សហគ្រាស​រដ្ឋ​វៀតណាម​ Vinashin​ បណ្តេញ​បុគ្គលិក​ការងារ​ ១៤០០០នាក់

សហគ្រាស​រដ្ឋវៀតណាម​ដ៏​ល្បីឈ្មោះ Vinashin ​បាន​ប្រកាស​បណ្តេញបុគ្គលិក​ការងារ​ខ្លួន​ចំនួន​១៤០០០នាក់​ ដើម្បី​រៀបចំ​រចនាសម្ព័ន្ធ​​សហគ្រាស​​ឡើងវិញ។ សហគ្រាស​មាន​បំណង​បន្ថយ​​កម្លាំងការងារ​៧០ភាគរយ។ នេះបើ​យោងតាម​​​ព័ត៌មាន​កាសែត​បារាំង AFP ចុះផ្សាយ​នៅថ្ងៃ​ព្រហស្បតិ៍​នេះ។ ការប្រកាស​បន្ថយ​បុគ្គលិក​ក្នុង​អត្រា​ដ៏​ខ្ពស់​បែបនេះ បង្ហាញ​ពី​​ការខិតជិត​ទៅ​រក​ភាព​​ក្ស័យធន​នៃសហគ្រាស​រដ្ឋ​ដ៏ល្បីឈ្មោះ​ Vinashin ​ ​ធ្វើអោយ​មុខមាត់​ហិរញ្ញវត្ថុ​វៀតណាម​បាក់មុខ​ខ្លាំង។

សហគ្រាស ​ផលិត​នាវា​រដ្ឋវៀតណាម វីណាស្ហ៊ីន ធ្លាប់​​ស្ទើរ​តែ​ក្ស័យធន​​​​​ម្តងរួច​មកហើយ កាលពី​ឆ្នាំ​២០១០ ដោយកាលណោះ​សហគ្រាស​នេះ​មានបំណុល​រហូត​ដល់​ទៅ​ជាង​៤ពាន់លាន​ដុល្លារ​ឯណោះ។ បច្ចុប្បន្ន​ សហគ្រាស​​មាន​បុគ្គលិកការងារ​២​៦០០០នាក់ បើប្រៀបធៀប​ទៅ​ឆ្នាំ​២០០៨ បុគ្គលិកការងារ​កាលណោះ​ មាន​រហូត​ដល់​៦ម៉ឺននាក់ គឺ​ច្រើនជាងនេះ​ឆ្ងាយណាស់។

នៅពេលនេះ ក្នុង​ក្របខណ្ឌ​នៃ​ការ​រៀបចំ​កែប្រែ​រចនាសម្ព័ន្ធ​របស់​ខ្លួន​ឡើងវិញ សហគ្រាស​​វីណាស្ហ៊ីន​​បាន​​​ប្រកាស​​​លុបចោលការងារ​ចំនួន​១ម៉ឺន៨ពាន់ និង​បណ្តេញ​​បុគ្គលិកចេញ​​១ម៉ឺន៤ពាន់​នាក់។ សហគ្រាស​​មិន​បាន​​ប្រាប់​ពី​​​បញ្ហា​លំអិត​​​ថា តើ​​ត្រូវ​បន្តផ្តោត​​​ការងារ​​លើការ​ផលិតកប៉ាល់​ទៀត រឺក៏​ត្រូវ​​​ពង្រឹង​​ការដ្ឋាន​ការងារ​។

មុននឹង​ដាំក្បាល​ចុះ​នេះ សហគ្រាស​វីណាស្ហ៊ីន ​បាន​ត្រូវ​គេ​ចាត់​ទុក​ថា ជា​ពន្លកផ្កា​នៃ​ឧស្សាហកម្ម​​វៀត ណាម។ រឿងអាស្រូវ​ថ្មីនេះ​បាន​ធ្វើអោយ​​រដ្ឋាភិបាល​​ និង​ផ្នែកហិរញ្ញវត្ថុ​វៀតណាម​​បាក់មុខ​ខ្លាំង។ កន្លងមក ទីភ្នាក់ងារ​វាយតំលៃ​ហានិភ័យ​​ ធ្លាប់​បាន​បន្ថយពិន្ទុ​សហគ្រាស​មួយនេះ​​ ជាច្រើនលើក​មកហើយ ដោយចាត់​ទុក​សហគ្រាស​​​ថា​មានលក្ខណៈ​ប្រថុយប្រថាន​ចំពោះ​វិស័យធនាគារ​​ ហើយ​ថា សហគ្រាស​បាន​ឆ្លុះ​បញ្ចាំង​ពី​ភាពទន់ខ្សោយ​ផ្នែក​ផលិត។ កន្លងមក អ្នកទទួល​ខុសត្រូវ​សហគ្រាស​​វីណាស្ហ៊ីន ​ជាង១០នាក់ហើយ​ ដែល​បាន​​ទទួលទោស​ជាប់ពន្ធនាគារ​​ធ្ងន់ធ្ងរ៕ដោយ ព្រំ សឿន សូលីណា​(RFI)

Related Articles

Back to top button
Close
Close