អតីត​ប្រធានាធិបតី​ប៉ាគីស្ថាន​Pervez​ Musharraf​ រង​ការ​​ចោទ​ប្រកាន់​​ថ្មីៗ​​ទៀត​ ពីបទ​មនុស្សឃាត​

នៅថ្ងៃ​ចន្ទ​នេះ ប៉ូលិស​ប៉ាគីស្ថាន​បាន​​ដាក់​ពាក្យ​បណ្តឹង​ថ្មី​មួយ​ទៀតទៅតុលាការ​ ដើម្បី​ ​ចោទប្រកាន់​លោក Pervez Musharraf ​ អតីត​ប្រធានាធិបតី​ប៉ាគីស្ថាន ពី​បទ​​ឃាតកម្ម​សម្លាប់​​អ៊ីម៉ាំ​ដឹកនាំ​ការសូត្រធម៌​មួយរូប ​​នៅ​​វិហារ​ ក្រហមក្រុងអ៊ីស្លាម៉ាបាដ​។ គួរ​រំលឹក​ថា កាលពី​​៦ឆ្នាំ​​មុន​ វិហារ​ក្រហម​​​ក្រុង​អ៊ីស្លាម៉ាបាដ​ គឺ​ជា​​ទីកន្លែង​​ដែល​ទាហាន​​ធ្លាប់​​បាន​​ធ្វើ​​ការ​​វាយលុក​​បង្ហូរឈាម។​ នេះ​ជា​នីតិ​វិធីថ្មី​មួយ​ក្នុង​ចំណោម​នីតិវិធី​ចុងក្រោយ​នានា ប្រឆាំង​នឹង​​លោក​ Musharraf តាំងតែ​ពី​លោក​បាន​ត្រលប់​​ចូលប៉ាគីស្ថាន​​វិញ នៅ​ខែ​មិនា​ដើមឆ្នាំ បន្ទាប់​ពី​បាន​ភៀសខ្លួន​ ទៅ​ក្រៅប្រទេស​អស់​​៥ឆ្នាំ​មក។

នៅ​ក្នុង​​ការចោទប្រកាន់​​ថ្មី​​​នេះ អ្នកដឹកនាំ​ការសូត្រធម៌​មួយរូប​នៃ​វិហារ​ក្រហម​ នៅ​ប៉ាគីស្ថាន ឈ្មោះ អាប់ ឌុល រ៉ាស្ហ៊ីត ហ្កាស៊ី គឺ​ជា​ជនរងគ្រោះ​មួយរូប​​ក្នុង​ចំណោម​ជនរងគ្រោះ​​​ជាង​មួយរយ​នាក់ ដែល​​បាន​ស្លាប់​ កាលពី​ថ្ងៃ​​១០កក្កដា ឆ្នាំ​២០០៧ នៅ​ក្នុង​ការ​ឡោមព័ទ្ធ​ និង​ការ​វាយលុក​ពីសំណាក់​​កងទ័ព​​ប៉ាគីស្ថាន នៅ​ក្រុង​អ៊ីស្លាម៉ាបាដ។ វិហារ​ក្រហម​នេះ ជា​ទីកន្លែង​ដែល​អ្នកកាន់សាសនា​អ៊ីស្លាម​នានា បាន​ទាមទារ​សុំ​អោយ​​បង្កើត​ច្បាប់​អ៊ីស្លាម​ ដែល​ហៅ​ថា Charia នោះ នៅក្នុង​ប្រទេស និងទាមទារ​​អោយ​រដ្ឋាភិបាល​លោក មូស្ហារ៉ាហ្វ ចុះចេញ​ពី​អំណាច។

បន្ទាប់​ពី​​ ហេតុការណ៍​នោះ​មក ក្រុមឧទ្ទាម​តាលីបង់​នៅ​ប៉ាគីស្ថាន​បាន​បង្ក​​អំពើភេរវកម្ម​ជាច្រើន​ដែល​មិន ​ធ្លាប់​មាន​ពីមុន​មក នៅ​គ្រប់​ទីកន្លែង​ក្នុង​ប្រទេស​ សម្លាប់​មនុស្ស​អស់​​រាប់​ពាន់នាក់។ ប៉ូលិស​ប៉ាគីស្ថាន​មានការ​ញញើត​ មិនហ៊ាន​ធ្វើ​បណ្តឹង​ប្រឆាំង​លោក មូស្ហារ៉ាហ្វ ដោយ​សារ​តែ​សំណុំរឿង​នេះ គឺ​ជា​ប្រធានបទដ៏​ក្តៅគគុក។ ប៉ុន្តែ​ កូនប្រុស​អ៊ីម៉ាំ​អ្នកសូត្រធម៌​​ បាន​​ជំរុញ​​តុលាការ​កំពូល​ក្រុង​អ៊ីស្លាម៉ាបាដ អោយ​បង្ខំ​ប៉ូលិស​អោយ​​សំរេច​កិច្ចការ​នេះ។ នៅ​ថ្ងៃ​ចន្ទនេះ ប៉ូលិស​បាន​បញ្ជាក់​ថា​ បាន​ដាក់​ពាក្យបណ្តឹង​ចោទប្រកាន់​អតីតប្រធានាធិបតី​​​ពី​បទ​ឃាតកម្ម​​លើ​ អ្នកសូត្រធម៌​ ហ្កាស៊ី​ នេះហើយ។

អតីតប្រធានាធិបតី​ Pervez Musharraf ធ្លាប់​កាន់អំណាច​នៅប៉ាគីស្ថាន ពី​ឆ្នាំ​១៩៩៩ ដល់​ឆ្នាំ​២០០៨ កំពុង​ស្ថិត​នៅក្រោម​ការ​​​​​ស៊ើបអង្កេត​ ​ពីបទ​ធ្លាប់​​​ដាក់​ប្រទេស​ក្រោម​ការ​​ប្រកាស​អាសន្ន កាលពី​ឆ្នាំ​២០០៧ និង​ពី​បទ​សម្លាប់​មេដឹកនាំ​ក្រុមឧទ្ទាម​មួយរូប​ នៅ​ខេត្ត​បាលូតឈីស្តង់។ ​​កាលពី​ខែ​កក្កដា កន្លង​ទៅ​​ តុលាការ​បាន​ដាក់​ពិរុទ្ធ​លោក Musharraf ​​ពី​បទ​ធ្វើឃាត​អតីត​នាយករដ្ឋមន្ត្រី​ ​បេណាស៊ៀរ ប៊ុតតូ៕ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close