ការផ្លាស់ប្តូរការរស់នៅធ្វើឲ្យមានកំណើនមនុសស្លាប់ច្រើន
ឯកសារស្រាវជ្រាវមួយស្តីអំពី បញ្ហាសុខ ភាពក្នុងតំបន់ប៉ាស៊ីហ្វិក បានព្រមានថាការផ្លាស់ប្តូររបៀបរស់នៅអាចបណ្តាលឲ្យមនុស្សបាត់ បង់ជីវិតកាន់តែច្រើន ដោយសារជំងឺមិនឆ្លង ដូចជាជំងឺទឹកនោមផ្អែម និងបញ្ហាលើសទម្ងន់ហួសកំណត់ ។
ឯក សារស្រាវជ្រាវនេះបានធ្វើឡើងដោយសាកលវិទ្យាល័យជាតិ អូស្ត្រាលី (ANU) ដោយបានវិភាគទៅលើបញ្ហាសុខភាព ក្នុងបណ្តាប្រទេសមួយចំនួន រួមមានប្រទេសប៉ាពូនូវែលហ្គីណេ វ៉ានូអាទូនិង ហ្វ៊ីជី។
លោក សាស្ត្រាចារ្យ Ian Anderson នៃសាកលវិទ្យាល័យ ANU បានឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យមានកំណើនអ្នកស្លាប់នេះ គឺបណ្តាលមកពីមានការកើនឡើងនៃអ្នកកើតជំងឺទឹកនោមផ្អែម និងជំងឺដាច់សសៃឈាមក្នុងខួរក្បាល ដោយមិនមែនមកពីជំងឺកញ្ជ្រឹល ឬជំងឺគ្រុនចាញ់ដូចពីមុនទៀតទេ។
បន្ថែម លើនេះ ការស្រាវជ្រាវក៏បានបង្ហាញថា ក្នុងចំណោមប្រទេសតំបន់ប៉ាស៊ីហ្វិកទាំងអស់ មានមនុស្សពេញវ័យប្រមាណជា ៦០% ដែលមានបញ្ហាលើសទម្ងន់ ។
អ្នកជំនាញខ្លះនិយាយថា បញ្ហាទាំងនេះ គឺបណ្ដាលមកពីកត្តា ៤ យ៉ាង ដែលគេប្រើអក្សរកាត់ថា SNAP គឺការជក់បារី ការទទួលទានអាហារមិនត្រឹមត្រូវតាមស្ដង់ដារជីវជាតិ ការទទួលទានជាតិស្រវឹង និងការមិនធ្វើលំហាត់ប្រាណ៕ (Radio Australia)