ហ្វីលីពីននិងអាមេរិកធ្វើសមយុទ្ធយោធារួមគ្នា នៅសមុទ្រចិនខាងត្បូង
នៅថ្ងៃពុធនេះ ហ្វីលីពីននិងអាមេរិកបានបើកធ្វើសមយុទ្ធយោធារួមគ្នា រយៈពេល៣សប្តាហ៍ នៅសមុទ្រចិនខាងត្បូង ជាប់តំបន់ជម្លោះរវាងចិន និងហ្វីលីពីន។ ហ្វីលីពីនចង់ពង្រឹងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកអោយបានខ្លាំងក្លា នៅចំពោះមុខមហិច្ឆតាដែនទឹកប្រទេសចិនក្នុងតំបន់។
ទាហាន ហ្វីលីពីននិងទាហានអាមេរិក បានបើកសមយុទ្ធយោធារួមគ្នា នៅថ្ងៃពុធនេះ ចាប់ពីទីតាំងទ័ពជើងទឹក នៅក្រុងសាន់ អង់តូនីញ៉ូ ស្ថិតនៅឆ្នេរខាងលិចកោះលូសុង។ មូលដ្ឋានទ័ពជើងទឹកនេះ ស្ថិតនៅ២២០គីឡូម៉ែត្រពីកោះផ្កាថ្ម ស្កាបូរ៉ុក ដែលជាកោះជម្លោះរវាងចិននិងហ្វីលីពីន នៅសមុទ្រចិនខាងត្បូង។ បើគិតពីកោះហៃណានប្រទេសចិន មូលដ្ឋានទ័ពហ្វីលីពីននៅសាន់ អង់តូនីញ៉ូនេះ មានចំងាយ៦៥០គីឡូម៉ែត្រ ពីកោះហៃណាន។
សំរាប់ ហ្វីលីពីន សមយុទ្ធយោធារួមគ្នាជាមួយអាមេរិករយៈពេល៣សប្តាហ៍នេះ មានទិសដៅជួយហ្វីលីពីនក្នុងការការពារបូរណភាពទឹកដីខ្លួន នៅចំពោះមុខមហិច្ឆតាដែនទឹករបស់ចិន។ ក្នុងសមយុទ្ធយោធាថ្ងៃពុធនេះ កងទ័ពប្រទេសទាំងពីរ បានហ្វឹកហាត់បាញ់គ្រាប់ពិត និងសាកសំដែងឆាក ធ្វើហាក់ដូចជាត្រូវប្រតិបត្តិការទាំងជើងគោក ទាំងជើងទឹក ដើម្បីដណ្តើមយកកោះនានា ពីប្រទេសសត្រូវមកវិញដូច្នោះដែរ។
គួររំលឹកថា ចិនតែងទាមទារបូរណភាពដែនទឹកនៅស្ទើរគ្រប់ទីកន្លែង នៅសមុទ្រចិនទាំងមូល ជាមួយប្រទេសជាច្រើនក្នុងតំបន់។ សមុទ្រចិនខាងត្បូង គឺជាប្រជុំជននៃពាណិជ្ជកម្មផ្លូវទឹកគ្រប់បែបយ៉ាង និងសំបូរដោយធនធានប្រេង និងឧស្ម័នធម្មជាតិ។ ចាប់តាំងពីឆ្នាំ២០១២មក ហ្វីលីពីនបានចោទចិនថា បានប្រើនាវាចូលទៅកោះផ្កាថ្មស្កាបូរ៉ុក ធ្វើអោយអ្នកនេសាទហ្វីលីពីនមិនអាចទៅកាន់ទីនោះបាន។
សមយុទ្ធយោធានៅថ្ងៃពុធនេះ ធ្វើឡើងចំពេលដែលហ្វីលីពីននិងអាមេរិកកំពុងតែចរចាគ្នាលើកិច្ច ព្រមព្រៀងស្តីពីការពង្រឹងវត្តមានយោធាអាមេរិកនៅហ្វីលីពីន។ ហើយគឺនៅតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ មុនទស្សនកិច្ចប្រធានាធិបតីអូបាម៉ា នៅក្រុងម៉ានីល ក្នុងថ្ងៃ១១-១២ តុលាខាងមុខនេះ៕ដោយ ព្រំ សឿន សូលីណា (RFI)