម គ្នានៅក្រុងហ្សឺណែវ កាលពីថ្ងៃទី១៤កញ្ញា បន្ទាប់ពីមានការគំរាមកំហែងខ្លាំងពីសហរដ្ឋអាមេរិកចង់ធ្វើ អន្តរាគមន៍យោធានៅស៊ីរី។
ប៉ុន្តែក្រៅអំពីការមិនចុះសម្រុងគ្នារបស់មហាអំណាចលើការកម្ទេច អាវុធគីមីស៊ីរី រុស្ស៊ីចង់ឱ្យគ្រប់គ្នាចងចាំផងដែរ ថារបបក្រុងដាម៉ាស គ្មានអំណាចគ្រប់គ្រងពេញផ្ទៃប្រទេសទេ ហើយអាវុធគីមីក៏មិនប្រាកដថាស្ថិតតែនៅក្នុងដៃយោធារបស់ រដ្ឋាភិបាលដែរ។ សម្រាប់រុស្ស៊ី ការវាយប្រហារគីមីកាលពីខែសីហា គឺជាស្នាដៃរបស់ពួកឧទ្ទាម៕ដោយ អៀង សុខម៉ិញ (RFI)