ក្រុមយុវជនធ្វើពិធីបួងសួងសុំសន្តិភាពនៅវត្តភ្នំ
ភ្នំពេញ៖ តំណាងក្រុមយុវជន ឈ្មោះ រ័ត្ន ចាន់ដានី អំពាវនាវក្នុងពិធីនោះ ដោយទទូចសុំឲ្យគណបក្សនយោបាយទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដោះស្រាយបញ្ហាភាពមិនប្រក្រតីនៃការបោះឆ្នោតដោយតម្លាភាព យុត្តិធម៌ និងបញ្ជៀសការប្រើអំពើហិង្សារវាងខ្មែរនិងខ្មែរ។

គម្រោងរៀបចំពិធីគឺធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលបានចល័តទ័ព រថក្រោះ រថពាសដែក និងដាក់បន្លាលួស ក្នុងទីតាំងមួយចំនួនចូលមកក្រុងភ្នំពេញ ដែលគេជឿថាដើម្បីត្រៀមបង្ក្រាបក្រុមបាតុករដែលប្រុងធ្វើ បាតុកម្មប្រឆាំងនឹងលទ្ធផលបោះឆ្នោត។
ពិធីបួងសួងសុំសន្តិភាពរបស់ក្រុមយុវជនលើកដំបូងនេះ ក្រុមយុវជនក៏មានបំណងប្រមូលស្នាមមេដៃប្រមាណជាង ១០០ ដើម្បីដាក់ភ្ជាប់ជាមួយញត្តិទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃច័ន្ទ ទី២ ខែកញ្ញា ស្នើសុំឲ្យតុលាការដកបទចោទប្រកាន់ទាំងស្រុង ទៅលើយុវជនបួនរូប ក្នុងនោះមានយុវជនដើម្បីសន្តិភាពចំនួន ២នាក់ គឺលោក ទត់ ចាន់បញ្ញា និងកញ្ញា សុខ ដាលីស ដែលអាជ្ញាធរបានចាប់កាលពីថ្ងៃទី១៥ ខែសីហា ដោយចោទពីបទញុះញង់ឲ្យមានហិង្សាប្រដាប់អាវុធផ្តួលរំលំ រាជរដ្ឋាភិបាល៕ នាង/Cambodia News