ពលរដ្ឋបឹងកក់ តវ៉ាទាមទារពន្លឿនសវនាការលើអ្នកស្រីយ៉ោម បុប្ផា
ភ្នំពេញ៖ នៅថ្ងៃទី១០ ខែកញ្ញា នេះ ប្រជាសហគមន៍បឹងកក់ប្រមាណជា៧០នាក់ បានប្រមូលផ្តុំគ្នានៅខាងមុខតុលាការកំពូល ដើម្បីសុំឲ្យស្ថាប័នមួយនេះ ពន្លឿនសវនាការលើសកម្មជនដីធ្លី អ្នកស្រី យ៉ោម បុប្ផា។
ប្រជាសហគមន៍ បានបើកបដា ដែលមានការប្រៀបធៀបពីករណី អតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត និងករណីអ្នកស្រីយ៉ោម បុប្ផា។ អ្នកតវ៉ា អំពាវនាវឲ្យ ដោះលែងអ្នកស្រីយ៉ោម បុប្ផា។អ្នកតវ៉ា ក៏បានលើកទង់ជាតិ ដែលក្នុងនោះ មានទង់សាសនា ទង់ជាតិសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងទង់ជាតិអាស៊ានជាដើម។
កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៣ សាលាឧទ្ធរណ៍ បានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដោយផ្តន្ទាទោសសកម្មជនការពារដីធ្លីនៅតំបន់បឹងកក់ អ្នកស្រី យ៉ោម បុប្ផា ដាក់ពន្ធនាគារបីឆ្នាំ ប៉ុន្តែព្យួរទោស១ឆ្នាំ និងបង្គាប់ឲ្យសងជំងឺចិត្ត ២០លានរៀល ទៅជនរងគ្រោះជាអ្នករត់ម៉ូតូឌុបពីរអ្នក។
សាលាឧទ្ធរណ៍បានប្តូរបទចោទអ្នកស្រី យ៉ោម បុប្ផា ពីបទបង្ករបួសស្នាម ទៅបទផ្តើមគំនិតហិង្សាដោយចេតនាទៅលើអ្នករត់ម៉ូតូឌុបពីរនាក់ តាមមាត្រា២៨នៃក្រមព្រហ្មទណ្ឌថ្មី។ករណីអ្នកសកម្មជនដីធ្លី អង្គការលើកលែងទោសអន្តរជាតិ និងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានអំពាវនាវឲ្យដោះលែងអ្នកស្រីជាបន្ទាន់ និងគ្មានលក្ខខណ្ឌ៕ Cambodia News