គណបក្ស សង្គ្រោះជាតិ រិះគន់ការបើកប្រជុំដំបូងរបស់រដ្ឋសភា

ភ្នំពេញ៖ គណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍មួយ ពីខេត្តសៀមរាបភ្លាម បន្ទាប់ពីព្រះមហាក្សត្រ បានយាងបើកសម័យប្រជុំលើកដំបូង នៃរដ្ឋសភានីតិកាលទីប្រាំនោះ។
គណបក្សសង្គ្រោះជាតិ បានរិះគន់ថា នៅក្នុងការបោះឆ្នោតឆ្នាំ២០១៣ ប្រជាពលរដ្ឋបានបោះឆ្នោតអោយគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែរដ្ឋសភា បានសម័យប្រជុំដំបូងរបស់ខ្លួន ដោយមានតែបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រតែ ៦៨ រូបមកពីគណបក្សតែមួយ គឺគណបក្សប្រជាជន។
គណបក្សសង្គ្រោះជាតិ បានចាត់ទុកថា ការបើកសម័យប្រជុំលើកដំបូងដោយគ្មានវត្តមានរបស់ខ្លួន គឺជាការរំលោភរដ្ឋធម្មនុញ្ញ។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយចុះ ព្រះមហាក្សត្របានយាងបើកសម័យប្រជុំលើកដំបូងនេះ ដោយមានការចូលរួមរបស់តំណាងទូតនានា នៅកម្ពុជាដោយរួមទាំងទូតអាមេរិក ចិន ជប៉ុន បារាំង និងតំណាងសហភាពអឺរ៉ុប៕