ការប៉ះទង្គិចនៅក្បាលថ្នល់ បណ្តាលឲ្យយុវជនម្នាក់ស្លាប់ និងរបួស ៣នាក់
ភ្នំពេញ៖ ក្នុងការប៉ះទង្គិចរវាងក្រុមយុវជនមួយក្រុម ជាមួយប៉ូលិស នៅស្ពានអាកាសក្បាលថ្នល់ កាលពីយប់ថ្ងៃអាទិត្យ ទី១៥កញ្ញា ឆ្នាំ២០១៣ បានបណ្តាលឲ្យយុវជនម្នាក់ស្លាប់ ដោយគ្រាប់កាំភ្លើងរបស់ប៉ូលិស និងបីនាក់ទៀត រងរបួស នឹងមនុស្សជាង ១០ នាក់ ត្រូវបានចាប់ខ្លួន នេះបើតាមការអះអាងរបស់មន្ត្រីអង្គការសិទ្ធិមនុស្ស អាដហុក។

លោក ចាន់ សាវ៉េត មន្ត្រីស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្ស អាដហុក បានឲ្យដឹងថា ប៉ូលិសបានប្រើគ្រាប់កាំភ្លើងពិត គ្រាប់បែកផ្សែង និងឡានទឹក បាញ់លើក្រុមយុវជនជាង ៣០ នាក់ ដែលបានប្រឈមមុខតទល់ជាមួយប៉ូលិស ដែលមានប្រមាណ ៣ ពាន់នាក់។
លោក ចាន់ សាវ៉េត បន្តថា យុវជនមួយក្រុមនោះ មិនស្ថិតនៅក្នុងចំណោមក្រុមបាតុករដឹកនាំដោយគណបក្សសង្គ្រោះជាតិទេ។
សកម្មជនសិទ្ធិមនុស្ស លោក ចាន់ សាវ៉េត បានបញ្ជាក់ថា ក្រុមយុវជនខឹង ហើយតវ៉ាចំពោះការបិទផ្លូវ ដែលធ្វើឡើងដោយអាជ្ញាធរ ចាប់តាំងពីម៉ោង បីទៀបភ្លឺ នៅលើស្ពានអាកាសក្បាលថ្នល់ នៅថ្ងៃអាទិត្យ។ ការបិទផ្លូវ ដោយរបងលួសបន្លា ដែលបណ្តាលឲ្យមានការកកស្ទះចរាចរណ៍ខ្លាំង នៅម្តុំស្ពានមុនីវង្ស ក្បាលថ្នល់។
ជុំវិញស្ថានការណ៍ប៉ះទង្គិចនៅស្ពានអាកាសក្បាលថ្នល់ កាលពីយប់មិញ មិនទាន់មានប្រតិកម្មបែបណា ចេញពីខាងអាជ្ញាធរ សមត្ថកិច្ច ជុំវិញការប៉ះទង្គិចគ្នានោះ នៅឡើយទេ៕ Cambodia News
