ស្ថានទូតជប៉ុនទទួលយកញត្តិរបស់ពលរដ្ឋបុរីកីឡា និងបឹងកក់
ភ្នំពេញ: ប្រជាពលរដ្ឋមកពីតំបន់បឹងកក់ និងតំបន់បុរីកីឡា បានប្រមូលផ្តុំគ្នានៅព្រឹទ្ធសភា ដាក់ញត្តិជូនសម្តេច ជា ស៊ីម ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី៨ មិថុនា ២០១២ ហើយ និងដាក់ញត្តិជូនឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា។
តំណាងប្រជាពលរដ្ឋបឹងកក់ លោក ដួង គា បានអះអាងថា ពួកគាត់បានដាក់ញត្តិជូនស្ថានទូតជប៉ុន ដែលមានអង្គការ JICA ជាម្ចាស់ជំនួយធំជាងគេនៅកម្ពុជា និងសុំឲ្យស្ថានទូតជប៉ុនជួយអន្តរាគមន៍ទៅរដ្ឋាភិបាល ឲ្យដោះលែងតំណាងពួកគាត់ទាំង ១៥នាក់ ដែលត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសដោយអយុត្តិធម៌ ជាប់ពន្ធនាគារនៅព្រៃស។
នៅព្រឹកថ្ងៃដដែលមកដល់ម៉ោងជាង ១០ នេះ ស្ថានទូតជប៉ុនបានយល់ព្រមទទួលញត្តិរបស់ប្រជាពលរដ្ឋបឹងកក់ និងបុរីកីឡា ហើយសន្យាថា នឹងធ្វើអន្តរាគមន៍ទៅរាជរដ្ឋាភិបាល ចំពោះបញ្ហាខាងលើនេះ៕