យន្តហោះ​​អង្គការ​​អូតង់​​ សម្លាប់​ជនស៊ីវិល​អាហ្វហ្កនីស្ថាន​យ៉ាងហោច​១០នាក់​

កាលពីថ្ងៃសៅរ៍​ចុងសប្តាហ៍​កន្លងទៅ នៅភាគខាងកើត​ប្រទេស​អាហ្វហ្កានីស្ថាន មានជនស៊ីវិល​យ៉ាងហោច​១០នាក់ បាន​ស្លាប់​បាត់បង់ជីវិត​ក្នុង​ការ​វាយប្រហារ​ដោយយន្តហោះ​​គ្មាន​មនុស្សបើក​ ​របស់​​អង្គការ​អូតង់។ យន្តហោះ​អង្គការ​អូតង់​បាន​ធ្វើការ​ ​កំចាត់​​ក្រុមបះបោរ​តាលីបង់​ នៅខេត្ត​គូណា តាមបណ្តោយ​ព្រំដែន​​ជាប់ជាមួយ​ប៉ាគីស្ថាន។

នៅខេត្តគូណា ភាគខាងកើត​អាហ្វហ្កានីស្ថាន ​​យន្តហោះ​គ្មានមនុស្សបើក​របស់​អង្គការ​អូតង់ ដែល​យើងហៅថា យន្តហោះ​ដ្រូននោះ បានវាយប្រហារ​ប៉ះចំ​ទៅលើ​រថយន្ត​មួយគ្រឿង សម្លាប់​ជនស៊ីវិល​យ៉ាងហោច​១០នាក់ កាលពី​ថ្ងៃ​សៅរ៍កន្លងទៅ។ នេះ​បើយោងតាម​​អ្នកទទួលខុសត្រូវ​នានាក្នុង​ស្រុក​ ប្រាប់អោយដឹង​​នៅថ្ងៃ​អាទិត្យ​ទី​៨សីហា​នេះ។ ក្នុង​ចំណោម​ជនរងគ្រោះ មាន​​ស្ត្រី៤នាក់​​ កុមារ​៤នាក់ និង​អ្នកបើកបរ​២នាក់។ ​ក្រុមឧទ្ទាម​ប្រដាប់អាវុធ​៤នាក់ ក៏បាន​បាត់បង់​ជីវិត​ក្នុង​ការវាយប្រហារ​នោះដែរ។ ពួកឧទ្ទាម​ទាំងនេះ ប្រហែលជា​បានឡើង​​លើ​​រថយន្ត​ស៊ីវិលនោះ មុន​ពេលមាន​ហេតុការណ៍​។

លោក ស្ហ៊ូចូល មុល ចាឡាឡា ដែលជា​អភិបាល​ខេត្តនេះ បានប្រាប់ថា មាន​ជនស៊ីវិលស្លាប់​​​យ៉ាងហោច ណាស់​ក៏​១២នាក់ដែរ។ ហើយ​ក្រុមឧទ្ទាម​៤នាក់ ដែលស្ថិត​នៅក្នុង​ក្រុម​អាល់កៃដា ត្រូវ​បាន​សម្លាប់។ ខេត្តគូណា​ នៅតាមព្រំដែន​ជាប់​ជាមួយ​ប៉ាគីស្ថាន ជា​តំបន់​ដែល​សំបូរទៅ​ដោយ​ក្រុមបះបោរ​អ៊ីស្លាម​។

ចំណែក​កងកម្លាំង​អន្តរជាតិ​នៃ​អង្គការ​អូតង់វិញ បាន​ប្រាប់ថា បាន​ប្រើយន្តហោះ​ដ្រូន​វាយប្រហារ​មែន តែ​ការវាយប្រហារ​នោះបាន​សម្លាប់​សត្រូវ​១០នាក់។ ហើយ​អង្គការ​អូតង់​ ក៏​មិន​បាន​ទទួលព័ត៌មានអ្វី​ទាក់ទង​ថា មាន​ជនស៊ីវិលស្លាប់​នោះទេ។

ការទំលាក់​គ្រាប់បែករបស់អង្គការ​អូតង់​​សម្លាប់​ជនស៊ីវិល គឺ​ជាមូលហេតុ​នៃ​កំហឹង​​​របស់​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន​។ កាលពី​ដើមខែ​កុម្ភៈកន្លងទៅ បន្ទាប់​ពី​មាន​ស្ត្រី​និង​កុមារ​១០នាក់ បាន​ស្លាប់​បាត់បង់​ជីវិត នៅក្នុង​ខេត្ត​គូណា​ ដដែល​នេះ ប្រធានាធិបតី​​​ ហាមីឌ កាហ្សៃ បាន​ហាមឃាត់​កងទ័ព​ជាតិ​មិន​អោយ​សុំ​ជំនួយ​​ផ្នែកអាកាស​ពី​អង្គការ​អូតង់​ ដាច់ខាត។

នៅថ្ងៃ​អាទិត្យ​​នេះដែរ នៅ​ខេត្ត​វ៉ារដាក់ ភាគខាងត្បូង​ប្រទេស ក្រុមតាលីបង់​បាន​វាយប្រហារ​ការិយាល័យ​ទី​ភ្នាក់ងារ​ចារកិច្ច​ ធ្វើអោយ​ភ្នាក់ងារ​ចារកិច្ច​យ៉ាងហោច​​៤នាក់ ​ ស្លាប់​ និង​ជនស៊ីវិល​ជាង​១០នាក់​​​នាក់ទៀត​រងរបួស។ យោងតាម​អភិបាលខេត្ត​​ ហេតុការណ៍​នេះ​ ក៏​បាន​សម្លាប់​ជនឧទ្ទាម​៦នាក់​​ផងដែរ៕ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close