គណៈសង្ឃហាមមិនឲ្យព្រះសង្ឃចូលរួម ក្នុងមហាបាតុកម្ម
ភ្នំពេញ៖ គណសង្ឃគណៈមហានិកាយ និងគណៈសង្ឈគណៈធម្មយុត្តិកនិកាយ បានចុះហត្ថលេខាកាលពីថ្ងៃទី ០៥កញ្ញាម្សិលមិញ លើព្រះរាជសង្ឃប្រកាសរួមគ្នាមួយ ដែលហាមមិនឲ្យគ្រប់សង្ឃ សីលវ័ន និងអ្នកសុំសីល មានដូចជា អាចារ្យ តាជី យាយជី និងសូម្បីតែអ្នកដែលស្នាក់នៅក្នុងវត្តទាំងអស់ មិនឲ្យចូលរួមនៅក្នុងមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ដែលគ្រោងនឹងធ្វើនៅថ្ងៃទី ០៧កញ្ញា ស្អែកនេះ។
ការហាមប្រាមនេះក្រោមហេតុផលថា នេះជាវេលាដែលព្រះសង្ឃកំពុងគង់ចាំព្រះវស្សា។ ម្យ៉ាងទៀត ការចូលរួមរបស់ព្រះសង្ឃនៅក្នុងបាតុកម្មនានា គឺជាអំពើខុសនឹងច្បាប់ព្រះពុទ្ធសាសនា។ សម្តេចសង្ឃរាជ ទេព វង្ស នៃគណៈមហានិកាយ បានប្រាប់វិទ្យុបារាំងយ៉ាងខ្លី នៅថ្ងៃនេះថា អ្វីៗគ្រប់យ៉ាងគឺធ្វើទៅតាមច្បាប់សាសនាតែប៉ុណ្ណោះ។
ព្រះសង្ឃ អ៊ុន សម្ភស្ស ដែលគង់នៅវត្តព្រះឥន្ទកោសីយ ក្នុងខេត្តសៀមរាប បានមានប្រតិកម្ម ថា ប្រសិនបើគណសង្ឃយល់ថា ការចូលរួមបាតុកម្មខុសនឹងច្បាប់សាសនា រដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា មិនគួរអនុញ្ញាតឲ្យព្រះសង្ឃចូលរួមក្នុងការបោះឆ្នោតនោះឡើយ។
ព្រោះប្រសិនបើព្រះសង្ឃអាចបោះឆ្នោតបាន មានន័យថា ព្រះសង្ឃក៏មានសិទ្ធជាពលរដ្ឋ ហើយព្រះសង្ឃក៏អាចចូលរួមក្នុងសកម្មភាពនយោបាយ បានផងដែរ។ ព្រះអង្គ បានបន្តថា ការហាមប្រាមបែបនេះ គឺមិនបានសរបញ្ជាក់ពីលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅប្រទេសកម្ពុជា ឡើយ៕ Cambodia News