ក្រសួងការងារអំពាវនាវកម្មករកុំឲ្យចូលរួមធ្វើបាតុកម្មនៅថ្ងៃទី៧ កញ្ញា
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជា បានចេញលិខិតមួយ អំពាវនាវឲ្យកម្មករទាំងអស់កុំស្តាប់ការញុះញង់របស់អ្នកនយោបាយ ចូលរួមធ្វើបាតុកម្ម ដោយត្រូវរក្សាភាពនឹងនរ និងបន្តការងាររបស់ខ្លួនជាធម្មតា។
ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីគណបក្សសង្គ្រោះជាតិ បានកំណត់យកថ្ងៃទី៧ ខែកញ្ញា ធ្វើបាតុកម្មអហិង្សានៅទីលានប្រជាធិបតេយ្យ ដែលគេជឿថា កម្មកររោងចក្រអាចជាកម្លាំងចលករមួយចូលរួមក្នុងហ្វូងបាតុកម្មនោះ។
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ស្នើសុំឲ្យកម្មករអត់ធ្មត់ ទុកឲ្យគណបក្សនយោបាយទាំងពីរដែលមានអាសនៈនៅក្នុងរដ្ឋសភា ដោះស្រាយតាមនីតិវិធី និងស្របច្បាប់ជាធរមាន ហើយកម្មករទាំងអស់ត្រូវបន្តបំពេញភារកិច្ចតាមតួនាទីរៀងៗខ្លួន ចៀសវាងការចូលរួមតាមការញុះញង់អូសទាញ និងការឃោសនារបស់អ្នកនយោបាយ ដែលធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ ប៉ះពាល់ដល់ជីវភាពរបស់កម្មករ។
ប្រធានសហជីពការងារកម្ពុជា លោក អាត់ ធន បញ្ជាក់ការសម្រេចចិត្តចូលរួមធ្វើបាតុកម្ម ឬមិនចូលធ្វើបាតុកម្ម ជាសិទ្ធិរបស់កម្មករ។ លោកបន្ថែមថា ពេលវេលានេះ រដ្ឋាភិបាល ឬស្ថាប័នរបស់រដ្ឋ មិនគួរចេញលិខិតហាម ឬរារាំងមិនឲ្យពលរដ្ឋចូលរួមធ្វើបាតុកម្ម ដោយអហិង្សានោះទេ។ ប៉ុន្តែ វិធីដែលបញ្ចៀសបញ្ហាផ្សេងៗ កើតឡើងជាចៃដន្យ ដូចជាការប្រើហិង្សាណាមួយនោះ គឺអ្នកនយោបាយត្រូវដោះស្រាយបញ្ហាដែលសេសសល់ជាមុនសិន។
យ៉ាងណា ប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា លោក សោម អូន បញ្ជាក់ថា កម្មករមិនត្រូវចូលរួមធ្វើបាតុកម្មរបស់គណបក្សប្រឆាំងទេ ព្រោះបាតុកម្មនោះមិនមែនជាបាតុកម្មទាមទារប្រាក់ខែឡើយ ប៉ុន្តែ ជាបាតុកម្មដែលកើតចេញពីអ្នកនយោបាយ ដែលចង់កេងចំណេញអ្វីមួយ។
លោក សោម អូន គាំទ្រទាំងស្រុងចំពោះលិខិតអំពាវនាវរបស់ក្រសួងការងារ ដោយបញ្ជាក់ថា ប្រសិនកម្មករចាកចេញពីរោងចក្រទៅចូលរួមធ្វើបាតុកម្មនោះ អាចប៉ះពាល់នឹងសន្តិសុខការងាររបស់កម្មករ៕ Cambodia News