​លោក សម រង្ស៊ី ​ស្វែង​រក​អន្តរាគមន៍​ពី​ព្រះ​មហាក្សត្រ​ ក្នុង​ជម្លោះ​បោះ​ឆ្នោត​

ភ្នំ​ពេញ​៖ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្រ្គោះជាតិ ដែល​ជា​គណបក្ស​ប្រឆាំង​ក្នុង​ប្រទេស​កម្ពុជា កាល​ពី​​ដើម​សប្តាហ៍​នេះ បានផ្ញើ​​លិខិតមួយ​ច្បាប់​ទៅ​ព្រះមហាក្សត្រ ដើម្បី​ស្វែង​រក​អន្តរាគមន៍​ពី​ព្រះអង្គ ឲ្យ​ជួយ​រក​ដំណោះ​ស្រាយ​ចំពោះ​ភាព​មិន​ប្រក្រតី នៃ​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃទី២៨ កក្កដា កន្លង​ទៅ​នោះ។

005-Samraisyលិខិត​ចុះ​ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ​២០១៣ របស់​លោក សម រង្ស៊ី ដែល​ទើបផ្សព្វផ្សាយ​នៅ​ថ្ងៃនេះ​បាន​សរសេរ​ថា ដោយ​ឈរ​លើ​ស្មារតី​រដ្ឋធម្មនុញ្ញ មាត្រា៨ ដែល​បាន​ចែង​ថា «ព្រះមហាក្សត្រ ព្រះអង្គ​ទ្រង់​ជា​និមិត្ត​រូប នៃ​ឯកភាព​ជាតិ និង​និរន្តរភាព​ជាតិ, ព្រះមហាក្សត្រ​ទ្រង់​ជា​អ្នក​ធានា​ឯករាជ្យ​ជាតិ អធិបតេយ្យ​ និង​បូរណភាព​ទឹកដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​ជា​អ្នក​ធានា​ការ​គោរព​សិទ្ធិ និង​សេរីភាព​របស់ប្រជាពលរដ្ឋ និង​​ការ​គោរព​សន្ធិសញ្ញា​អន្តរជាតិ» និង​មាត្រា៩ នៃរដ្ឋធម្មនុញ្ញ ដែល​ក៏​បាន​ចែង​ថា «ព្រះមហាក្សត្រ​ទ្រង់​មាន​តួនាទី​ខ្ពង់​ខ្ពស់ ជាអាជ្ញា​កណ្តាល ដើម្បី​ធានា​ការ​ប្រព្រឹត្ត​ទៅ នៃ​អំណាច​សាធារណៈ​ឲ្យ​មាន​ភាព​ទៀង​ទាត់»។ «អាស្រ័យ​លើ​ស្មារតី​រដ្ឋធម្មនុញ្ញ​នេះ ទូល​ព្រះ​បង្គំ សូម​ព្រះអង្គ​ទ្រង់​ព្រះ​មេត្តា​ជួយ​ធ្វើ​ព្រះ​រាជ​អន្តរាគមន៍ ដើម្បី​រក​ដំណោះ​ស្រាយ​ចំពោះ​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះឆ្នោត ប្រកប​ដោយ​តម្លាភាព និង​យុត្តិធម៌ ដែល​ជា​ការ​ចង់​បាន​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ម្ចាស់​ឆ្នោត»។

ការ​ស្នើ​សុំ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ​របស់​លោក សម រង្ស៊ី នេះ ធ្វើ​ឡើង​រយៈពេល​៥ថ្ងៃ​ប៉ុណ្ណោះ មុន​មហា​បាតុកម្ម​របស់​គណ​បក្ស​សង្រ្គោះជាតិ​ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃទី៧ កញ្ញា ដោយ​វិធី​ស្មិងស្មាធិ៍ ក្នុងការ​ទាមទារ​ឲ្យ​មាន​ការ​បង្កើន​គណៈកម្មការ​ពិសេស​ឯករាជ្យ ធ្វើ​ការ​ស៊ើប​អង្កេត និង​ដោះ​ស្រាយ​ភាពមិន​ប្រក្រតី​ពាក់​ព័ន្ធ​នឹង​ការ​បោះឆ្នោត​ជ្រើស​តាំង​ តំណាង​រាស្រ្ត​នីតិកាល​ទី៥​នោះ៕ Cambodia News

Related Articles

Back to top button
Close
Close