បក្សសង្គ្រោះជាតិធ្វើសន្និសីទ ជុំវិញការធ្វើមហាបាតុកម្ម
ភ្នំពេញ ៖ ប្រសិនបើមិនមានការចរចាណាមួយដែលគណបក្សសង្គ្រោះជាតិ និងប្រជាពលរដ្ឋទទួលយកបាននោះ ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានប្រកាសធ្វើមហាបាតុកម្មអហិង្សានៅថ្ងៃទី៧ កញ្ញា ២០១៣ ខាងមុខនេះ។
ការប្រកាសរបស់មេដឹកនាំគណបក្សប្រឆាំងនេះ បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានមួយដោយអវត្ដមានលោក កឹម សុខា ដែលជាអនុប្រធាន កាលពីព្រឹកថ្ងៃទី២៩ សីហា តាមការគ្រោងទុកនៅស្នាក់ការគណបក្សសង្គ្រោះជាតិ ដែលមានទីតាំងស្ថិតនៅចាក់អង្រែលើ ខណ្ឌមានជ័យ ។
លោក សម រង្ស៊ី បញ្ជាក់ថា «ការធ្វើបាតុកម្មនៅថ្ងៃទី៧ កញ្ញា ខាងមុខនេះជាជម្រើសចុងក្រោយរបស់គណបក្សសង្គ្រោះជាតិ តែលោកបានប្រលយថា បើយើងចៀសវាងបាន យើងនឹងចៀសវាង ។ ការចៀសវាងនោះលុះត្រាតែចាប់ផ្ដើមចរចាគ្នាជាមួយគណបក្សប្រជាជន កម្ពុជា ក្នុងការបង្កើតគណៈកម្មការឯករាជ្យមួយ ។
ការចរចាគ្នាដើម្បីរកដំណោះស្រាយណាមួយ ដែលភាគីសងខាងអាចទទួលយកបាន ។ ប៉ុន្ដែបើគណបក្សប្រជាជនកម្ពុជា នៅតែធ្វើតាមការកំណត់របស់ក្រុមប្រឹក្សាធម្មនុញ្ញ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនោះ គណបក្សសង្គ្រោះជាតិនឹងធ្វើបាតុកម្មដូចអ្វីដែលបានគ្រោងទុក ។
លោក សម រង្ស៊ី បានបង្ហាញពីការធ្វើបាតុកម្មថា លោកនឹងយកគំរូតាមប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ ហើយបាតុកម្មដែលយើងធ្វើគឺចង់ឱ្យមានដំណោះស្រាយមួយចាំបាច់ នឹងរកដំណោះស្រាយក្នុងការស្វែងរកការពិតមួយដែលម្ចាស់ឆ្នោត ចង់បាន មិនមែនធ្វើបាតុកម្មផ្ដួលរំលំរដ្ឋាភិបាលនោះទេ៕ នាង/Cambodia News