សាលា​មត្តេយ្យ​​ជប៉ុន​មួយ​ ត្រូវសង​១លាន​៣សែន​អឺរ៉ូ​ដល់​គ្រួសារ​ដែល​បាត់បង់​កូន​៤នាក់​ក្នុង​រលកយក្ខ​ស៊ូណាមី​

នៅ​ថ្ងៃ​ អង្គារ​នេះ តុលាការ​ជប៉ុន​បាន​សំរេច​កាត់ក្តី អោយ​​នាយកសាលា​និង​សាលាមត្តេយ្យ​​ជប៉ុន​​​មួយកន្លែង​ ចេញ​សង​​ជំងឺចិត្ត​ជា​ទឹកប្រាក់​១លាន៣សែន​អឺរ៉ូ​ ដល់​​គ្រួសារ​មួយ​ដែលបាន​​​បាត់បង់​កូន៤នាក់​ ក្នុង​មហន្តរាយ​នៃ​​រលកយក្ខ​​​​ស៊ូណាមី កាលពី​ឆ្នាំ​២០១១។ នៅ​ថ្ងៃ​នៃ​គ្រោះ​មហន្តរាយ​នោះ នាយកសាលា​បាន​ប្រាប់​​អោយ​រថយន្ត​ដឹកសិស្ស​​ចេញ​ពី​សាលា​មត្តេយ្យ​​ បើទោះ​ជា​ដឹង​ថា​​​ដី​កំពុង​តែ​រញ្ជួយ​ខ្លាំងក៏ដោយ។

ចៅក្រម ​​​តុលាការទី​ក្រុង​សេនដៃ ប្រទេស​ជប៉ុន ​បាន​សំរេច​អោយ​នាយកសាលា និង​សាលា​មេត្តយ្យ​នោះ​សងជំងឺ​ចិត្ត​ មួយលាន​បីសែន​អឺរ៉ូ ដល់​ឳពុកម្តាយ​កុមារ​​ទាំង៤នាក់ ដែល​ស្លាប់​បាត់បង់ជីវិត​ ក្នុង​រលកយក្ខ​ស៊ូណាមី​ ឆ្នាំ​២០១១។ តុលាការ​លើក​ហេតុផល​ថា ថ្វីដ្បិត​តែ​គេ​មិន​អាច​ដឹង​បាន​ជាមុន​នូវ​គ្រោះរញ្ជួយដី​នានា ដែល​នឹង​ត្រូវ​កើតឡើង​ក្តី តែ​នាយកសាលា​នោះ បាន​អនុញ្ញាត​​​អោយ​រថយន្ត​​​ដឹក​សិស្សសាលា​ ចាកចេញ​ពី​សាលា​​បរ​ទៅ​​តាម​ផ្លូវ​ ដែល​ស្ថិត​នៅ​បណ្តោយ​សមុទ្រ​។ ហើយ​បើទោះ​ជា​នៅពេលនោះ គ្រប់គ្នា​សុទ្ធ​តែ​​បាន​ដឹង​ហើយ​ថា ដី​កំពុង​តែ​រញ្ជួយ​ខ្លាំង។ តុលាការ​លើកឡើង​ថា នាយកសាលា​​មត្តេយ្យ​នោះ​មានកាតព្វកិច្ច​ស្តាប់ព័ត៌មាន​​តាម​​វិទ្យុ​ និង​ការ​ប្រកាស​តាម​មេក្រូ​ផ្សេងៗ មុននឹង​សំរេច​អោយ​រថយន្ត​ចាកចេញ​ពី​សាលា។

នៅទីបញ្ចប់ ​គឺ​គឺ​​កុមារ​៤នាក់​ ជា​បងប្អូន​នឹង​គ្នា ​ត្រូវ​បាន​រលកយក្ខ​ស៊ូណាមី​ ត្របាក់​អាយុជីវិត​ទៅ។ សំរាប់​តុលាការ​ជប៉ុន​ គឺ​នាយកសាលា​សុទ្ធសាធ​ជា​អ្នកទទួលខុសត្រូវ​ក្នុង​ហេតុការណ៍​នោះ។

សាលា​​មតេ្តយ្យ​របស់​កុមារ​ទាំង​៤នាក់​ដែល​បាត់បង់​ជីវិត​នោះ មាន​ឈ្មោះ​ថា ហ៊ីយ៉ូរី នៅ​នៅ​ភាគ​ខាង​ជើង​ប្រទេស ក្នុង​​ក្រុង​អ៊ីស្ហ៊ីណូម៉ាគី ដែល​សំបូរ​មនុស្ស​ស្លាប់​ច្រើនក្នុង​​គ្រោះ​ស៊ូណាមី​នោះ​។​ ជា​សរុប កាលណោះ​មាន​កុមារ​៥នាក់​ នៃ​​​សាលាមត្តេយ្យ​ ហ៊ីយ៉ូរី ​​​​​ស្ថិត​​ក្នុង​រថយន្តដែល​រងគ្រោះ​ដោយ​​រលកយក្ខ​ស៊ូណាមី​។​ ​ឳពុកម្តាយ​កុមារ​ទាំង​៤នាក់​ បាន​​ដាក់ពាក្យប្តឹង​​​ ព្រោះថា វា​មិន​សមហេតុផល​ទាល់តែសោះ ដែល​រថយន្ត​ដឹកកូន​ៗ​របស់​ខ្លួន​បាន​ចាកចេញ​ពី​សាលា ពេល​គ្រោះ​រញ្ជួយដី​កើតមាន​រួចទៅ​ហើយ។ ពិសេស​ទៀតនោះ សាលា​រៀន​ទៀតសោត ស្ថិតក្នុង​តំបន់​ខ្ពង់រាប ហើយ​មិនបាន​រងគ្រោះ​ដោយ​រលកយក្ខ​នោះ​សោះឡើយ៕ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close