ជំងឺគ្រុនឈាមមានការ​កើនឡើងនៅឆ្នាំ២០១២

លោក​វេជ្ជបណ្ឌិត ង៉ាន់ ច័ន្ទ នាយក​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនឈាម ​ បាន​អះអាង​ថា ជំងឺ​គ្រុនឈាម​កើន​ឡើង ៤​ដង​នៅ​ឆ្នាំ​២០១២ បើ​ធៀប​នឹង​ឆ្នាំ​២០១១ ក្នុង​រយៈពេល​ដូច​គ្នា។ ហើយ​​លោក​បានឲ្យដឹង​ថា គិត​មក​ដល់​ចុង​ខែ​ឧសភា ឆ្នាំ​២០១២ ​ មាន​អ្នក​ជំងឺ​គ្រុនឈាម​មក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​រដ្ឋ​ចំនួន ៤.៤៣៤​នាក់ ក្នុង​នោះ​មាន​អ្នក​ស្លាប់ ២១​នាក់។

លោកបាន​​បន្ត​ថា ​​​​ការ​បម្រែបម្រួល​បរិយាកាស ​​កើន​ឡើង​នូវ​សីតុណ្ហភាព​បាន​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ការ​រីក​រាលដាល​ឡើង​វិញ​នៃ​ជំងឺគ្រុន​ឈាម​​​​​​ឲ្យ​កាន់​តែ​កើន​​ឡើង។ មូស​ខ្លា​ដែល​ជា​ភ្នាក់ងារ​ចម្លង​គ្រុន​ឈាម​ បើ​យើង​និយាយ​អំពី​អេកូឡូស៊ី​របស់​វា គឺ​ថា ការ​ខាំ​របស់​វា មាន​ការ​កើន​ឡើង ហើយ​និង​ការ​ពង​របស់​វា ដោយសារ​សីតុណ្ហភាព​អំណោយ​ផល ។

នៅ​ឆ្នាំ​២០១២ ខេត្ត​ដែល​ប្រឈម​ខ្ពស់​នៃ​ជំងឺ​គ្រុនឈាម​មាន​ខេត្ត​កណ្ដាល រាជធានី​ភ្នំពេញ ខេត្ត​បន្ទាយមានជ័យ សៀមរាប កំពង់ចាម កំពង់ស្ពឺ ខេត្ត​តាកែវ ជាដើម។

ក្រសួង​សុខាភិបាល​បាន​ជួយ​ទប់ស្កាត់​បង្ការ​ជំងឺ​គ្រុនឈាម ដោយ​ចែក​ថ្នាំ​អាបេត​ច្រើន​តោន​តាម​មូលដ្ឋាន និង​ចែក​ត្រី​៧​ពណ៌ ឲ្យ​លែង​ក្នុង​ពាង​ទឹក រួម​ទាំង​ផ្សព្វផ្សាយ​ឲ្យ​សម្លាប់​ដង្កូវ​ទឹក និង​ពង​មូស​ ដែល​វា​អាច​កើត​ក្នុង​ថូផ្កា សំបក​កង់​រថយន្ត​ចាស់ៗ កន្លែង​ដាក់​អេតចាយ​ជា​ដើម​៕

Related Articles

Back to top button
Close
Close