លោក ហ៊ុន សែន ឆ្លើយតបតាមព្រះរាជតម្រិះរបស់ ព្រះមហាក្សត្រ ព្រមចូលរួមប្រជុំចរចា នៅថ្ងៃទី១៤កញ្ញា
ភ្នំពេញ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានសរសេរលិខិត ថ្វាយព្រះមហាក្សត្រ ដោយយល់ព្រមទទួលយកព្រះរាជតម្រិះរបស់ព្រះអង្គ ដើម្បីចូលរួមប្រជុំចរចា ដោះស្រាយបញ្ហាជាតិ ជាមួយថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃទី១៤កញ្ញា ឆ្នាំ២០១៣ នៅព្រះបរមរាជវាំង។
លោក ហ៊ុន សែន បានក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រ ថា សម្តេចនឹងដឹកនាំសហការី២រូបគឺលោកសាយ ឈុំ និងលោកស ខេង ចូលរួមប្រជុំតាមការអញ្ជើញរបស់ព្រះមហាក្សត្រ។ សម្រាប់ គណបក្សសង្គ្រោះជាតិ មិនមាន ព័ត៌មានណាមួយ នៅឡើយទេ កាលពីថ្ងៃទី១២កញ្ញា នេះ ដោយសារការទាក់ទងរបស់អ្នកយកព័ត៌មាន មិនអាចធ្វើទៅបាន។
ដោយឡែក លោក ជាម យៀប សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា បានលើកឡើងថា “ការប្រជុំ នេះជាការល្អហើយ ដើម្បីកុំឲ្យមានបាតុកម្មធ្វើតទៅទៀត ហើយធ្វើម្តេចស្រុះស្រួលគ្នា ផ្តល់សន្តិភាពដល់មាតុភូមិ”។
សូមរម្លឹកថា ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជសារពីរ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១២។ មួយជូនលោក ហ៊ុន សែន និងមួយទៀតជូនលោកសម រង្ស៊ី។ ព្រះករុណា កោះអញ្ជើញសម្តេចហ៊ុន សែន និងលោកសម រង្ស៊ី ចូលរួមប្រជុំក្រោមព្រះរាជាធិបតីភាពរបស់ព្រះអង្គ នៅព្រះបរមរាជវាំង វេលាម៉ោង ៩ ព្រឹក ថ្ងៃទី១៤កញ្ញា ឆ្នាំ២០១៣។ ព្រះរាជសារ ប្រាប់ថា កិច្ចប្រជុំនោះ គឺដើម្បី “ដោះស្រាយបញ្ហាជាតិ” ហើយប្រព្រឹត្តិទៅនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៣ វេលាម៉ោង ៩ព្រឹក នៅព្រះមហាប្រាសាទខេមរិន្ទ ក្នុងព្រះបរមរាជវាំង៕ Cambodia News