លោក ហ៊ុន សែន លោក សមរង្ស៊ី និងលោក កឹម សុខា មិនបានចាប់ដៃ និងមិនជួបគ្នាទេ
ភ្នំពេញ៖ កាលពីម៉ោងជាង ៣ រសៀលនេះ នៅព្រលានយន្តហោះ ក្នុងពេលរង់ចាំព្រះរាជដំណើររបស់ព្រះករុណា ព្រះមហាក្សត្រ លោកសមរង្ស៊ី លោក កឹមសុខា និងសម្តេចហ៊ុនសែន បានចូលក្នុងបន្ទប់រង់ចាំ VIP រួមគ្នា តែគេមិនដឹងថា មេដឹកនាំគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ឆ្លៀតពេលជួបពិភាក្សាបញ្ហានយោបាយជាមួយគ្នា ឬយ៉ាងណាទេ។
ក៏ប៉ុន្តែមុនពេលព្រះរាជដំណើររបស់ព្រះករុណា យាងមកដល់ នៅម៉ោងជាង ៣ រសៀល សម្តេច ហ៊ុន សែន លោកសមរង្ស៊ី និងលោកកឹមសុខា បានចូលក្នុងបន្ទប់ VIP រួមគ្នា។
នៅពេលឈរទទួលព្រះរាជដំណើររបស់ព្រះមហាក្សត្រ នៅព្រលានយន្តហោះ ក្រុមរបស់លោកសមរង្ស៊ី និងលោកកឹមសុខា ក្នុងនាមគណបក្សសង្គ្រោះជាតិ បានឈរនៅម្ខាង ហើយក្រុមមន្ត្រីគណបក្សប្រជាជនកម្ពុជារបស់សម្តេច ហ៊ុន សែន ឈរនៅម្ខាង។
មុនពេល ចាកចេញពីព្រលានយន្តហោះ លោកសមរង្ស៊ី បានបញ្ជាក់ប្រាប់ក្រុមអ្នកកាសែត ថា «នៅក្នុងបន្ទប់ VIP មុននេះ គឺលោក រួមទាំងលោក កឹមសុខា មិនបានជួបសម្តេចហ៊ុនសែនទេ លោក មកព្រលានយន្តហោះពេលនេះ ក្នុងគោលបំណងតែមួយគត់ គឺទទួលព្រះរាជដំណើររបស់ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចម៉ែតែប៉ុណ្ណោះ»៕ Cambodia News