សង្គ្រោះជាតិអះអាងថា ក្រុមព្រឹក្សាធម្មនុញ្ញមិនបានធ្វើការពេញលេញទៅតាមនីតិវិធី
ភ្នំពេញ៖ បន្ទាប់ពីបានធ្វើការបើកនូវកញ្ចប់សុវត្ថិភាព (ក) ក្រុងបាត់ដំបងចំនួន៨ការិយាល័យ នៅទីស្នាក់ការ គជប នាព្រឹកថ្ងៃទី ២៨នេះ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិបាននិយាយជាសារធារណៈទៅកាន់ អ្នកកាសែតថាក្រុមព្រឹក្សាធម្មនុញ្ញមិនបានធ្វើទៅតាមនីតិវិធី ដោយសារមិនបាន អនុញ្ញាតឲ្យអាននូវសន្លឹកឆ្នោតបូកសរុប និងសន្លឹកឆ្នោតខូច។
បើតាមសម្ដីរបស់ឯកឧត្តម គួយ ប៊ុនរឿន ដែលជាតំណាងរាស្រ្តខេត្តកណ្ដាលរបស់បក្សសង្គ្រោះជាតិបានឲ្យដឹងថា ក្រុមព្រឹក្សាធម្មនុញ្ញធ្វើការអត់ពេញលេញ ព្រោះអ្វីដែលអនុញ្ញាតិឲ្យ គជប ធ្វើការផ្ទៀងផ្ទាត់លទ្ធផលនេះទៅតាមទម្រង់ ១១០២ ហើយ១១០២ហ្នឹង មិនមែនគ្រាន់តែមាន តួលេខបានការ របស់បក្សនយោបាយទេ វាមានទាំងលេខសន្លឹកឆ្នោតដែលបានប្រើប្រាស់ក្នុងការិយាល័យបោះឆ្នោត និងតួលេខចំនួនដែលមានក្នុងហិប តួលេខសន្លឹកឆ្នោតដែលបានការនិង មិនបានការ របស់គណបក្សនីមួយៗ និងតួលេខសរុបផងដែរ។
លោក គួយ ប៊ុនរឿនដែលជាមន្រ្តីជាន់ខ្ពស់បក្សសង្រ្គោះជាតិបានបន្តថា « បើសិនមិនអនុញ្ញាតឲ្យរបៀបនេះខ្ញុំយល់ឃើញថាមានអ្វីជាអាថកំបាំង ព្រោះតួលេខដែលខ្ញុំបានបូកសរុប តួលេខដែលខ្ញុំបានទទួលជាមួយតួលេខដែលមាននៅក្នុង ១១០២ ដែល គជប បានបង្ហាញមានលក្ខណខុសគ្នា ទាំងតួលេខ ទាំងសន្លឹកឆ្នោតមិនបានការ។»
លោក ប៊ុនរឿង បានបន្ថែមថា លោកបានធ្វើការស្នើរសុំឲ្យបង្ហាញឲ្យបានលឺដល់មតិជាតិនិងអន្តរជាតិហើយលោកនឹងបង្ហាញឯកសារដែលមានភាពខុសគ្នា។
បើតាមសម្ដីរបស់ ឯកឧត្តម អ៊ុត ឈន ដែលជាសមាជិកក្រុមព្រឹក្សាធម្មនុញ្ញបាន ឲ្យដឹងថាវាជាការបញ្ចប់នូវការងាររបស់ក្រុមព្រឹក្សាធម្មនុញ្ញ ហើយក្នុងការបើកកញ្ចប់សុវត្តិភាព និងធ្វើការផ្ទៀងផ្ទាត់នូវទម្រង់ក្នុងកញ្ចប់(ក)។ ហើយចំពោះបញ្ហាខុសគ្នាឬមិនខុសគ្នាកន្លែងនោះក្រុមព្រឹក្សាធម្មនុញ្ញ នឹងអនុវត្តទៅតាមនីតិវិធីតុលាកា គេយកកិច្ចការទាំងនោះទៅពិនិត្យ ពិចារណមើលហើយគេនឹង សម្រេចតាមរូបភាពតុលាការ និងច្បាប់ដែលតុលាការបានកំណត់។
យ៉ាងណាក៏ដោយក៏បក្សសង្រ្គោះជាតិនៅតែទទួច ក្រុមព្រឹក្សាធម្មនុញ្ញឲ្យធ្វើការបង្កើតនូវគណ កម្មការចំរុះឯករាជ្យពិតប្រាកដមួយដើម្បីធ្វើការផ្ទៀងផ្ទាត់ប្រាប់ទៅមហាជន ទាំងជាតិនិង អន្តរជាតិឲ្យបានដឹងនិងជឿជាក់ថាការបោះឆ្នោត នេះពិតជាប្រព្រឹត្តទៅដោយរលូន និងយុត្តិធម៌ពិតមែន៕ បេឡា/Cambodia News