ពង្រឹង​សមត្ថភាព​មន្រ្តី​​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​លើ​​ការងារ​ព័ត៌មាន

លោកស្រី ជឹម ម៉ាណាវី នាយិកា ប្រតិបត្តិ អង្គការ វិទ្យាស្ថាន បើក ទូលាយថ្លែង នៅ ក្នុង ពិធី បើក វគ្គ បណ្ដុះបណ្ដាល នា ថ្ងៃ ទី ១៩ មិថុនា ២០១២។

ថ្លែង​នៅ​ក្នុង​ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល​នេះ លោកស្រី ជឹម ម៉ាណាវី​ នាយិកា​ប្រតិបត្តិ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ បាន​មាន​ប្រសាសន៍​ថា វគ្គ​នេះ​ពិត​ជា​មាន​សារៈសំខាន់​បំផុត សម្រាប់​សិក្ខាកាម​ជា​មន្ត្រី​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ក្នុង​ការងារ​ព័ត៌មាន​ប្រចាំថ្ងៃ។

 

លោកស្រី​បាន​បញ្ជាក់​ថា ព័ត៌មាន​គឺ​ជា​អំណាច ដែល​អាច​ធ្វើ​ឲ្យ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ធ្វើ សេចក្ដី​សម្រេចចិត្ត​បាន​យ៉ាង​ត្រឹមត្រូវ​ ពិសេស​នៅ​ក្នុង​ដំណាក់​កាល​នៃ «បច្ចេកវិទ្យា​ព័ត៌មាន និង​សារ​​គមនាគមន៍ (ICT)»
លោកស្រី​បាន​បន្ត​ថា វគ្គ​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​ជា​ប្រព័ន្ធ ដែល​ទទួល​បាន​សហការ​ឧបត្ថម្ភ​ពី​​អង្គការ ស្ប៉ាយឌឺ (Spider) របស់​ប្រទេស​ស៊ុយអែត និង​អង្គការ OSI របស់​ប្រទេស​អាមេរិក។

វគ្គ​បណ្ដុះបណ្ដាល​ដែល​មាន​ប្រធាន​បទ«ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មានវិទ្យា (ICT) ក្នុង​​ការ​ទទួល​ ​និងផ្សព្វ​ផ្សាយ​ព័ត៌មាន»​ នេះ​មាន​រយៈ​ពេល​បី​ថ្ងៃ ​ដោយ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី ១៩ ដល់​​ថ្ងៃ​ទី ២១ មិថុនា ដោយ​មាន​សិក្ខា​កាម​ចំនួន ១៨ រូប ដែល​ក្នុង​នោះ​ក៏​មាន​មន្ត្រី​បី​បួន​រូប​មក​ពី​ក្រសួង​ទំនាក់ទំនង​ជា​មួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច ក្រសួង​មហា​ផ្ទៃ និង​អង្គការ​សង្គម​​ស៊ីវិល​ផង​ដែរ។

វគ្គ​នេះ​បាន​ផ្ដោត​លើ​ប្រធានបទ​សំខាន់ៗ​ជា​ច្រើន​ដូច​ជា ការ​សរសេរ​ព័ត៌មាន​ទាន់​ហេតុការណ៍ និង​អ្វី​ជា​រូប​ថត​ព័ត៌មាន សេចក្ដីប្រកាស​ព័ត៌មាន និង​ការ​ធ្វើ​ការងារ​ជាមួយ​អ្នក​សារព័ត៌មាន​ប្រកប​ដោយ​ជោគជ័យ ដោយ​រួម​ទាំង​ច្បាប់ និងក្រមសីលធម៌​ទាក់ទិន     ​នឹង​អត្ថបទ និងរូបភាព ដើម្បី​ជៀសវាង​បណ្តឹង​តុលាការ និង​ការតវា​ពីពលរដ្ឋផងដែរ។  

លោក ស្រី ស៊ី តូន អនុប្រធាន សម្ព័ន្ធ ភាព ក្រុមប្រឹក្សា ឃុំ សង្កាត់ និង ជាចៅសង្កាត់ ផ្សារថ្មី ១ ថ្លែង នៅ ក្នុង ពិធី បើក វគ្គ បណ្ដុះបណ្ដាល នា ថ្ងៃ ទី ១៩ មិថុនា ២០១២។

យោង​តាម​កម្មវិធី​បណ្ដុះបណ្ដាល​បាន​ឲ្យ​ដឹង​ថា ក្រៅ​ពី​មាន​ការ​អនុវត្ត​សរសេរ​ព័ត៌មាន​ជាក់​ស្តែង​នោះ សិក្ខាកាម​ក៏​នឹង​ទទួល​បាន​ការ​បង្ហាញ​ពី​របៀប​ដំឡើង​​កម្មវិធី​កុំព្យូទ័រ​ភាសា​ខ្មែរ​ជា​ទម្រង់​យូនីកូដ​ខ្មែរ និងកម្មវិធី​រុករកព័ត៌មាន​ជាភាសា​ខ្មែរ​នៅ​ក្នុង​អ៊ីនធឺ​ណិត​ (Firefox) ផង​ដែរ។

មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​នោះ​ដែរ លោក​ស្រី ស៊ី តូន អនុប្រធាន​​សម្ព័ន្ធ​ភាព​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​បាន​លើក​ឡើង​ថា វគ្គ​នេះ​ពិត​ជា​មានប្រយោជន៍​ដល់​​មន្ត្រី​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ ដែល​បំពេញការងារ​នៅ​កៀក​នឹង​ប្រជាពលរដ្ឋ។
លោក​ស្រី ស៊ី តូន ដែល​ជា​ចៅសង្កាត់​ដែរ​នោះ​បាន​បញ្ជាក់​ថា សិក្ខាកាម​នឹង​អាច​យក​ចំណេះដឹង​ពី​វគ្គ​នេះ​ទៅ​បំពេញ​ការងារ​ផ្សព្វផ្សាយ​ព័ត៌មាន​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​របស់​ខ្ឡួន។

គួរ​បញ្ជាក់​ដែរ​ថា វគ្គ​បណ្ដុះបណ្ដាល​នេះ​គឺ​ជា​ផ្នែក​នៃ​កម្មវិធី​ជា​ប្រព័ន្ធ ដោយមាន​វគ្គ​បណ្តុះ​បណ្ដាល​ពីរ​ជា​បន្តបន្ទាប់ ដោយ​វគ្គ​ទី​មួយ​​​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី ២១ ២២ ខែ មីនា ដោយ​​ផ្ដោត​លើ​ប្រធាន​បទ​​ស្ដី​ពី​​សិទ្ធិ​ទទួល​​ព័ត៌មាន​ប្រកប​ដោយ​ទស្សនៈ​យេនឌ័រ ​ហើយ​វគ្គ​នា​ពេល​នេះ​ជា​វគ្គ​លើក​ទី​ពីរ​ដោយ​​បាន​ផ្ដោត​លើ​​ការ​​ប្រើ​ប្រាស់​បច្ចេកវិជ្ជា​ព័ត៌មាន ដើម្បី​​ប្រមូល​ និង​ផ្សព្វផ្សាយ​ព័ត៌មាន​ជូន​ប្រជាពលរដ្ឋ៕

 

Related Articles

Back to top button
Close
Close