អ.ស.ប​ ចង់​បង្កើត​បញ្ជី​ឈ្មោះ​ស្ថាប័ន​និង​ថ្នាក់​ដឹកនាំ​ដែល​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កូរ៉េ​ខាងជើង​

នៅ​ថ្ងៃ​អង្គារ​នេះ គណៈ​កម្មការអង្គការ​សហប្រជាជាតិ ទទួលបន្ទុក​​​​ស៊ើបអង្កេត​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​កូរ៉េ​ខាងជើង បាន​បង្ហាញ​​ពីគោល​បំណង​ខ្លួន ក្នុង​ការ​បង្កើត​បញ្ជី​​ឈ្មោះ​ស្ថាប័ន ​និង​ថ្នាក់ដឹកនាំកូរ៉េ​​​ខាងជើង ដែលធ្លាប់​​បាន​រំលោភ​បំពាន​សិទ្ធិមនុស្ស​។ គណៈ​កម្មការ​ស៊ើបអង្កេត​នេះ ចង់អោយ​រាល់​ជនដែល​ទទួលខុសត្រូវ​ទាំងនោះ សងនូវ​អ្វី​ដែល​ខ្លួន​បាន​ធ្វើ​ ក្នុង​នោះ​​ក៏​​រាប់​បញ្ចូល​​​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​ផងដែរ។

លោក ម៉ៃឃើល ឃើរប៊ី ប្រធាន​គណៈ​កម្មការ​​​អង្គការ​សហប្រជាជាតិ ទទួលបន្ទុក​ស៊ើបអង្កេត​​​​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​កូរ៉េ​ខាងជើង បាន​បង្ហាញ​​ខ្លឹមសារ​នៃ​របាយការណ៍​ខ្លួន ដោយ​បាន​អត្ថាធិប្បាយ​ផ្ទាល់មាត់ នៅ​ចំពោះ​មុខ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ​ ថា​គណៈ​កម្មការ​ស៊ើបអង្កេត​មាន​បំណង​បង្កើត​បញ្ជី​ឈ្មោះ​ស្ថាប័ន ​និង​ឈ្មោះ​ថ្នាក់ដឹកនាំកូរ៉េ​​​ ដែល​បាន​រំលោភ​សិទ្ធិមនុស្ស​ករណី​ធ្ងន់ធ្ងរ​ ដើម្បី​អោយ​ពួកគេ​ទទួលខុសត្រូវ​នូវអ្វី​ដែលពួកគេ​បានប្រព្រឹត្ត រួមទាំង​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្ស​ជាតិ​ផងដែរ។

យោងតាម ​​លោក ឃើរប៊ី សាក្សី​ដែល​បាន​​រៀបរាប់​ពី​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​កូរ៉េខាងជើង គឺ​ជា​ជន​ភៀសខ្លួន និង​អតីត​អ្នកទោស​នយោបាយ ហើយ​ពួកគេ​បានប្រាប់ថា គឺ​រដ្ឋាភិបាល​ក្រុងព្យុងយ៉ាង​តែម្តង​ ជា​អ្នកបំពាន​សិទ្ធិមនុស្ស។ ​​គណៈកម្មការ​​ស៊ើបអង្កេត​បាន​លើកឡើង​​តាមរយៈ​គេហទំព័រ​ខ្លួន នូវ​​​​ការ​រំលោភ​សិទ្ធិមនុស្ស​ជា​ទ្រង់ទ្រាយធំនៅ​កូរ៉េខាងជើង ដែល​ឈានទៅដល់​លក្ខណៈ​ធ្ងន់ធ្ងរ។

គណៈ​កម្មការស៊ើបអង្កេត​នឹង​​​​ធ្វើការ​កំណត់​សន្និដ្ឋាន​ថា តើ​​ស្ថាប័ន​រដ្ឋកូរ៉េខាងជើង​មួយណា ហើយ​តើ​ថ្នាក់ដឹកនាំ​រូបណា​ខ្លះ ដែល​ទទួលខុសត្រូវ​​រឿងនេះ។  គណៈ​កម្មការ​នឹង​​បង្ហាញ​របាយការណ៍​ចុងក្រោយ​របស់​ខ្លួន នៅ​ខែ​មិនា​ ឆ្នាំ​២០១៤​ខាងមុខ។ គណៈ​កម្មការ​ស៊ើបអង្កេតនៃ​អង្គការ​សហប្រជាជាតិ​មួយ​នេះ​ ត្រូវ​បាន​បង្កើត​ឡើង ​កាលពី​ខែ​មិនា​កន្លងទៅ ​ដើម្បី​​ស៊ើបអង្កេត​​​ការ​រំលោភ​សិទ្ធិមនុស្ស​នៅកូរ៉េ​ខាងជើង។ ក្នុង​ខែ​ សីហា​មុននេះ​ គណៈកម្មការ​​បានរៀបចំ​​ការ​​សាកសួរ​សាក្សី​ជាច្រើន​រូប ក្នុង​ប្រទេស​កូរ៉េខាងត្បូង។

តំណាង​ប្រទេស​​​​កូរ៉េ​ខាងជើង​ នៅ​អង្គការ​សហប្រជាជាតិ បាន​​ច្រានចោល​​របាយការណ៍​ចោទប្រកាន់​របស់​លោក ម៉ៃឃើល ឃើរប៊ី ដោយ​ចោទទៅវិញ​ថា របាយការណ៍​នេះ​​​ធ្វើខុសទាំងស្រុង ហើយ​ថា ការសន្និដ្ឋាន​នៃរបាយការណ៍​ គឺ​ជាការ​ឃុបខិត​នយោបាយ​ ក្នុង​ទិសដៅ​ផ្លាស់ប្តូរ​​រដ្ឋអំណាច​កូរ៉េ​ខាងជើង​ប៉ុណ្ណោះ។

គួររំលឹកថា កន្លងមក អាជ្ញាធរ​​ក្រុងព្យុងយ៉ាង​​មិន​បាន​ទទួលស្គាល់​គណៈកម្មការ​ស៊ើបអង្កេត​ សិទ្ធិមនុស្ស​នេះទេ ហើយ​ថែម​ទាំង​បាន​ហាមឃាត់​មិនអោយ​គណៈកម្មការ​នេះ​ចូលទៅកាន់ទឹកដី​ កូរ៉េខាងជើង​ទៀតផង៕ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close