ក្រុមតាលីបង់​​ស្វាគម​​សំណើ​​ចរចា​​សន្តិភាព​​របស់​​រដ្ឋាភិបាល​​ប៉ាគីស្ថាន​​

នៅថ្ងៃចន្ទម្សិលមិញ​នេះ គណបក្ស​នយោបាយ​សំខាន់ៗ​​ នៅប៉ាគីស្ថាន​បាន​​ព្រមព្រៀងគ្នា​សំរេច​អោយ​មាន​ដំណើរការ​ចរចា​ ស្វែងរកសន្តិភាព​ ជាមួយ​ក្រុមឧទ្ទាម​តាលីបង់ ដើម្បី​បញ្ចប់​អំពើ​ភេរវកម្ម​ដែល​បាន​សំលាប់​មនុស្ស​រាប់ពាន់នាក់ ក្នុង​ប្រទេស​តាំងពី​ឆ្នាំ​២០០៧មក។ ក្រុមឧទ្ទាម​អ៊ីស្លាម​តាលីបង់​បាន​សំដែង​ការ​ស្វាគមន៍​ដល់​សំណើចរចា​របស់​ រដ្ឋាភិបាល​ប៉ាគីស្ថាន ហើយបាន​ប្រាប់ថា ក្រុមខ្លួន​នឹង​ប្រជុំគ្នា​ពិភាក្សា​ពី​សំណើ​នេះ នៅរវាង​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​នេះហើយ។ ​

នៅ ​ក្រុង​អ៊ីស្លាម៉ាបាដ ថ្ងៃ​ចន្ទ​ម្សិលមិញ ក្នុង​កិច្ចប្រជុំ​ដែលមានវត្តមាន​ដោយ​នាយករដ្ឋមន្ត្រី​​​ប៉ាគីស្ថាន ណាវ៉ា ស្ហារីហ្វ គណបក្ស​នយោបាយ​ធំៗ​ប៉ាគីស្ថាន បាន​សំរេចកិច្ចព្រមព្រៀង​រួមគ្នា​មួយ​ អោយ​រដ្ឋាភិបាល​​បើកការចរចា​ស្វែងរកសន្តិភាព​ជាមួយ​ក្រុមឧទ្ទាម​តាលីបង់។​ នាយករដ្ឋមន្ត្រី​​ប៉ាគីស្ថាន បាន​ប្រាប់ថា ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ចរចា​ ជាមួយ​ក្រុមឧទ្ទាម ក្នុងទិសដៅ​បិទបញ្ចប់​អំពើហិង្សា​ក្នុង​ប្រទេស។

ស្ហាហ៊ី ឌុលឡា ស្ហាហ៊ីដ អ្នកនាំពាក្យ​ចលនា​​តាលីបង់​នៅប៉ាគីស្ថាន​ បាន​សំដែង​ការស្វាគមន៍​ដល់សេចក្តី​សំរេច​របស់​រដ្ឋាភិបាល​ ហើយ​ប្រាប់ថា នេះជាលើកទីមួយ​ហើយដែល​​រដ្ឋាភិបាល​ហាក់បង្ហាញ​នូវ​ភាព​​ត្រឹមត្រូវ​ហ្មត់ចត់ ក្នុងការចរចា​ ដូច្នេះ ក្នុង​ពីរថ្ងៃ​ខាងមុខ​នេះ ​ក្រុមខ្លួន​នឹង​ពិភាក្សា​គ្នា​ពីសំណើ​របស់​រដ្ឋាភិបាល ពី​​ប្រក្រតិទិន​ និង​​អ្នកដែលត្រូវចូលរួមចរចា។

គួររំលឹកថា ១០ឆ្នាំ​កន្លងមកនេះ ក្រុមតាលីបង់​និង​ទាហាន​ប៉ាគីស្ថាន រឺ​ក៏​អាជ្ញាធរ​ក្នុង​ស្រុក​មួយចំនួន​ បាន​សំរេច​កិច្ចព្រមព្រៀង​សន្តិភាព​ជាច្រើន​រួចមកហើយ តែ​កិច្ចព្រមព្រៀង​ទាំងនោះ​​ត្រូវ​បាន​អនុវត្ត​តែ​ក្នុង​ភូមិសាស្ត្រ​​ដែល​ បាន​កំណត់ទុក​​​ប៉ុណ្ណោះ។ រដ្ឋាភិបាល​ទាមទារ​អោយ​កិច្ចព្រមព្រៀង​គោរព​តាម​គោល ការណ៍​រដ្ឋធម្មនុញ្ញ ផ្ទុយពី​ក្រុមឧទ្ទាម​ដែលទាមទារ​អោយ​មានការ​បង្កើត​ច្បាប់​​អ៊ីស្លាមដ៏តឹងតែង ​​ហៅថា​ ស្ហារីយ៉ា​នោះ នៅក្នុង​ដែនដី​ខ្លួន។ កន្លងមក ក្រុមឧទ្ទាម​បាន​បរិហារ​រិះគន់​រដ្ឋាភិបាល​​ដែល​​បានគាំទ្រ​នយោ បាយ​អាមេរិក។

ដោយឡែក គណបក្ស​នយោបាយ​ប៉ាគីស្ថាន​បាន​សំដែង​ការ​ប្រឆាំង​នឹង​យន្តហោះ​គ្មានមនុស្ស​ បើក​ខុសច្បាប់​​របស់​អាមេរិក ដែល​បាន​វាយប្រហារ​ក្រុមអាល់កៃដា និង​ក្រុមតាលីបង់ នៅ​តំបន់​ភាគពាយព្យ​ប្រទេស តាមបណ្តោយ​ព្រំដែន​ជាមួយ​អាហ្វហ្កានីស្ថាន។​ ក្នុង​ករណីចាំបាច់ គណបក្ស​នយោបាយ​បាន​សុំ អោយ​រដ្ឋាភិបាល​​លើក​យកបញ្ហា​នេះទៅ​​​ប្រាប់អង្គការ​ សហប្រជាជាតិ៕ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close