ការលុបចោលដំណើរបំពេញទស្សនកិច្ចរបស់លោក Aquino នៅពេលមានការតានតឹងរវាងហ្វីលីពីននិងចិន
ទីក្រុងម៉ានីល ហ្វីលីពីន — ការតានតឹងរវាងប្រទេសហ្វីលីពីននិងប្រទេសចិនបន្តរីកកាន់តែធំនៅ សប្តាហ៍នេះ។ ហ្វីលីពីនប្រាប់ឲ្យដឹងថា ដំណើរបំពេញទស្សនកិច្ចដោយប្រធានាធិបតី Benigno Aquino ទៅចូលរួមការតាំងពិព័ណ៌ចិន-អាស៊ានក្នុងទីក្រុង Nanning នៃប្រទេសចិនត្រូវបានដាក់លក្ខខណ្ឌ ប៉ុន្តែចិននិយាយថា ខ្លួនមិនដែលអញ្ជើញប្រធានាធិបតី Aquino ទេ។
ហ្វីលីពីនជាប្រទេសមួយដែលមានកិត្តិយ៌សដែលត្រូវចូលរួមការតាំងពិព័ណ៌ ចិននិងអាស៊ាននៅឆ្នាំនេះ ហើយ យោងទៅតាមមន្ត្រីហ្វីលីពីន ប្រាប់ឲ្យដឹងថា តាមទម្លាប់ ត្រូវបញ្ជូនប្រមុខរដ្ឋដែលមានកិតិ្តយសទៅចូលរួមពិធីនេះ។
លោក Raul Hernandez អ្នកនាំពាក្យក្រសួងការបរទេសហ្វីលីពីន និយាយថា ប្រធានាធិបតី Aquino បានត្រូវគេ អញ្ជើញឲ្យទៅចូលរួមពិធីនោះ ប៉ុន្តែ ដោយមានលក្ខខណ្ឌមួយចំនួនដែលកំណត់ដោយចិន។ លោក បានអានសេចក្តីថ្លែងការណ៍ក្នុងអំឡុងពេលសារព័ត៌មានខ្លីមួយកាលពី ថ្ងៃច័ន្ទក្នុងទីក្រុងម៉ានីល។
«លក្ខខណ្ឌបែបនេះ ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ផលប្រយោជន៍ជាតិរបស់យើង។ ដើម្បីបញ្ចៀសការអាម៉ាសដល់ភាគីចិន យើងនឹងមិនថ្លែងលក្ខខណ្ឌនោះទេ»។
លោក Hernandez និយាយថា ពួកមន្រ្តីការបរទេសចិន បានប្រាប់មន្រ្តីហ្វីលីពីន មិនឲ្យនិយាយអំពីលក្ខខណ្ឌទាំងនេះ ហើយមិនឲ្យមានការពិភាក្សាណាមួយអំពីលក្ខខណ្ឌទាំងនេះនៅកម្រិត ថ្នាក់រដ្ឋមន្រ្តីទេ។
លោក Aquino បានប្រកាសថា លោក នឹងចូលរួម ប៉ុន្តែ មិនដល់មួយថ្ងៃផងបន្ទាប់ពីការប្រកាសរបស់លោកមានដំណឹងមកថាចិន បានសុំឲ្យលោកលុបចោលដំណើរបំពេញទស្សនកិច្ចរបស់លោក។ មន្រ្តីហ្វីលីពីន និយាយថាចិន និយាយថាលោក គួរអញ្ជើញមកក្នុងពេលវេលាសមស្របណាមួយ។ ក្រសួងការបរទេសចិន ប្រាប់ឲ្យដឹងថា ខ្លួនមិនដែលបានអញ្ជើញប្រធានាធិបតីទេហើយ មិនបានផ្តល់សេចក្តីលម្អិតទេ។
ប្រទេសទាំង២ បាននៅជាប់គាំងក្នុងជម្លោះខាងការទូតមួយលើបញ្ហាទឹកដីក្នុង សមុទ្រចិនខាងត្បូងដែលសម្បូរដោយប្រភពធនធានធម្មជាតិ។ ទំនាក់ទំនង មានភាពមិនកក់ក្តៅកាលពីខែមេសាឆ្នាំទៅនៅពេលដែលកប៉ាល់មកពី ប្រទេសទាំង២ប្រឈមមុខដាក់គ្នានៅតំបន់ថ្មប៉ប្រះទឹកជិតឆ្នេរសមុទ្រភាគ ពាយ័ព្យនៃប្រទេសហ្វីលីពីន។ រដ្ឋាភិបាលទីក្រុងម៉ានីល និយាយថា តំបន់ថ្មប៉ប្រះទឹក ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់ខ្លួន ដែលត្រូវបានកំណត់ដោយអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីច្បាប់ សមុទ្រ។
ចិន បានបិទខ្ទប់តំបន់នៅក្បែរថ្មប៉ប្រះទឹកនោះ ដែលខ្លួន បានទាមទារជាផ្នែកមួយនៃកន្លែងនេសាទរបស់ខ្លួន។ ហ្វីលីពីន បានតវ៉ាយូរៗម្តងពីកប៉ាល់ស៊ើបយកការណ៍និងយោធារបស់ចិនក្នុង ផ្ទៃទឹកដែលបានទាមទារជារបស់ខ្លួន។
រដ្ឋាភិបាលទីក្រុងម៉ានីល បានធ្វើការប្រឆាំងរាប់សិបទៀតហើយ កំពុងយករឿងក្តីរបស់ខ្លួនទៅដាក់ពីមុខតុលាការកាត់សេចក្តីរបស់ អង្គការសហប្រជាជាតិ។ រដ្ឋាភិបាលទីក្រុងប៉េកាំង បានច្រានចោលរឿងក្តីនេះ ហើយមិនបានឆ្លើយតបដល់តម្រូវការទៅតាមនីតិវិធីណាមួយទេ។ ជាថ្មីម្តទៀត ចិនបាននិយាយម្តងហើយម្តងទៀតថា ខ្លួន ពេញចិត្តការសន្ទនាមួយទល់នឹងមួយ។
ចិនពោលអះអាងពីការត្រួតត្រាដោយគ្មានជំទាស់លើសមុទ្រចិនខាងត្បូង។ ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី ប្រ៊ុយណេនិងកោះតៃវ៉ាន់ ក៏បានប្រកួតប្រជែងទាមទារសមុទ្រនោះដែរ។
លោក Zhang Hua អ្នកនាំពាក្យស្ថានទូតចិនក្នុងទីក្រុងម៉ានីល មិនបានធ្វើអត្ថាធិប្បាយអំពីអ្វីដែលហៅថា លក្ខខណ្ឌនោះទេ។ ប៉ុន្តែ លោក Zhang បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ចិន ឲ្យតម្លៃពីមិត្តភាពយូរអង្វែងរវាងប្រទេសទាំង២។
«នៅក្រោមកាលៈទេសៈបច្ចុប្បន្ននេះ ចិន សង្ឃឹមថា ភាគីហ្វីលីពីន អាចធ្វើការជាមួយភាគីចិនដើម្បីជម្នះការលំបាកនិងការរំខានហើយនឹង ខិតខំយ៉ាងពិតប្រាកដដើម្បីធ្វើឲ្យទំនាក់ទំនងរវាងចិននិងហ្វីលីពីន ត្រឡប់ទៅកាន់ផ្លូវត្រូវវិញហើយនឹងការអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព មួយ»។
ចិននឹងធ្វើជាម្ចាស់ផ្ទះរៀបចំការពិគ្រោះថ្នាក់ទាបមួយនៅខែ នេះជាមួយសមាជិកទាំង១០ប្រទេសរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។ ពួកគេ នឹងពិភាក្សាក្រមប្រតិបត្តិដែលតម្រូវឲ្យអនុវត្តតាមផ្លូវច្បាប់ស្តី ពីការចាត់ចែងជម្លោះក្នុងសមុទ្រចិនខាងត្បូង។ ហ្វីលីពីននិងវៀតណាម កំពុងជំរុញឲ្យមានការចរចាពេញលេញស្តីពីក្រមប្រតិបត្តិដែលបានស្នើ ដែលបានជាប់រ៉ាំរ៉ៃអស់រយៈពេលជាង១០ឆ្នាំហើយ៕ ប្រែសម្រួលដោយ ជឹង ប៉ូជីន (VOA)