សម្តេចប៉ាបអំពាវនាវឲ្យពិភពលោកបន់ស្រន់នៅថ្ងៃទី៧ កញ្ញា ដើម្បីសន្តិភាពនៅស៊ីរី
នៅថ្ងៃអាទិត្យ ទី១ កញ្ញា សម្តេចសង្ឃកាតូលិក François បានអំពាវនាវឲ្យប្រជាជននៅទូទំាងពិភពលោកចូលរួមតមអាហារនៅថ្ងៃទី៧ កញ្ញាដើម្បីសន្តិភាពនៅក្នុងប្រទេសស៊ីរី។ ការអំពាវនាវរបស់សម្តេចប៉ាប François បានធ្វើឡើង ដោយយកគំរូតាមសម្តេចប៉ាប Jean-Paul ទី២ នៅក្រោយមហាភេរវកម្មថ្ងៃទី១១ កញ្ញា ឆ្នំា ២០០១ នៅសហរដ្ឋអាមេរិក។
ថ្ងៃទី៧ កញ្ញាដែលសម្តេចប៉ាប François បានចាត់ទុកជាថ្ងៃបន់ស្រន់ និងតមអាហារដើម្បីសន្តិភាពនៅស៊ីរី ត្រូវបានសម្តេចប៉ាបអំពាវនាវឲ្យមានការចូលរួមពីប្រជាជនគ្រប់ស្រទាប់ វណ្ណៈទំាងអស់នៅទូទំាងពិភព លោក ដោយមិនប្រកាន់អ្នកកាន់សាសនាណាមួយទេ។ នៅក្នុងសារអំពាវនាវនោះដដែល ប្រមុខ សង្ឃកាតូលិកក៏បានថ្កោលទោសចំពោះការប្រើអាវុធគីមីសម្លាប់ ជនស៊ីវិល ព្រមទំាងប្រឆំាងដាច់ខាតចំពោះអន្តរាគមន៍យោធាលើប្រទេសស៊ីរី។
« សម្លេងដែលទំាងអស់គ្នាត្រូវស្រែកនៅពេលនេះ គឺសម្លេងសន្តិភាព គឺមិនមែនសម្លេងសង្រ្គាមទេ » នេះជាការបញ្ជាក់របស់សម្តេចប៉ាប François ដោយព្រះអង្គយកតាមគំរូឃ្លាឃ្លោងរបស់សម្តេចប៉ាប Paul ទី៦ ដែលបានថ្លែងនៅវេទិកាអង្គការសហប្រជាជាតិក្នុងឆ្នំា ១៩៦៤ ចំពេលសង្រ្គាមវៀតណាម។
ដោយមិនបានប្រកាសចំៗពីអ្នកទទួលខុសត្រូវនៅក្នុងការប្រើអាវុធគីមី នៅស៊ីរីកាលពីថ្ងៃទី២១ សីហា សម្តេចប៉ាបបានមានព្រះបន្ទូលថា នឹងមានការកាត់ទោសពីព្រះជាម្ចាស់ និងពីប្រវត្តិសាស្រ្តលើទង្វើដែលមនុស្សម្នាក់ៗបានធ្វើ និងដែលគ្មាននរណាម្នាក់អាចគេចផុតបានឡើយ។ ទន្ទឹមគ្នានេះ សម្តេចប៉ាប François ក៏បានជម្រុញឲ្យភាគីជម្លោះនីមួយៗនៅស៊ីរីផ្តើមកិច្ចចរចាដោយ សន្តិវិធី និងចៀសវាងការប្រឈមមុខគ្នាយ៉ាងងងឹតងងល់។
សារអំពាវនាវស្រដៀងគ្នានេះក៏ត្រូវបានសម្តេចប៉ាបបញ្ជូនទៅកាន់ សហគមន៍អន្តរជាតិដែរ ដោយព្រះអង្គបានជម្រុញឲ្យភាគីពាក់ព័ន្ធប្រឹងប្រែងដោះស្រាយបញ្ហាដោយ ឈរលើមូលដ្ឋាននៃកិច្ចសន្ទនាដើម្បីសន្តិ ភាពនៅស៊ីរី។ យោងតាមសម្តេចប៉ាប មិនមែនការប្រើអំពើហិង្សាទេដែលនំាឲ្យមានសន្តិភាពនោះ សង្រ្គាមស្រែកហៅសង្គ្រាម អំពើហិង្សាស្រែកហៅអំពើហិង្សា។
គួរបញ្ជាក់ជូនថា សារអំពាវនាវរបស់សម្តេចប៉ាប François ឲ្យមានការបន់ស្រន់ និងតមអាហារនៅថ្ងៃទី៧ កញ្ញាដើម្បីសន្តិភាពនៅស៊ីរីបានធ្វើឡើង ២ថ្ងៃមុនការចូលបវេសនកាលរបស់សភាអាមេរិកនៅថ្ងៃទី៩ កញ្ញា។ សភាអាមេរិកដែលនឹងត្រូវពិនិត្យ និងអនុម័តសំណើរបស់លោកប្រធានាធិបតីអាមេរិក អូបាម៉ាដែលសុំប្រើកម្លំាងទ័ពវាយប្រហារប្រទេសស៊ីរី៕ដោយ គួច គន្ធារ៉ា(RFI)